ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមប្រឹក្សា​រាជធានី​ផ្សព្វផ្សាយ ពី​រចនាសម្ព័ន្ធ​តួនាទី​ភារកិច្ច​សិទ្ធិ​អំណាច​របស់​ការិយាល័យ​ប្រជាពលរដ្ឋ រាជធានី​ភ្នំពេញ

ភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោកប៉ា​សុជាតិ​វង្ស លោក ហួត​ហៃ​អភិបាលរង​រាជធានី​ភ្នំពេញ​និង​លោក​ប្រធាន​នាយកដ្ឋាន​មុខងារ​និង​ធនធាន​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ រួម​ជា​មួយនឹង​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ មន្ត្រី​បម្រើការងារ​តាម​ច្រកចេញ ចូល​តែមួយ​នៅ​ថ្នាក់​ខណ្ឌ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា​ ឆ្នាំ​២០១៨ នេះ​បាន​បើក​វគ្គ​ផ្សព្វផ្សាយ​ស្ដីពី​រចនាសម្ព័ន្ធ​តួនាទី​ភារកិច្ច​សិទ្ធិ​អំណាច​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ។

លោកប៉ា សុជាតិ​វង្ស បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា ការ​បើក​វគ្គ​ផ្សព្វផ្សាយ​នេះ ក្នុង​គោលបំណង បង្កើន​ការ​យល់ដឹង​ឲ្យ​កាន់តែ​ច្បាស់លាស់​ថែមទៀត អំពី​អ​រចនាសម្ព័ន្ធ​តួនាទី​ភារកិច្ច​សិទ្ធិ​អំណាច​របៀបរបប​ការងារ​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​ដែល​ជា​អង្គភាព​មួយ​ថ្មី ដែល​បាន​បង្កើត​ឡើង​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​តែ​ធ្វើការ​កែទម្រង់។

លោក​បន្ត​ថា ការ​បង្កើន​ល្បឿន​កំណែទម្រង់​អភិបាលកិច្ច​ល្អ​គួបផ្សំ​និង​អភិក្រម​ទាំង​៥ គឺ​ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និង​វះកាត់ ធ្វើ​យ៉ាង​ណា​ឲ្យ​មន្ត្រី​របស់​យើង​អនុវត្ត​ការងារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែមទៀត ក្នុង​ការ​ផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។

បច្ចុប្បន្ន​នេះ ​រាជរដ្ឋាភិបាល​បាននឹងកំពុង​ជំរុញ​យ៉ាង​ខ្លាំង​ក្លា​ផង​ដែរ ​នូវ​ការកែទម្រង់​តាម​បែប​វិមជ្ឈការ​និង​សហវិមជ្ឈការ​ដែល ជា​ទស្សនាទាន​មួយ​ ដែល​យើង​ត្រូវ​យល់ដឹង​អំពី​បរិបទ​ថ្មី​នេះ​។

លោក​បញ្ជាក់​ទៀត​ថា ទិសដៅ​នៃ កំណែទម្រង់ មជ្ឈការ​និង​វិសហមជ្ឈការ គឺ​ដើម្បី​បង្កើត​និង​លើកកម្ពស់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។ កំណែទម្រង់​វិមជ្ឈការ​និង​សហ​មជ្ឈការ​មាន​គោលដៅ​ជា​យុទ្ធសាស្ត្រ​ចំនួន​៣​គឺ ទី​១ ពង្រឹង​ពង្រីក​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​មូលដ្ឋាន ទី​២ ការ​លើក​កម្ពស់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម និង​ទី​៣ ជំរុញ​កិច្ច អភិវឌ្ឍ​នៅ​មូលដ្ឋាន​និង​ការកាត់បន្ថយ​ភាព​ក្រីក្រ តាមរយៈ​ការ​បង្ក​លក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ទាក់ទង​នឹង​តម្រូវ​ការចាំបាច់​នានា​នៅ​មូលដ្ឋាន​សំដៅ​លើកកម្ពស់​ភាពជា​ម្ចាស់​របស់​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ​។ រាជរដ្ឋាភិបាល​ចាត់​ទុក​កិច្ច​ដំណើរការ​ការ​កំណែ​ទម្រង់ តាមបែប មជ្ឈការ​និង​សហវិមជ្ឈការ​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្កើត​សេវាសាធារណៈ​ឲ្យ​កាន់តែ​នៅ​ជិត​ប្រជាពលរដ្ឋ​ហើយ​រំពឹង​ថា​នឹង​ទទួលបាន​នូវ​ផលប្រយោជន៍​ធំៗ​ជាច្រើន​។

លោក ប៉ា​ សុជាតិ​វង្ស ​ក៏បាន​បន្ត​ផង​ដែរ​ថា ការរៀបចំ​វគ្គ​ផ្សព្វផ្សាយ​នេះ​គឺ​ពិតជា​បាន​រួម​ចំណែក​ក្នុង​ការ ជួយ​តម្រង់​ទិស​ដល់​ការអនុវត្ត​កិច្ចការ រដ្ឋបាល​និង​ឈាន​ទៅ​អនុវត្ត​ឲ្យ​បាន​ឯកភាព​គ្នា​នៅ​ទូទាំង រាជធានី ទៅតាម​សៀវភៅ​ណែនាំ​ដែល​តម្រូវ​ឲ្យ​រដ្ឋបាល​រាជធានី​អនុវត្តតាម​ឲ្យ​បាន​ពេញលេញ​និង​មាន​ប្រសិទ្ធភាព​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114