ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ស៊ុន ចាន់ថុល ជួបពិភាក្សា​ការងារ​ជាមួយ​អនុព័ន្ធយោធា នៃ​ស្ថានទូត​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​កម្ពុជា

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ពុធ ១​រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក Sarayut Boonjue អនុព័ន្ធយោធា នៃ​ស្ថានទូត​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​កម្ពុជា លើ​កិច្ច​សហប្រតិបត្តិការ ចំពោះ​ទស្សនកិច្ច​សិក្សា និង​ការ​ដកស្រង់​បទពិសោធន៍​គ្នា​ទៅវិញទៅមក​របស់​កីឡាករ កីឡាការិនី​ហែល​ទឹក​នៃ​ប្រទេស​ទាំងពីរ។

ជំនួប​នេះ​ ធ្វើឡើង​ក្នុង​គោលបំណង​បង្កើត​កិច្ចសហប្រតិបត្តិការ​ក្នុងការ​បញ្ជូន​កីឡាករ កីឡាការិនី​ហែល​ទឹក​នៃ​ប្រទេស​ទាំងពីរ ទៅ​ទស្សនកិច្ច​សិក្សា និង​ដកស្រង់​បទពិសោធន៍​គ្នា​ទៅវិញ​ទៅ មក​សំដៅ​ពង្រឹងសមត្ថភាព​របស់​ពួកគេ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ពេញលេញ​។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ការលើកឡើង​របស់លោក Sarayut Boonjue ដែល​មាន​បំណង​បង្កើត​កិច្ច​សហប្រតិបត្តិការ​លើ​ទស្សនកិច្ច​សិក្សា​របស់​កីឡាករ កីឡាការិនី​ហែល​ទឹក​របស់​ប្រទេស​ទាំងពីរ ដើម្បី​ឲ្យ​ពួកគេ​បាន​ដកស្រង់​បទពិសោធន៍ គ្នា​ទៅវិញទៅមក​។

ជាមួយគ្នា​នោះ​ផង​ដែរ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​ភាគី​ថៃ​ទទួល​បណ្ដុះបណ្ដាល​កីឡាករ កីឡាការិនី​ហែល​ទឹក​កម្ពុជា​នៅ​ប្រទេស​ថៃ និង​បាន​ស្នើសុំ​ផ្ដល់​គ្រូ​បង្វឹក​ថៃ មក​បណ្ដុះបណ្ដាល​កីឡាករ កីឡាការិនី​កម្ពុជា នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។

លោក Sarayut Boonjue បាន​បង្ហាញ​ចំណាប់អារម្មណ៍​ចំពោះ​ការ​លើក​ឡើង​នេះ ហើយ​លោក​នឹង​យក​សំណើ​នេះ​ទៅ​ជម្រាប​ជូន​ថ្នាក់ដឹកនាំ ដើម្បី​ពិនិត្យ​សម្រេច​៕
​រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114