ព័ត៍មានទាន់​ហេតុការណ៏
Search

យុវវ័យ​២​នាក់ ​បង្ហោះ​ម៉ូតូ​ភ្លាត់ស្នៀត​ដួល​ទៅបុក​រថយន្ត​បន្ត​គ្នា ​និង​បន្ត​ទៅបុក​ម៉ូតូ ​បណ្ដាលឲ្យស្លាប់១ ​របួស​ធ្ងន់​ស្រាល​២​នាក់​

​បន្ទាយមានជ័យ ៖ នេះ​ជា​រឿង​មួយ​ដាស់តឿន​ដល់​យុវជន​វ័យក្មេងៗ ​មុន​នឹង​ចង់​ធ្វើ​អ្វីមួយ​ ត្រូវ​គិត​ពិចារណា​ឲ្យ​បាន​វែងឆ្ងាយ ​វា​អាច​បាត់​បង់ជីវិត​ដោយ​មិនដឹង​ខ្លួន។ ជាក់ស្ដែង​យុវជន​វ័យក្មេង​ស្ទាវ​២​នាក់​មិន​ខិតខំ​រៀនសូត្រ​ បាន​នាំ​បក្សពួក​របស់ខ្លួន​បង្ហោះ​ម៉ូតូ​ ស្រាប់តែ​ភ្លាត់ស្នៀត​ខ្ទាតចូល​ទៅបុក​យន្ត​បន្តកន្ទុយ​គ្នា ​ហើយ​បន្ត​ទៅបុក​ម៉ូតូ​ទៀត​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ ​រងរបួស​ធ្ងន់​ស្រាល​២​នាក់​ នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៨ ខែ​កក្កដា​ ឆ្នាំ​២០១៩ លើផ្លូវ​ជាតិ​លេខ​៥ នៅមុខ​សមាគម​ខ្មែរ ចិន ក្រុង​ប៉ោយប៉ែត ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាល​ចរាចរណ៍​បាន​ប្រាប់​ឲ្យ​ដឹងថា ​នៅមុន​ពេល​កើតហេតុ​នោះ​មាន​យុវជន​២​នាក់​ ១.​ឈ្មោះ ចាន់ រ៉ូ​សា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ,២​.ឈ្មោះ មាន ​សង្ហា ភេទ​ប្រុស ​​អាយុ​១៧​ឆ្នាំ រស់នៅ​ក្រុង​ប៉ោយប៉ែត បាននាំគ្នា​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម ​ស៊េរី​ឆ្នាំ​២០០៨ គ្មាន​ស្លាក​លេខ​ លុះ​ជិះ​មកដល់​ចំណុច​កើត​ហេតុ​ ស្រាប់តែ​ធ្វើការ​បង្ហោះ​ម៉ូតូ​ពី​ទិស​កើត​ទៅ​លិច​ភ្លាត់ស្នៀត​ ​​ដួល​ប៉ះចំ​ក្រោយ​រថយន្ត​បើក​បញ្ច្រាស​ទិស​គ្នា​ម៉ាក AVANZA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​2A-6104 ​រួច​ជ្រុល​ទៅបុក​រថយន្ត​បញ្ច្រាស​ទិស​គ្នា​មួយគ្រឿង​ទៀត​ ម៉ាក​ហាយ​ឡិន​ដឺ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2Y-0996​អក​សឺ​ ទៅបុក​អ្នក​ជិះ​ម៉ូតូ​ម៉ាក ឌ្រី​ម ស៊េរី​ឆ្នាំ ២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 1T-1777​អ្នកបើក​ឈ្មោះ ទី ណូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ឈ្មោះ​មាន​ សង្ហា​ នៅ​នឹង​កន្លែង ​និង អ្នកបើក​ឈ្មោះ ចាន់ រ៉ូ​សា ​របួសធ្ងន់ ចំណែក​ឈ្មោះ ទី ណូ របួស​ស្រាល​។​ ក្រោយពេល​កើតហេតុ​​ អ្នករងរបួស​ទាំងពី​រ​នាក់ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ប៉ោយប៉ែត​២ និង​ចំណែក​សព ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​រីឯ​រថយន្ត​ឃាត់​ បាន​មួយ​គ្រឿង​ ចំណែក​ឯ​រថយន្ត​ហាយ​ឡិន​ដឺ បន្សល់ទុក​តែ​កាង​មុខ​និង​ស្លាក​លេខ​ប៉ុណ្ណោះ ​ហើយ​បើក​រត់គេច សមត្ថកិច្ច​កំពុង​ដាក់​កម្លាំង​តាម​ស្ទាក់ចាប់​៕

ដោយ ៖ ​គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114