ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេងៗ​ប្រុសស្រី ពពាក់ពពូន​គ្នា ​ជុំ​ក្បាល​គ្នា​ជក់​,លក់​គ្រឿងញៀន​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​បង្ក្រាប

បន្ទាយមានជ័យ ៖ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ក្មេងៗ​ប្រុសស្រី​ កាន់តែ​ព្រហើន​ហើយ ​មិន​គិត​រៀន​សូត្រ​នោះ​ទេ​គិតតែ​នាំ​ក្បាល​គ្នា​ជក់ និង​លក់​ថ្នាំញៀន​យ៉ាង​គឃ្លើន​ដាក់​សមត្ថកិច្ច​ជាក់​ស្តែង​មាន​ប្រុស​មាន​ស្រី​សុទ្ធតែ​វ័យ​ក្មេងៗ​បាន​ផ្តុំ​ក្បាល​គ្នា​ជក់​និង​លក់​គ្រឿងញៀន ​នៅ​ចំណុច​ដើម​អំពិល​ទឹក ស្ថិតនៅ​ភូមិ​រស្មី​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ យ៉ាង​ពពាក់ពពូន​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ ៥៦៧ នៃ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​អនុសេនីយ៍​ឯក​ស សុ​ភ័​ក្ត្រា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ក្រុង និង​ជា​ប្រធាន​ស្នាក់​ការ​សន្តិសុខ​៥៦៨ បាន​ចុះ​បង្ក្រាប ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់​ នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ហើយ​បាន​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។

លោក​អនុសេនីយ៍ឯក ស សុ​ភ័​ក្ត្រា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ​មុន​នឹង​បង្ក្រាប​បាន​នោះ​អាវុធហត្ថ​ទទួល​បាន​ព័ត៌មាន​ពី​កម្លាំង​សម្ងាត់​របស់​អាវុធហត្ថ​ ហើយ​លោក​បាន​ស្នើសុំ​គោលការណ៍​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៦​នាក់ ១​មានឈ្មោះ ហេង ពិសី ហៅដែ​ត ភេទស្រី អាយុ១៥​ឆ្នាំ ២​ឈ្មោះ នុត ស្រី​មាន ភេទស្រី អាយុ១៦​ឆ្នាំ ៣​ឈ្មោះ សាន់ សាន ភេទប្រុស អាយុ២៨​ឆ្នាំ ៤​ឈ្មោះ សួន មៀ​ច ភេទប្រុស អាយុ៣២​ឆ្នាំ ​៥​ឈ្មោះ ណូន វិត ភេទប្រុស អាយុ១៧​ឆ្នាំ​ ៦​ឈ្មោះ ស៊ុន គោ ភេទប្រុស អាយុ២៤​ឆ្នាំ មុខរបរ​រើស​អេតចាយ ទាំង​៦​នាក់ រស់នៅ​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ អាវុធហត្ថ​បាន​ដកហូត​វត្ថុ​តាង​រួមមាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ចំនួន ១០​កូន​ថង់ ស្មើ ១៦,៦៤​ក្រាម ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន។

លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេ​បញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បន្ថែម​ថា ​ក្រោយ​ធ្វើការ​សាកសួរ ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា​ខ្លួន ពិតជា​បាន​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ពិតប្រាកដ​។ យោង​លើ​ការ​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពី​បទជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួម​ជា​មួយ​វត្ថុតាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕
គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114