ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​អាវុធហត្ថ​ខេត្តរតនគិរី ​បាន​ចុះ​បង្ក្រាប​រថយន្ត​ដឹក​ឈើ​ប្រណីត​លួចលាក់​ជា​លើក​ទី​២ ហើយ​បាន​ដុតបំផ្លាញ​ចោល

រតនគិរី ​៖ កម្លាំង​អាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ​ ធ្វើការ​ទប់ស្កាត់​និង​បង្ក្រាប​រថយន្ត​ឡង់​គ្រី​ស័​រ​មួយ​គ្រឿង​លួចលាក់​ដឹក​បទល្មើស​ធនធានធម្មជាតិ​ព្រៃឈើ​ទៅ​ប្រទេស​វៀតណាម​។

ការ​ចុះ​បង្ក្រាប​រថយន្ត​ដឹក​ឈើ​ខាងលើ​នេះ​ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ ត្រង់​ចំណុច​និយាម​កា​(០៧៧៤០៥៦-១៥២០២៩៣)​ក្នុងភូមិ​សាស្ត្រ ភូមិ​ប៉ក់​តូច ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​រថយន្ត​ឡង់​គ្រី​ស័​រ​លួច​ដឹក​បទល្មើស​ព្រៃឈើ​ ដោយ​ដឹកនាំ​កម្លាំង​លោក​វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ​បាន​ស្ទាក់​ចាប់​រថយន្ត​ឡង់​គ្រី​ស័​រ​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី 2A-0149 ដឹក​ឈើ​ពេញ​ប្រៀប ខណៈ​បាន​បើកបរ​ចេញពី​ក្រុង​បាន​លុង​ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម​ត្រូវបាន​អស់លក្ខណ៍​។

លោក សុខ មីន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ បាន​ឲ្យ​កម្ពុ​ជាថ្មី ដឹង នៅ​ល្ងាច​ថ្ងៃ​ទី​១៨​កក្កដា​នេះ ថា បន្ទាប់ពី​កម្លាំង​ចុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើ​នេះ អ្នកបើកបរ​រថយន្ត​ដឹក​បទល្មើស​បាន​គេច​ខ្លួន​បាត់ស្រមោល ហើយ​បាន​បន្សល់ទុក​វត្ថុតាង​នៅ​នឹង​កន្លែង​។ បន្ទាប់មក​កម្លាំង​បាន​រឹបអូស​យក​រថយន្ត​មក​រក្សាទុក នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​អូ​រយ៉ា​ដាវ ហើយ​ទម្លាក់​ឈើ​ចុះ​និង​ធ្វើការ​វាស់វែង ជា​ប្រភេទ​ឈើ​ធ្នង់​ចំនួន​៩៩៧​គីឡូក្រាម ស្មើនឹង​០,៧៣៨​ម៉ែត្រគូប​ផងដែរ​។

លោក សុខ មីន បាន​បន្តទៀតថា ឈើ​ខាងលើ​នោះ​ត្រូវបាន ត្រូវបាន​កម្លាំង​របស់​លោក​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត ដោយឡែក​រថយន្ត​ដឹក​បទល្មើស​ធនធានធម្មជាតិ ក្រោម​បទ បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យេន មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី និង​មានការ​សម្របសម្រួល​ពី​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បានធ្វើការ​ដុតបំផ្លាញ​ចោល នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទល់មុខ​ស្នាក់ការ​សន្តិសុខ​លេខ​782​។

សូម​រំលឹក​ផងដែរ​ថា ការដុត​បំផ្លាញចោលរ​ថ​យន្ត​ឡង់​គ្រី​ស័​រដឹក​ឈើ​នោះ គឺជា​លើក​ទី​២ ហើយ បន្ទាប់ពី​កម្លាំង​អាវុធហត្ថ ស្រុក​អូរ​យ៉ា​ដាវ បាន​ដុត​កំទេចចោល​រថយន្ត​ឡង់​គ្រី​ស័​រ​កែច្នៃ​ដឹក​បទល្មើស​ព្រៃឈើ កាលពី​ថ្ងៃទី​១២ កក្កដា​កន្លង​ទៅនោះ​៕
វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114