ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Paul Pogba បង្ហាញ​ទម្រង់​លេង​ដ៏​ទាក់ទាញ​ពេល​ក្រុម Man Utd​បំបាក់​ក្រុម Leeds៤-០

​កីឡាករ Paul Pogba បាន​បង្ហាញ​ទម្រង់​លេង​ដ៏​ទាក់ទាញ​ពេល​ដែល​ក្រុម​រង​សំពាធ​ខ្លាំង Man Utd​បាន​បន្ត​យុទ្ធនាការ​មុន​រដូវ​កាល​ដ៏​ល្អ​របស់​ពួកគេ ជា​មួយ​នឹង​ជ័យជំនះ​លើ​ក្រុម Leeds៤-០ កាលពី​ថ្ងៃពុធ។

ក្រុម Man Utd​បាន​ប្រឈម​នឹង​ការរិះគន់​យ៉ាង​ច្រើន ក្រោយ​រក​បាន​ជ័យជំនះ​គ្មាន​ជំនឿ​ចិត្ត​២-០​លើ​ក្រុម​រាយរង Perth Glory កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។

ទោះបីជា​យ៉ាងណាក៏ដោយ នៅ​ការប្រកួត​មួយ​នេះ ក្រុម Man Utd​ធ្វើ​បាន​ល្អ​ខ្លាំង ដោយ​គ្រប់​ដណ្តប់​ទាំងស្រុង​លើ​ក្រុម Leeds ​ដែល​មាន​ក្តី​សង្ឃឹម​ខ្ពស់​ថា​ នឹង​អាច​វិលត្រឡប់​មកកាន់​ក្របខណ្ឌ​បាល់ទាត់​កំពូល​អង់គ្លេស Premier League ជា​លើកដំបូង ចាប់តាំងពី​ឆ្នាំ​២០០៤។

កីឡាករ Pogba ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​ទៅកាន់​ក្លិប Juventus​និង​ក្លិប Real Madrid​នោះ បាន​ក្លាយជា​តារា​នៅក្នុង​តង់​ទី​១ ហើយ​និង​ជួយ​ឲ្យ​មាន​គ្រាប់​បាល់​បើកឆាក​ដំបូង​របស់​កីឡាករ​វ័យ​១៧​ឆ្នាំ Mason Greenwood ក្រោយ​លេង​បាន​១៧​នាទី​ប៉ុណ្ណោះ។

ក្រោយមក ការ​ស៊ុត​បាល់​ពេញ​មួយ​ទំហឹង​ជើង​ពី​ខ្សែបម្រើ​ស្ថិត​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​បារាំង​ម្នាក់នេះ ត្រូវបាន​សង្គ្រោះបាន​ដោយ​អ្នកចាំទី Kiko Casilla គឺ​មុន​ពេលដែល​កីឡាករ Marcus Rashford បន្ថែម​គ្រាប់​បាល់​ទី​២​នៅ​នាទី​២៧​។

អ្នកចាត់ការ Ole Gunnar Solskjaer បាន​ផ្លាស់​ប្តូរ​ទម្រង់​លេង​ក្រុម​របស់​គាត់​ទាំងមូល​ក្រោយ​បញ្ចប់​ការប្រកួត​តង់​ទី​១ ដែលជា​ស្ទីល​តែមួយ​ដែល​លោក​បាន​ធ្វើ​ពេល​ប៉ះ​ជាមួយ​ក្រុម Perth​កាលពី​ថ្ងៃ​សៅរ៍។

ក្រុម Man Utd​បន្ត​គ្រប់​ដណ្តប់​ការប្រកួត ពេលដែល​កីឡាករ Phil Jones បន្ថែម​១​គ្រាប់​ទៀត​ពី​ការ​តែ​តបាល់​បញ្ចូល​ទី​នៅ​នាទី​៥១ មុនពេល​កីឡាករ Anthony Martial បន្ថែម​គ្រាប់​បាល់​ប៉េ​នាល់​ទី​នៅ​នាទី​៦៨៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114