ព័ត៍មានទាន់​ហេតុការណ៏
Search

សិប្បកម្ម​កាត់ដេរ​សំលៀកបំពាក់​ និង ​ផលិត​ទុយោ​បំពង់​បឺត​ជ័រ អត់​ច្បាប់​តែ​រក​ស៊ី​យ៉ាង​រលូន អាជ្ញា​ទើបតែ​ដឹង ចុះទៅពិនិត្យ​និង​ណែនាំ

ភ្នំពេញ ៖ ពិត​ហួសចិត្ត​មែន ​ខណៈ​សិប្បកម្ម​កាត់ដេរ​សំលៀក​បំពាក់​មួយ​កន្លែង​ និង ​សិប្បកម្ម​ផលិត​ទុយោ​បឺត​ជ័រ​ មាន​ទីតាំង​នៅ​ក្បែរ​គ្នា​បាន​នាំ​គ្នា​ដំណើរការ​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​បាន​យ៉ាង​រលូត​និង​លុយ​ចូល​វាល់​សែន​លាន​ដុល្លារ​ទៅ​ហើយ នាំគ្នា​ទើបតែ​ដឹង​ថា ​អត់​ច្បាប់​ទៅវិញ នៅ​ពេល​អាជ្ញាធរ​ចុះ​ទៅ​ពិនិត្យ​ហើយ ក៏​មិន​ហ៊ាន​ហាមឃាត់​ផ្អាក​សកម្មភាព​អ្វី​ឡើយ​គឺ​គ្រាន់តែ​ណែនាំ​ឲ្យ​ទៅសុំ​ច្បាប់​ប៉ុណ្ណោះ។

ទីតាំង​ទាំង​២​នេះ ស្ថិតនៅ​ជាប់​គ្នា ក្នុង​ភូមិ​ចោមចៅ​១ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ គ្មាន​ស្លាក​យីហោ​និង​បាន​ដំណើរ​ការផលិត​និង​ធ្វើ​អាជីវកម្ម​ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ទើប​កាលពី​រសៀល ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ អាជ្ញាធរ​ខណ្ឌ​ចុះទៅ​ត្រួតពិនិត្យ​ណែនាំ​ឲ្យ​ទៅសុំ​ច្បាប់​ជា​ក្រោយ។

តាម​ប្រភព​ពី​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា កម្លាំង​ដែល​ចុះទៅ​កាន់​ទីនោះ រួមមាន​មន្ត្រី​សាលាខណ្ឌ កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ មន្ត្រី​ការិយាល័យ​បរិស្ថាន​ខណ្ឌ នគរបាល​ខណ្ឌ កងរាជអាវុធហត្ថ​ខណ្ឌ អាជ្ញាធរ​សង្កាត់​ចោម​១ និង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​១ ក្រោម​ការដឹកនាំ​ដោយ​លោក ប៉ាង លីដា អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​ពេល​ចុះទៅ​ដល់​បាន​ត្រួត​ពិនិត្យ​ឃើញ​ថា សិប្បកម្ម​ទាំង​២​ទីតាំង​នោះ ដំណើរការ​យ៉ាងសកម្ម​បំផុត ប៉ុន្តែ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ឡើយ រីឯ​ស្លាក​យីហោ​ក៏​គ្មាន​ដែរ​។ ប៉ុន្តែ​កម្លាំង​មិនបាន​ឲ្យ​ផ្អាក​សកម្មភាព​ផលិត​ឡើយ គឺ​នៅតែ​អនុញ្ញាត​ឲ្យ​បន្តដំណើរ​ការផលិត​ដដែល​។

តំណាង​សិប្បកម្ម​កាត់ដេរ​សំលៀក​បំពាក់​មានឈ្មោះ ខៀវ សុភ​នា ចំណែក​ឯ​តំណាង​សិប្បកម្ម​ផលិត​ទុយោ​បឺត មានឈ្មោះ វ៉ាន់ សម្បត្តិ ហើយ​ពេលនោះ គណៈកម្មការ​ចម្រុះ​បានសម្រេច​អញ្ជើញ​ម្ចាស់​ឲ្យ ទៅកាន់​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ខាងមុខ ដើម្បី​បំពេញបែបបទ​សុំច្បាប់​ធ្វើ​សិប្បកម្ម ឲ្យ​បាន​ត្រឹមត្រូវ​មិន​អនុញ្ញាត​ឲ្យ​ដំណើរការ​ដោយ​គ្មាន​ច្បាប់ទម្លាប់ បែបនេះ​តទៅទៀត​បានឡើយ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ចុះទៅ​កាន់​ទីនោះ បាន​ធ្វើ​ការណែនាំ​ឲ្យ​ម្ចាស់​សិប្បកម្ម​ទាំង​២ គោរព​ច្បាប់​ត្រូវ​បង្កើត​ច្រក​សុវត្ថិភាព សម្រាប់​ជម្លៀស​កម្មករ​ចេញ នៅ​ពេល​មាន​គ្រោះភ័យ​អាសន្ន​កើតឡើង​។ ជាពិសេស​ត្រូវ​គិតគូរ​ពី​បញ្ហា​សុខភាព​សុវត្ថិភាព​របស់​កម្មករ តាមរយៈ​កែលម្អ​បរិស្ថាន និង​បរិយាកាស​ឲ្យ​បាន​ល្អ​ប្រសើរ និង​ត្រូវ​ចូលរួម​សហការ រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញាធរ ពេល​មាន​ហេតុការណ៍​អ្វីមួយ​កើតឡើង​ជាយថាហេតុ៕
វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114