ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Odion Ighalo បង្កើន​ក្តី​សង្ឃឹម​ឈ្នះ​ស្បែកជើង​មាស Golden Boot នៅ Africa Cup of Nations

​កីឡាករ Odion Ighalo បានធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​នូវ​ឱកាស​របស់​លោក​ក្នុងការ​ឈ្នះ​ស្បែកជើង​មាស Golden Boot នៅ Africa Cup of Nations កាលពី​ថ្ងៃ​ពុធ ពេលដែល​គាត់​រកបាន​គ្រាប់​បាល់​ឈ្នះ​សម្រាប់​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា ដើម្បី​ធានាបាន​តំណែង​លេខ​៣​សម្រាប់​ក្រុម​របស់​កាត់​នៅ​ការប្រកួត​មួយ​នេះ ជាមួយនឹង​ជ័យជំនះ​១-០​លើ​ក្រុម​ជម្រើសជាតិ​ទុយ​នី​ស៊ី​។

​ខ្សែប្រយុទ្ធ​របស់​ក្លិប Shanghai Shenhua វ័យ​៣០​ឆ្នាំ​ម្នាក់​នេះ រក​បាន​១​គ្រាប់​គត់​នៅក្នុង​ការប្រកួត ពោលគឺ​នៅ​វិនាទី​១៣០ ក្រោយ​ការប្រកួត​ចាប់​ផ្តើម​ភ្លាម​នៅមុខ​ក្រុម​អ្នកគាំទ្រ​មួយ​ក្តាប់​តូច​នៅក្នុង​ពហុ​កីឡដ្ឋាន Al Salam ស្ថិតក្នុង​ទីក្រុង​គែ ប្រទេស​អេ​ហ្ស៊ី​ប​។

កីឡាករ Ighalo ស៊ុត​បាល់​ពេញ​មួយ​ទំហឹង​ជើង​នៅ​ក្បែរ​បង្គោល​ទី ពេលដែល​មានការ​បញ្ជូន​បាល់​ឲ្យ​ពី​កីឡាករ Jamilu Collins ជាហេតុ​ធ្វើ​ឲ្យ​មាន​ចលាចល​រវាង​អ្នកចាំទី Moez Ben Cherifia និង​ខ្សែការពារ Yassine Meriah របស់​ក្រុម​ជម្រើសជាតិ​ទុយ​នី​ស៊ី​។

វា​គឺជា​គ្រាប់​បាល់​ទី​៥​របស់​គាត់​នៅ​ក្នុង​ការប្រកួត​មួយ​នេះ និង​មាន​២​គ្រាប់​នាំមុខ​គូប្រជែង​ជិត​បំផុត Riyad Mahrez, Adam Ounas, Cedric Bakambu និង​កីឡាករ Sadio Mane ដែល​ម្នាក់ៗ​មាន​៣​គ្រាប់​។

ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ Ounas និង Mahrez របស់​ក្រុម​ជម្រើសជាតិ​អាល់​ហ្សេ​រី និង​កីឡាករ Mane របស់​ក្រុម​ជម្រើស​ជាតិ​សេ​ណេ​ហ្គា​ល់ មានឱកាស​បង្កើន​គ្រាប់​បាល់​របស់​ពួកគេ ពេលដែល​ក្រុម​ទាំង​២​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នា​ថ្ងៃ​សុក្រ​នេះ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​អន្តរជាតិ​ក្រុង​គែ​។

កីឡាករ Ighalo ដែល​ជា​កំពូល​អ្នករក​គ្រាប់​បាល់​នៅ​ការ​ទាត់​ជម្រុះ​ឆ្នាំ​២០១៩​ជាមួយ​៧​គ្រាប់​នោះ បាន​ចាកចេញ​ទីលាន​ប្រកួត​មុនពេល​សម្រាក​តង់​ទី​១ ជាមួយនឹង​របួស​ឆ្អឹង​គន្លាក់ជើង​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114