ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទះ​ឃើញ​គ្រាប់មីន​ និង​គ្រាប់​កាំភ្លើងត្បាល់​ក្នុង​ដី​តំបន់​អតីត​សមរភូមិ​សង្គ្រាម​ស្រុក​ស្វាយចេក

​​បន្ទាយមានជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃទី១៨ ​ខែ​កក្កដា ឆ្នាំ​២០១៩​នេះ មាន​ប្រជាពលរដ្ឋ​ បាន​ប្រទះឃើញ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ និង​គ្រាប់កាំភ្លើង​ត្បាល់​សរុប​១០​គ្រាប់​ កប់​ក្នុង​ដីចម្ការ ​នៅ​ទីតាំង​២​កន្លែង​ផ្សេងគ្នា​តំបន់​អតីត​សមរភូមិ​សង្គ្រាម​ក្នុង​ចំណុច​ដីចម្ការ​ដំឡូង​មី​មួយកន្លែង​ ក្នុងភូមិ​ព​ន្សា​យ​ជើង ឃុំ​ស្វាយចេក និង​ចំណុច​ដីចម្ការ​មួយ​កន្លែង​ទៀត​ នៅ​ភូមិ​អូរ​វែង​ជើង ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។

គ្រាប់​ទាំង​នោះ ​ត្រូវបាន​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះទៅ​ប្រមូល​យក​ ដើម្បី​រក្សាទុក​រង់ចាំ​ប្រគល់​ឲ្យ​មន្ត្រី​ស៊ីម៉ាក់​ យក​ទៅ​បំផ្លាញ​ចោល​បញ្ចៀស​ការ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ជាយថាហេតុ​អាក្រក់​ណាមួយ​កើតឡើង​។​

លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យ​ដឹងថា​គ្រាប់​មីន​ និង​គ្រាប់​មិនទាន់​ផ្ទុះ​១០​គ្រាប់​ខាងលើ​ គឺ​គ្រាប់មីន​ស្គរ​ប្រឆាំង​នឹង​មនុ​ស្សមាន​៩​គ្រាប់​ និង​គ្រាប់កាំភ្លើង​ត្បាល់​១​គ្រាប់​ ប្រភេទ​១៣០​មិល្លីម៉ែត្រ​។​

ការ​ប្រទះ​ឃើញ​គ្រាប់​ទាំង​នោះ​ មាន​ប្រជាពលរដ្ឋ​២​នាក់ ​ទៅ​ធ្វើ​ដីចម្ការ​ដំឡូង​មី​ និង​ធ្វើស្រែ ​ប្រទះ​ឃើញ​ ពេល​ដែល​មានការ​ដកស្មៅ​ដំឡូង​មី ​និង​ភ្ជួរ​រាស់​ដី។

លោក​អធិការ​បញ្ជាក់​ទៀត​ថា ​គ្រាប់​ទាំង​នោះ បាន​យក​មក​រក្សាទុក​នៅ​កន្លែង​សុវត្ថិភាព​នោះ​ហើយ​ដើម្បី​រង់ចាំ​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ស៊ីម៉ាក់​យកទៅ​កម្ទេច​ចោល​៕

ដោយ ៖ ​គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114