ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Anwar និយាយថា លោក​មានការ​គាំទ្រ​ដើម្បី​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ ចំពេល​រឿងអាស្រូវ​កំពុង​អង្រួន​ប្រទេស​ម៉ាឡេស៊ី

លោក Anwar Ibrahim ដែល​ជាប់ពន្ធនាគារ​ពីរដង​មកហើយ​សម្រាប់​បទចោទប្រកាន់​រួមភេទ​ជាមួយ​បុរស​ដូចគ្នា​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​មានការ​គាំទ្រ​ចាំបាច់​ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី​និង​បាន​ច្រានចោល​ការអំពាវនាវរ​បស់​គូប្រជែង​ដែល​ឲ្យ​លោក​លាលែង​ដោយសារតែ​រឿងអាស្រូវ​ផ្លូវភេទ​ថ្មី​មួយ​។​

​ការ​បកអាក្រាត​អំពី​ការបែកបាក់​នៅក្នុង​គណ​បក្ស People’s Justice Party (PKR) របស់លោក Anwar បាន​កើតឡើង​បន្ទាប់ពី​វីដេអូ​ជាច្រើន​ដែល​ត្រូវបាន​ចែកចាយ​ក្នុងចំណោម​អ្នកនយោបាយ​និង​អ្នកកាសែត​កាលពី​ខែមិថុនា​បានបង្ហាញ​ពី​រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច​លោក Azmin Ali និង​បុរស​ម្នាក់ទៀត​បានរួម​ភេទ​ជាមួយគ្នា​។​

​ការ​រួមភេទ​ជាមួយ​មនុស្ស​ភេទ​ដូចគ្នា​គឺជា​អំពើ​ខុសច្បាប់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ហើយនឹង​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​និង​វាយ​នឹង​រំពាត់​។​

​លោក Azmin ដែលជា​អនុប្រធាន​គណបក្ស PKR និង​ត្រូវបាន​គេ​មើលឃើញថា​មាន​ភាពជិតស្និទ្ធ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី Mahathir Mohamad បាន​និយាយថា លោក​មិន​ស្ថិតនៅក្នុង​វីដេអូ​នោះទេ​ដោយ​លោក​ហៅ​វីដេអូ​នោះ​ថា​ជា “​ផែនការ​អាក្រក់​” ដើម្បី​បញ្ចប់​អាជីព​របស់លោក​។​

​លោក Anwar ក៏បាន​បដិសេធ​ផងដែរ​ចំពោះ​របាយការណ៍​ព័ត៌មាន​ដែលថា លោក​បាន​អំពាវនាវ​ឲ្យ​លោក Azmin លាលែង​ពី​តំណែង​ប្រសិនបើ​វីដេអូ​ទាំងនេះ​ត្រូវបាន​គេ​បញ្ជាក់ថា​ពិតប្រាកដ​មែន​នោះ​។​

​លោក Anwar បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅក្នុង​សភា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​ចំពោះ​បញ្ហា​នៃ​វីដេអូ​សិច ចាប់តាំងពី​ដើម​មក​យើង​បាន​សម្តែង​ការ​ស្អប់ខ្ពើម​យ៉ាងខ្លាំង​”​។​

​ទន្ទឹម​នោះដែរ លោក Anwar បាន​ច្រានចោល​ចំពោះ​ការលើកឡើង​អំពី​ការ​ប្រជែង​ពី​លោក Azmin សម្រាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​។​

​លោក​បាន​លើកឡើងថា “​ខ្ញុំ​មាន​តួលេខ​ហើយ​ខ្ញុំ​មានការ​គាំទ្រ​ពី​ក្រុមចម្រុះ Pakatan Harapan ដែល​កំពុងកាន់​អំណាច​និង​ពី​នាយករដ្ឋមន្ត្រី​។ វា​មិន​យុត្តិធម៌​ទេ​សម្រាប់​ខ្ញុំ​ឬ​លោក Azmin ដែល​រង​ការចោទប្រកាន់​បែបនេះ​”៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114