ព័ត៍មានទាន់​ហេតុការណ៏
Search

សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រៀបចំ សន្និសីទ​វិទ្យាសាស្ត្រ​ថែទាំ​ឆ្នាំ​២០១៩

ភ្នំពេញ​ ៖ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល “​ស​.​វ​.​ស​” សហការ​ជាមួយ​សាកលវិទ្យាល័យ EWHA Womans នៃ​សាធារណរដ្ឋ​កូរ៉េ​បានរៀបចំ​សន្និសីទ​វិទ្យាសាស្ត្រ​ថែទាំ​ឆ្នាំ​២០១៩ ក្រោម​អធិបតី​ភាព​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ស​.​វ​.​ស និង​លោក អូ​ណាក់​យ៉ង់​ឯក អគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

សន្និសីទ​នេះ មានការ​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សាភិបាល​ស​.​វ​.​ស​, KOICA ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​,​សាកលវិទ្យាល័យ​Ewha, វាគ្មិន និង​អ្នកចូលរួម​ជាតិ​-​អន្តរជាតិ​, មន្ត្រីរាជការ បុគ្គលិក​និង​អតីត​និស្សិត​/​និស្សិត​ស​.​វ​.​ស​ប្រមាណ​ជាង​៣០០​នាក់​។

​លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ សកលវិទ្យាធិការ​នៃ ស​.​វ​.​ស បាន​មានប្រសាសន៍ថា​គោលបំណង​សំខាន់​របស់​សន្និសីទ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ចែករំលែក​ចំណេះដឹង​ថ្មីៗ អំពី​លទ្ធផល នៃ​ការសិក្សា​ស្រាវជ្រាវ ផ្នែក​វិទ្យាសាស្ត្រ​ថែទាំ ចែករំលែក​បទពិសោធន៍​ល្អៗ ទាក់ទង​នឹង​ការ បណ្តុះបណ្តាល និង​ការអនុវត្ត​វិទ្យាសាស្ត្រ​ថែទាំ និង​ផ្តល់​ឱកាស​ពង្រឹង​សមត្ថភាព​និស្សិត និង​គ្រូបង្រៀន​ដែលមាន​អាជីព​ជំនាញ​គិលានុបដ្ឋាក​ផងដែរ​។

លោកស្រី​សាស្ត្រាចារ្យ Sook Ja Yang តំណាង​Ewha Womans University បាន​លើក​ឡើង​ថា សាកលវិទ្យាល័យ Ewha Womans និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បានសម្រេច សមិទ្ធិផល​មួយចំនួន ក្នុងនោះ​រួមមាន ការអនុវត្ត​កម្មវិធី​ថ្នាក់​បរិញ្ញាបត្រ ការផ្តល់​មូលនិធិ​គាំទ្រ ដល់​កម្មវិធី​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ថែទាំ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​ស្រាវជ្រាវ ផ្នែក​ថែទាំ​នៅ​កម្ពុជា​។ ​លើស​ពី​នេះ ទៀត​យើង​មិន​អាច​សម្រេច​កិច្ចការ​នេះ​បាន​ដោយ​គ្មាន​ការ គាំទ្រ​ពី KOICA និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ឡើយ​។

លោកស្រី​សាស្ត្រាចារ្យ​បាន​បន្ត​ថា ភាពជា​ដៃគូ​របស់​សាកលវិទ្យាល័យ Ewha Womans និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល គឺ​តំណាង​ឲ្យ​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​កូរ៉េ និង​កម្ពុជា ហើយ​យើង​ជឿជាក់​ថា ភាពជា​ដៃគូ​នេះ​បានផ្តល់​ជា​ឱកាស​សម្រាប់ ប្រទេស​ទាំងពីរ​ក្នុង​ការ​រីកចម្រើន​ទៅមុខ​រួមគ្នា​លើ​ផ្នែក​ថែទាំ​សុខភាព​នៅ​កម្ពុជា​ដែរ​។

លោក​អូ​ណាក់​យ៉ង់​ឯក អគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​រំពឹង​ថា សន្និសីទ​វិទ្យាសាស្ត្រ​ថែទាំ​នេះ​ នឹង​ក្លាយទៅជា​ឱកាស​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​សមត្ថភាព​របស់​អ្នក​ជំនាញ​ការថែទាំ​សុខភាព​សម្រាប់​ប្រជាជន​កម្ពុជា​។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ស​.​វ​.​ស បាន​លើកឡើងថា “​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​កម្ពុជា​មាន​ការវិវឌ្ឍន៍​គ្រប់​វិស័យ។ ក្នុង​នោះ វិស័យ​សុខាភិបាល ក៏​សម្រេច​បាន​ជោគជ័យ​សំខាន់ៗ​ផងដែរ​”​។

លោក​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី​បាន​សំដែង​នូវ​ការ​កោតសរសើរ​ ចំពោះ​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល សាកលវិទ្យាល័យ EWHA នៃ​សាធារណរដ្ឋ​កូរ៉េ និង​សមាគម​គិលានុបដ្ឋាក​កម្ពុជា ដែល​បាន​រៀបចំ​សន្និសីទ​ដ៏​មាន​សារៈសំខាន់​នេះ​។

បន្ថែម​ពី​នោះ លោក​សាស្ត្រាចារ្យ​បាន​បញ្ជាក់​ថា សន្និសីទ​នា​នេះ បាន​ចូលរួម​ចំណែក​ជាមួយ​ក្រសួងសុខាភិបាល ក្នុង​ការ​ពង្រឹង​សមត្ថភាព​បន្ថែម​ដល់​សាស្ត្រាចារ្យ អ្នក​ប្រកប​វិជ្ជាជីវៈ​ថែទាំ និង​និស្សិត​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ​ថែទាំ ពង្រីក​បាន​នូវ​តម្លៃ​នៃ​វិជ្ជាជីវៈ ព្រមទាំង​ជួយ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន និង​ល្អ​ប្រសើរឡើង​ថែមទៀត។

លោក​សាស្ត្រាចារ្យ​បាន ថ្លែងអំណរគុណ​ដល់​សាកលវិទ្យាល័យ EWHA នៃ​សាធារណរដ្ឋ​កូរ៉េ និង​អង្គការ KOICA ដែល​បាន​សហការ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រយៈពេល​០៥​ឆ្នាំ​កន្លងមកនេះ។

គួរ​ជម្រាប​ថា សន្និសីទ​មាន​រយៈពេល ២​ថ្ងៃ​កន្លះ​ដែល​ចាប់​ផ្តើម​ពី​រសៀល​ថ្ងៃទី​១៧​ដល់​ថ្ងៃទី​១៩​កក្កដា នេះ​មាន​ប្រធានបទ​បង្ហាញ​ផ្ទាល់មាត់ និង​ជា​ផ្ទាំង​បង្ហាញ Poster សរុប​ចំនួន ១៨ ព្រមទាំង​មាន​សិក្ខាសាលា ចំនួន ០១ ស្តីពី​កា​រៀបចំ​សំណើ​គម្រោង​ស្រាវជ្រាវ​។

ក្នុង​រយៈពេល ០៥ ឆ្នាំ ចុងក្រោយ​នេះ​(២០១៤-២០១៨) ស​.​វ​.​សបាន​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ផ្នែក​គិលានុបដ្ឋាក កម្រិត​បរិញ្ញាបត្ររង បាន​ចំនួន ១,០៥៣ នាក់ និង​កម្រិត​បរិញ្ញាបត្រ បាន​ចំនួន៧៥៣ នាក់។

សមិទ្ធផល​ទាំងនេះ បាន​កើតចេញ​មួយ​ផ្នែក ពី​កិច្ច​សហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ជាមួយ​ដៃគូ​នានា​ដែល ជាក់ស្តែង ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ជាមួយ EWHA ក្នុង​រយៈពេល ០៥ឆ្នាំ​កន្លង​មក​នេះ ស​.​វ​.​ស​ ទទួល​បាន​បណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាបត្រ​គិលានុបដ្ឋាក​បណ្តុះបណ្តាល​បន្ត ពី​បរិញ្ញាបត្ររង បាន​ចំនួន ២ ជំនាន់ រួចមកហើយ ដែល​មាន​និស្សិត​សរុប​ចំនួន ៨៧ នាក់ ក្នុងនោះ​មាន​អាហារូបករណ៍​ពី​អង្គការ KOICA ចំនួន ៧៥ នាក់​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114