ព័ត៍មានទាន់​ហេតុការណ៏
Search

សមាគម​អតីត​យុទ្ធ​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង​ នាំ​យក​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​៤​លាន​រៀល ទៅ​ប្រគល់​ជូន​គ្រួសារ​អតីត​យុទ្ធជន នៅ​ក្នុង​ស្រុក​រលាប្អៀរ​

កំពង់ឆ្នាំង​ ៖ ក្រុមការងារ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង ដឹកនាំ​ដោយ លោក​ឧត្ដម​សេនីយ៍​ទោ ធន ធឿន សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩ បាន​ចុះ​សួរ​សុខ​ទុក្ខ និង​នាំយក​ថវិកា​មរណៈ​សង្គ្រោះ​ទៅ​ប្រគល់​ជូន​គ្រួសារ​អតីត​យុទ្ធជន​នៅ​ក្នុង​ស្រុក​រលាប្អៀរ ដែល​ប្តី និង​ឪពុក​ បានទទួល​មរណភាព​ដោយសារ​ជំងឺ។

លោក​ឧត្ដមសេនីយ៍​ទោ ធន ធឿន ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង និង​ជា​មេបញ្ជាការ​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង នៅក្នុង​ពិធី​ចុះសួរសុខទុក្ខ​នេះ បាន​និយាយ​ឲ្យ​ដឹងថា​ ៖ អនុវត្តន៍​តាម​គោលនយោបាយ​របស់​សមាគម​អតីត​យុទ្ធជន​កម្ពុជា ដែល​មាន ​សម្ដេច​តេ​ជោ ​ហ៊ុន សែន ជា​ប្រធាន​ក្នុងថ្ងៃនេះ សមាគម​បាន​នាំយក​ថវិកា បេឡា​មរណ​សង្គ្រោះ ចំនួន​៤,០០០,០០០​រៀល (​បួន​លាន​រៀល​) ,​មក​ប្រគល់​ជូន​ដោយ​ផ្ទាល់ដៃ​គ្រួសារ​សព លោកស្រី ម៉ិ​ល ប៉ែន ត្រូវជា​ប្រពន្ធ សព​សមាជិក​អតីត​យុទ្ធជន ដែលមាន ឈ្មោះ សួន ឃឿន ប្រភេទ​ជន​ពិការ ID (HA87001156) ដែល​បានទទួល​មរណភាព ដោយ​ជំងឺ នៅវេលា​ម៉ោង​៣និង​៤០​នាទី ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​ក្នុង​លំនៅដ្ឋាន ភូមិ​ស្ពក​រាជ្យ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ។

ដោយឡែក ​ក្រៅពី​ថវិកា​មរណៈ​សង្គ្រោះ ក៏មាន​អង្ករ​៥០​គីឡូ និង​ថវិកា​១​លាន​រៀល ជា​អំណោយ​របស់ ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត និង​ លោកជំទាវ ផងដែរ។​

​លោក ធន ធឿន បាន​បញ្ជាក់​ថា​ ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត តែ​គិតគូរ​ជានិច្ច​នូវ​សុខទុក្ខ បងប្អូន​អតីត​យុទ្ធជន​នៅ​គ្រប់​មូលដ្ឋាន ពិសេស​ គឺ​ការ​ចុះ​បើកប្រាក់​មរណៈ​សង្គ្រោះ​ឲ្យ​ទាន់​ពេលវេលា​ដល់​ក្រុម​គ្រួសារ​អតីត​យុទ្ធជន ទោះបី​ខ្វះខាត​យ៉ាងណា​ គឺ​ត្រូវ​ដោះស្រាយ​ឲ្យ​បាន ដើម្បី​ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ យក​ថវិកា​នោះ ទៅ​ចាត់ចែង​ធ្វើបុណ្យ​ទៀន​តាម​ប្រពៃណីជាតិ។​

​លោកស្រី ម៉ិ​ល ប៉ែន ត្រូវជា​ប្រពន្ធ សព​សមាជិក​អតីតយុទ្ធជន ដែល​មាន ឈ្មោះ សួន ឃឿន បាន ថ្លែង​អំណរ​អគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​កម្ពុជា ដែល​ជានិច្ចកាល​ សម្តេច តែង​នៅ​ជាប់​ជាមួយ​អតីត​យុទ្ធជន ដោយ​មិនបាន​ទុកចោល​ពួកយើង​ឲ្យ​នៅ​ឯកោ​នោះ​ឡើយ យើងខ្ញុំ​ជា​ក្រុម​គ្រួសារ​អតីត​យុទ្ធជន សូម​គោរព​ជូនពរ​ សម្ដេច សូម​ប្រកបដោយ​ពុទ្ធពរ​៤​ប្រការ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ។ សូម​គោរព​ជូនពរ​ដល់ ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត និង ​លោកជំទាវ និង​ក្រុម​ការងារ សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង សូម​ទទួលបាន​សេចក្តីសុខ និង​មានជ័យ​គ្រប់​ភារកិច្ច​ក្នុង​ការងារ​ជួយ​ជាតិ​មាតុភូមិ​កម្ពុជា​នៃ​យើង៕

ដោយ ៖ ឈៀង ថា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114