ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្លៀង​ធ្លាក់​២​យប់​ជាប់​គ្នា ធ្វើ​ឲ្យ​លិច​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​ខេមរភូមិន្ទ

កោះកុង ៖ ត្រឹមតែ​២​យប់​សោះ ផ្ទះ​ពលរដ្ឋ និង​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ បាន​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង ដែលជា​ហេតុ​បង្ក​អោយ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ក្មេងៗ និង​ពិបាក​ក្នុងការ​ធ្វើដំណើរ​ទៅណា​មក​ណា​។

​ទន្ទឹម​នឹង​ក្តី​ព្រួយបារម្ភ​របស់​ពលរដ្ឋ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក ឈេ​ង សុវណ្ណ​ដា អភិបាលក្រុង​ខេមរភូមិន្ទ បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ចុះ​ពិនិត្យ មើល​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ភូមិ​ចំនួន​២ ដែល​កំពុង​មាន​បញ្ហា​ប្រឈម​និង​ការ​ជន់​លិច​ខ្លាំង​ជាង​គេ គឺ​ភូមិ​២ និង​ភូមិ​៣ នៃ​សង្កាត់​ស្មាច់មានជ័យ រួម​ទាំង​មានការ​កាយ​សំរាម​តាម​មាត់​លូ ប្រឡាយ ដើម្បី​រំលោះ​ការ​ជន​លិច និង​បង្ការ​កុំ​ឲ្យ​មានការ​ជន់​លិច​ផ្ទះ​ពលរដ្ឋ​បន្តទៀត។

ជា​មួយ​គ្នា​នេះ​ដែរ លោក ឈេ​ង សុវណ្ណ​ដា បាន​ថ្លែង​ថា កត្តា​ដែល​បង្ក​អោយ​កើត​មានការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នាពេលនេះ គឺ​បណ្តាល​មក​ពី​ការ​បោះ​ចោល​នូវ​សំរាម​នៅ​តាម​មាត់​លូ និង ក្នុង​លូ ក៏ដូចជា​មានការ​សាងសង់​លំនៅឋាន​នៅ​ចំណី​ផ្លូវ​សា​ធា​រណៈ​របស់​រដ្ឋ រឿងរ៉ាវ​ទាំងនេះហើយ​ជា​កត្តា​ស្មុគស្មាញ​សម្រាប់​អាជ្ញាធរ​។

​លោកស្រី តឿន សាវ​ហុង ដែល​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ​បាន​ឲ្យ​ដឹង​ដែរ​ថា រៀងរាល់​រដូវវស្សា ផ្លូវ​១​ខ្សែ​នេះ តែងតែ​ជន​លិច​ជាប្រចាំ ដែល​ជា​ហេតុ​ធ្វើ​ពលរដ្ឋ​ដែល​រស់នៅ និង​អាស្រ័យ​ផ្លូវ​១​ខ្សែ​នេះ​ មានការ​ពិបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើដំណើរ ពិសេស​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ក្មេងៗ ហេតុ​នេះ​ហើយ​លោកស្រី​សូម​ធ្វើការ​សំណូមពរ​ដល់​អាជ្ញាធរ ក្រុង​/​សង្កាត់ មេត្តា​ពិនិត្យមើល​និង​ជួយ​ដោះស្រាយ​បញ្ហា​មួយ​នេះ ដើម្បី​កុំអោយ​មាន​សភាព​ជន​លិច​បែបនេះ​តទៅទៀត​នា​ឆ្នាំក្រោយៗ​។

គួរ​រំលឹក​ថា រដូវវស្សា​ស្ទើរតែ​ជា​រៀងរាល់​ឆ្នាំ​ទៅ​ហើយ ដែល​ខេត្ត​កោះកុង​បាន​ជួបប្រទះ​នូវ​បញ្ហា​ជន​លិច​តាម​ដង​ផ្លូវ​សា​ធា​រណៈ និង​តាម​ផ្ទះមួយ​ចំនួន​នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ ចំពោះ​ឆ្នាំនេះ​វា​ក៏​មិន​មាន​អ្វី​ប្លែក​ជាង​ឆ្នាំមុនៗ​នោះ​ដែរ សម្រាប់​ពលរដ្ឋ​នៅក្នុង​ខេត្តកោះកុង៕
លឹម ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114