ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាលខេត្ត​កោះកុង ជំរុញ​ឲ្យ​មានការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ពី​ផល​ប៉ះពាល់​ នៃ​គ្រឿងញៀន

​កោះកុង ៖ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​អនុវត្ត​បន្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ឆមាស​ទី​១ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​នៅ​ឆមាស​ទី​២ ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង ដែល​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បានធ្វើការ​ជំរុញ​ដល់​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា​ទប់ស្កាត់ បង្ការ បង្ក្រាប ក៏ដូចជា​ផ្សព្វផ្សាយ​អប់រំ​ឲ្យ​បាន​ទូលំទូលាយ ពី​ផលប៉ះពាល់ នៃ​គ្រឿងញៀន​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ពិសេស​យុវវ័យ​ដែល​កំពុង​សិក្សា​។​

លោកជំទាវ​អភិបាលខេត្ត​បានលើកឡើង​ទៀតថា អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ច​ទាំងអស់ ត្រូវផ្តោត​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្ពស់​ពី​ការបង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​នៅតាម​ក្លឹប​កម្សាន្ត ខារ៉ា​អូខេ កាស៊ីណូ អគារ ឬ បន្ទប់​ជួល ផ្ទះសំណាក់ កំពង់ផែ និង រោងចក្រ​នានា។​

បើ​យោងទៅតាម​របាយការណ៍​របស់​សមត្ថកិច្ច និង​កងរាជអាវុធហត្ថ​បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១ ខែ កក្កដា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ ២០១៩ ការបង្ក្រាប​ការជួញដូរ​គ្រឿងញៀន​បាន ៤២​ករណី ឃាត់ខ្លួន​មនុស្ស​១០៧ ស្រី​១៣ នាក់ និង​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​ជាង​២៥៤​កញ្ចក់​ធំ​តូច ជញ្ជីង​ថ្លឹង​គ្រឿង ញៀន​៤​គ្រឿង ម៉ូតូ​៣​គ្រឿង ទូរស័ព្ទ​៤៤​គ្រឿង កាំភ្លើង ២​ដើម និង​ប្រាក់រៀល​៥៧​ម៉ឺន​រៀល ប្រាក់​ដុល្លារ​២០០ និង​ប្រាក់​បាត​២៦០​បាត៕

​ដោយ​ ៖ លឹម ហួរ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114