ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​២៤​នាក់​ស្លាប់​ក្នុង​អគ្គិភ័យ​ឆេះ​ស្ទូ​ឌី​យោ​គំនូរជីវចល​នៅ​ប្រទេស ជប៉ុន

ការវាយប្រហារ​សង្ស័យ​ជាការ​លួច​ដុត​លើ​ក្រុមហ៊ុន​ផលិតភាព​យន្ត​គំនូរជីវចល​មួយ​នៅក្នុង​ទីក្រុង​ក្យូ​តូ​នៃ​ប្រទេស​ជប៉ុន​បានសម្លាប់​មនុស្ស​យ៉ាងតិច​២៤​នាក់​និង​រងរបួស​រាប់សិប​នាក់​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​ប៉ូលិស​បាន​និយាយថា អគ្គិភ័យ​ដ៏​កាច​សាហាវ​ហាក់ដូចជា​បង្កឡើង​ដោយ​ចេតនា​ប៉ុន្តែ​មិនទាន់មាន​ព័ត៌មាន​ភ្លាមៗ​ស្តីពី​មូលហេតុ​ដែល​នាំ​ឲ្យ​រឿងនេះ​កើតឡើង​នៅឡើយ​ទេ​។​

​មានការ​ភ័យខ្លាច​ថា ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​បន្ថែមទៀត​ខណៈ​ក្រុមមន្ត្រី​និយាយថា ពួកគេ​ជឿថា​មាន​មនុស្ស​ជាច្រើន​នាក់​ទៀត​ដែល​មិនអាច​គេច​ចេញពី​អគ្គិភ័យ​នេះ​បាន​។​

​មន្ដ្រី​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​បាន​ប្រាប់ AFP ថា “​មនុស្ស​ចំនួន​១២​នាក់​បាន​ថប់ដង្ហើម​និង​គាំងបេះដូង​នៅ​ជាន់​ផ្ទាល់​ដី​និង​ជាន់​ទីមួយ​”​។ ក្រុមមន្ត្រី​បានបញ្ជាក់​ពី​ការស្លាប់​មនុស្ស​ម្នាក់​នៅពេល​អគ្គិភ័យ​នេះ​ចាប់ផ្តើម​ភ្លាមៗ​ហើយ​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​ហាក់ដូចជា​មិនអាច​រត់គេចខ្លួន​បានទេ​នៅ​ជាន់​ទី​២​។​

​ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​៣៥​នាក់​បាន​រងរបួស​នៅក្នុង​អគ្គិភ័យ​នេះ​ដែល​ក្នុងនោះ​មាន​១០​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា មាន​មនុស្ស​ប្រហែល​៧០​នាក់​ត្រូវបាន​គេ​ជឿថា​ស្ថិតនៅ​ខាងក្នុង​អគារ​នៅពេល​អគ្គិភ័យ​ផ្ទុះឡើង​។​

​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​បាន​និយាយថា ខ្លួន​បានទទួល​ការហៅ​ទូរស័ព្ទ​នៅ​ម៉ោង​ប្រហែល​១០​និង​៣៥​នាទី​ព្រឹក​អំពី​អគ្គិភ័យ​នៅក្នុង​ស្ទូ​ឌី​យោ​ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Kyoto Animation ។​

​ប៉ូលិស​និយាយថា ពួកគេ​កំពុង​ស៊ើបអង្កេត​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​ប៉ុន្តែ​បាន​លើកឡើងថា ខ្លួន​សង្ស័យថា​វា​ជាការ​លួច​ដុត​។​

​ទូរទស្សន៍ NHK បាន​រាយការណ៍​ថា បុរស​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ជុំវិញ​ការជាប់​ពាក់ព័ន្ធ​ជាមួយនឹង​គ្រោះ​អគ្គិភ័យ​នេះហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114