ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​-​វៀតណាម រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នយោបាយ​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ពិនិត្យ​ឡើង​វិញ វាយតម្លៃ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​គ្រប់​វិស័យ

ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ បាន​រៀប​ចំ “​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​កម្ពុជា​-​វៀតណាម​” លើក​ទី​៦ ដែល​ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោកស្រី អ៊ិត សោភា រដ្ឋលេខាធិការ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ហើយ​ភាគី​វៀតណាម ដឹកនាំ​ដោយ​លោក ង្វៀន គួ​ក​យុង (Nguyen Quoc Dung) អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម ដែល​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​នៅ​សាលប្រជុំ នៃ​ទីស្តីការ​ក្រសួងការបរទេស​កម្ពុជា រាជធានី​ភ្នំពេញ​ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​យ៉ាងច្រើន​។

តាម​ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​នេះ រៀបចំឡើង​ផ្អែកលើ “​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​” ដែល​បាន​ចុះហត្ថលេខា កាលពី​ឆ្នាំ​២០០១ ក្នុង​គោលបំណង​ពិនិត្យ​ឡើងវិញ វាយតម្លៃ និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​គ្រប់​វិស័យ​។

កម្ពុជា​-​វៀតណាម មាន​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព​ដ៏​យូរអង្វែង និង​ជា​ប្រវត្តិសាស្ត្រ ដែល​បច្ចុប្បន្នកំពុង​ត្រូវ​បាន​បន្ត​ពូន​ជ្រុំ​ដោយ​ឈរលើ​មូលដ្ឋាន​បាវចនា “​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​រឹងមាំ​យូរអង្វែង​”​។ ជា​មួយនឹង​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​នៅ​គ្រប់​កម្រិត និង​ការជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​យ៉ាងសកម្ម​។ ដោយឡែក​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​កម្ពុជា វៀតណាម លើក​ទី​៦ នា​ពេល​នេះ នឹង​លើកកម្ពស់​ថែមទៀត សម្រាប់​ទំនាក់ទំនង​មិត្តភាព ស្មារតី​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ ដ៏​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​ពហុភាគី​។

របៀបវារៈ​នៃ​កិច្ចប្រជុំ​ខាងលើ​រួមមាន ការពិភាក្សា និង​វាយតម្លៃ​រួមគ្នា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​សំខាន់ៗ ដូចជា នយោបាយ សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម​និង​វិនិយោគ ការអប់រំ និង​អភិវឌ្ឍ​ធនធានមនុស្ស ទេសចរណ៍ វប្បធម៌ ការងារ ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​រចនាសម្ព័ន្ធ ស្ថាប័ន និង​វិស័យ​សុខាភិបាល និង​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​នានា សំដៅ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី ឲ្យ​ឈានឆ្ពោះ​ឡើង​កម្រិត​ថ្មី​មួយទៀត​។ ព្រម​ជា​មួយ​គ្នា​នេះដែរ ភាគី​ទាំងពីរ ក៏​នឹង​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលមាន​ការយកចិត្ត​ទុកដាក់​រួម​។

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ក៏​នឹង​ពិភាក្សា​ផងដែរ អំពី​ការត្រៀម​លក្ខណៈ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៧ ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដឹកនាំ​ដោយ​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំងពីរ ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​កម្ពុជា​ក្នុង​ខែសីហា ឆ្នាំ​២០១៩ ខាងមុខ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114