ព័ត៍មានទាន់​ហេតុការណ៏
Search

កសិករ​ជាង​២០​គ្រួសារ នៅ​ស្រុក​ព្រះស្តេច ចង់​ប្រកប​របរ​បណ្ដុះ​ផ្សិត​ឡើងវិញ ក្រោយ​បោះបង់ចោល ដោយសារ​បញ្ហា​ពូជ និង​បច្ចេកទេស

​ព្រៃវែង ៖ ​ប្រជាកសិករ​ចំនួន​២៣​គ្រួសារ រស់នៅ​ក្នុង​ភូមិ​ស្រះ​កែវ ឃុំ​ក្រាំងស្វាយ ស្រុក​ព្រះស្តេច ដែល​ប្រកប​របរ បណ្តុះ​ផ្សិត​លក់ បាន​ផ្អាក​ដំណើរ​ការដាំដុះ អស់​រយៈពេល​ច្រើន​ខែ​មកហើយ ដោយសារ​បញ្ហា​ពូជ និង​បច្ចេកទេស ធ្វើ​ឲ្យ​ពួកគាត់​ខាតបង់​ទឹកប្រាក់​ក្នុង​គ្រួសារ​យ៉ាងច្រើន ក្នុង​មួយ​រដូវៗ។

​លោកស្រី ជា សាបាន ប្រធាន​សហគមន៍ ប៉ាត​ឌី​(PADEE) បាន​ប្រាប់​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្រុម​សហគមន៍​របស់​គាត់ បោះបង់​មុខរបរ​បណ្តុះ​ផ្សិត​នេះ​ចោល គឺ​ដោយសារតែ ផ្សិត​ដាំ​ដុះ​មិនសូវ​បាន​ល្អ ហើយ​ការនាំយក​ពូជ​ផ្សិត​មកពី​ខេត្ត​ផ្សេង រួមទាំង​នាំចូល​ពី​ប្រទេស​ថៃ​ផង នៅតែ​ដាំ​មិនសូវ​បាន​ដុះ​ល្អ​ធំធាត់ ដូច​មុនៗ​ឡើយ​។ រីឯ​ការដាំដុះ​វិញ គឺ​ធ្វើ​ទៅតាម​ការណែនាំ​បង្ហាត់បង្ហាញ និង​បង្ហាត់​បង្រៀន ពី​មន្ត្រី​ជំនាញ​អស់ហើយ តែ​នៅតែ​បរាជ័យ ទើប​ពួកគាត់​ទាំង​ជា​២០​គ្រួសារ សម្រេច​បោះបង់ មុខរបរ​មួយ​នេះ​ចោល កាលពីដើម​ខែ​ឧសភា ឆ្នាំ​២០១៩​។

​លោកស្រី​បន្ថែម​ថា ក្រោយពី​បោះបង់​មុខរបរ​បណ្តុះ​នេះ​ចោល រហូតមកដល់​ពេលនេះ សមាជិក​ខ្លះ បាន​ចាក​ចេញពី​លំនៅឋាន​ទៅ​រក​ការងារ​ថ្មី នៅ​ទី​ឆ្ងាយៗ និង​ខ្លះទៀត​ ទៅធ្វើ​ស្រែចម្ការ​វិញ បើទោះ​បីជា​ដឹងថា តម្លៃ​ស្រូវ​លក់​ចេញ មិនសូវ​បាន​ចំណេញ​ដូច​របរ​ដាំ​ផ្សិត​នេះ​ក៏ដោយ ព្រោះ​ពួកគាត់​មិន​មាន​ចំណេះវិជ្ជា ក្រៅពី​របរ​ទាំងនេះ​។​

​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​ នេសាទ​ខេត្ត​ព្រៃវែង បានឲ្យ​ដឹង​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃទី​១៨​កក្កដា​ថា បងប្អូន​ប្រជាកសិករ នៅ​ភូមិ​ស្រះ​កែវ​ខាងលើនេះ មិនមែន​បោះបង់​មុខរបរ​បណ្តុះ​ផ្សិត​នេះ​ចោល​ទេ គឺ​គ្រាន់តែ​ពួកគាត់​ផ្អាក​ធ្វើ​មុខរបរ​នេះ​មួយរយៈ​ប៉ុណ្ណោះ ដោយសារ​អត់​មាន​មេ​ពូជ​ផ្សិត គួបផ្សំ​នឹង​កត្តា​មួយ​ចំនួន ដូចជា ខ្វះ​ចំបើង និង​អាកាសធាតុ​មិន​អំណោយផល​ជាដើម​។​​

​លោក​បញ្ជាក់ថា បច្ចុប្បន្ននេះ ខាង​មន្ទីរ ក៏​កំពុង​ព្យាយាម​ស្វែងរក​មេ​ពូជ​ផ្សិត ជូន​ប្រជាកសិករ​ទាំង​នោះ​ដែរ ប៉ុន្តែ​នៅ​រក​មិនទាន់បាន ដោយសារ​អ្នក​ផលិត​មេ​ពូជ​ផ្សិត នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​ធ្លាប់​ទិញ​កន្លងមក គេ​ឈប់​ផលិត ហើយ​បើ​ធ្វើ​ការផលិត​ខ្លួនឯង ក៏​ទៅ​មិន​រួច​ដែរ ព្រោះ​ត្រូវ​ចំណាយ​ដើមទុន​ច្រើន ទៅលើ​ឧបករណ៍​ផលិត​។ តែ​ទោះជា​យ៉ាងណា​លោក​បាន​បញ្ជាក់ថា នៅពេលដែល​យើងរ​ក​មេ​ពូជ​បាន​នោះ​ កសិករ​ទាំងអស់​នៅ​ភូមិ​ស្រះកែវ ឃុំ​ក្រាំងស្វាយ ស្រុក​ព្រះស្តេច​នេះ នឹង​ត្រឡប់មក​ចាប់​ធ្វើ​មុខរបរ​បណ្តុះ​ផ្សិត​លក់​នេះ​វិញ​ហើយ​៕

ដោយ ៖ ​សៅ​គ្រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114