ព័ត៍មានទាន់​ហេតុការណ៏
Search

សិង្ហ​បុរី សម្លឹង ឃើញ​សក្ដានុពល​ខ្ពស់ របស់​កម្ពុជា​អាច នាំចូល ទៅ​សិង្ហ​បុរី នូវ​បរិក្ខារ​សំណង់​ដូចជា​ស៊ីម៉ង់ត៍ ខ្សាច់ និង ផ្គត់ផ្គង់​ទឹកស្អាត និង​ថាមពល

ភ្នំពេញ ​៖ លោក ឆាន ឈុន​ស៊ី​ង រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី បាន​ថ្លែងថា ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ដែលមាន​សក្ដានុពល​ខ្ពស់​ក្នុងការ​នាំចេញ​ទំនិញ​មក​សិង្ហ​បុរី មាន​បន្លែ ផ្លែឈើ ត្រី​សាច់ ម្ហូប​សមុទ្រ ក្រៅពីនោះ លោក​សម្លឹង ឃើញ​សក្ដានុពល​ខ្ពស់ របស់ កម្ពុជា​ក្នុងការ​នាំចូល ទៅ​សិង្ហ​បុរី នូវ​បរិក្ខារ​សំណង់​ដូចជា​ស៊ីម៉ង់ត៍ ខ្សាច់ និង ផ្គត់ផ្គង់​ទឹកស្អាត និង​ថាមពល ផងដែរ។

ការ​ថ្លែង​របស់ លោក​ឆាន ឈុន​ស៊ី​ង ធ្វើឡើង​នៅ​ក្នុង​ជាមួយ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ពិភាក្សា​ការងារ​មួយ​ចំនួន ដោយមាន​ការចូលរួម​ពី​វិស័យ​ឯកជន​របស់​សិង្ហ​បុរី​ចំនួន​ពីរ​ផងដែរ​គឺ ក្រុមហ៊ុន NTUC Fairprice និង​ក្រុមហ៊ុន Enterprise Singapore​។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ លោក ឆាន ឈុន​ស៊ី​ង បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ដែល​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​នាំចេញ​ទំនិញ​មក​សិង្ហ​បុរី ប៉ុន្តែ​ការនាំចេញ​ដោយ​កម្ពុជា​មក​សិង្ហ​បុរី​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​។ ទោះជា​យ៉ាង​នោះ​ក្ដី លោក​នៅ​តែ​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សិង្ហ​បុរី ដោយ​ទំនិញ​ដូចជា បន្លែ ផ្លែឈើ ត្រី​សាច់ ម្ហូប​សមុទ្រ សុទ្ធ​តែ​ជា​ទំនិញ​ដែល​សិង្ហ​បុរី​មាន​តម្រូវការ​ខ្ពស់​។ ក្រៅ​ពី​នេះ កម្ពុជា​ក៏​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​នាំ​ចូល​មក​សិង្ហ​បុរី​នូវ​បរិក្ខារ​សំណង់​ដូចជា​ស៊ីម៉ង់ត៍ ខ្សាច់ និង​ទៅ​អនាគត​អាច​ផ្គត់ផ្គង់​ទឹកស្អាត និង​ថាមពល​ផងដែរ។

លោក រដ្ឋមន្ត្រី​កម្ពុជា បាន​ឯកភាព​ចំពោះ​ការ​លើកឡើង​របស់​លោក​រដ្ឋមន្ត្រី​សិង្ហ​បុរី ដោយ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នេះ គឺ​ស្របតាម​ចក្ខុវិស័យ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ាន ក្នុង​ការ​ជំរុញ​ឲ្យ​រឹតតែ​ច្រើនឡើង​នូវ​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​អាស៊ាន​។ ចំពោះ​ផលិត ផល​នាំចេញ លោក ក៏បាន​ណែនាំ​បន្ថែម​ដូចជា ម្រេច​កំពត ស្ករត្នោត​កំពង់ស្ពឺ និង​ក្រូចថ្លុង​កោះ​ទ្រុង ដែល​សុទ្ធតែ​ជា​ផលិតផល​កំណត់​ភូមិសាស្ត្រ ជាពិសេស​ម្រេច​កំពត​ដែល​ជា​ប្រភេទ​ម្រេច​ល្អ​លើស​គេ និង​មានតម្លៃ​ខ្ពស់​។

ក្រៅ​ពី​នេះ លោក រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​អំពី​ផលិតផល​ស្វាយ និង​អង្ករ​បន្ថែមទៀត ព្រមទាំង​អញ្ជើញ​ក្រុមហ៊ុន​សិង្ហ​បុរី ឲ្យ​មក​ស្វែងយល់​បន្ថែម​ឲ្យ​រឹតតែ​ស៊ីជម្រៅ​ពី​ផលិតផល​សក្ដានុពលរ​បស់​កម្ពុជា​។

ឆ្លើយតប​នឹង​ការ​អញ្ជើញ​នេះ ក្រុមហ៊ុន NTUC Fairprice ដែល​ជា​ប្រតិបត្តិ​ករ​ផ្សារ​ទំនើប (Supermarket) ជាច្រើន​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ខ្ពស់​លើ​ផលិតផល​ស្វាយ ម្រេច​កំពត និង​អង្ករ​។ លោក​តំណាង​ក្រុមហ៊ុន បាន​ជម្រាបជូន​ថា​លោក​នឹង​បញ្ជូន​សហការី​មក​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​សិក្សា​លម្អិត​ក្នុង​ការនាំ​ផលិតផល​ទាំង​នោះ​មក​សិង្ហ​បុរី​។

ក្រុមហ៊ុន Enterprise Singapore ក៏​មាន​ចំណាប់អារម្មណ៍​ខ្ពស់ ព្រមទាំង​សង្ឃឹម​ចូលរួម​ក្នុងការ​ប្រឹក្សា​លើ​ការងារ​ដូចជា​នគរូបនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធ​។​ល៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114