ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Canelo Alvarez លុបចោល​គម្រោង​ឡើង​សង្វៀន​នៅ​ខែកញ្ញា ក្រោយ​រើស​គូ​មិនត្រូវ​

​កីឡាករ Canelo Alvarez បាន​លុបចោល​ផែនការ​ឡើង​សង្វៀន​នៅ​ខែកញ្ញា​ខាងមុខនេះ ក្រោយពី​មិនអាច​រើស​គូ​ត្រូវ។ នេះ​បើ​យោង​តាម​ការ​អះអាង​រប​ស់​ជើងឯក​ទម្ងន់​មធ្យម​ពិភពលោក​ម្នាក់នេះ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​។

កីឡាករ Alvarez ដែលជា​ម្ចាស់​ខ្សែក្រវាត់ WBA, WBC និង IBF គ្រោង​នឹង​ឡើង​សង្វៀន​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ខាងមុខនេះ ហើយ​លោក​តែងតែ​ឡើង​សង្វៀន​នៅមុន ឬ​ក្រោយ ឬ​ចំ​ថ្ងៃ​ទិវា​ឯករាជ្យ​ជាតិ​ម៉ិ​ក​ស៊ិ​ក​។

ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ​វ័យ​២៨​ឆ្នាំ​ម្នាក់​នេះ ដែល​ការប្រកួត​លើកចុងក្រោយ​របស់គាត់​ឈ្នះ​ដោយ​ពិន្ទុ​លើ​កីឡាករ Daniel Jacobs នោះ បាន​ប្រកាស​ឲ្យ​ដឹងថា លោក​នឹង​ឡើង​សង្វៀន​នៅពេល​ក្រោយ​ក្នុងឆ្នាំនេះ​។

​កីឡាករ Alvarez បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍ ចេញផ្សាយ​ដោយ​ក្រុម​ផ្គូផ្គង Golden Boy ថា ដូច​ប្រជាពលរដ្ឋ​ម៉ិ​ក​ស៊ិ​ក បានដឹងហើយថា វា​គឺជា​ទំនួល​ខុសត្រូវ​មួយ និង​ជា​កិត្តិយស​ខ្លាំងណាស់ ដើម្បី​តំណាង​ប្រទេស​របស់លោក​ទាំង​នៅក្នុង​ខែឧសភា​និង​ខែកញ្ញា​។

លោក​បន្តថា នោះ​គឺជា​កាលបរិច្ឆេត​ប្រកួត​របស់លោក​។ ទោះជា​យ៉ាងណាក៏ដោយ ដូចដែល​ជើងឯក​ពិភពលោក​មាន​ច្រើន​ស្ថាប័ន​ចឹ​ង លោក​ត្រូវតែមាន​ទំនួល​ខុសត្រូវ ក្នុងការ​ចែកចាយ​ការប្រកួត​ដ៏​ល្អ​ផងដែរ​។

លោក​បញ្ជាក់ថា នេះ​គឺជា​ហេតុផល​ដែល​ក្រុម Golden Boy និង​ក្រុមការងារ​របស់លោក​ស​ម្រេច​ចិត្ត​ពន្យា​ពេល​ការប្រកួត​មួយ​នេះ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114