ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខេត្ត​ និង​ក្រុង​សិរីសោភ័ណ​ ចុះ​ពិនិត្យ​ និង​នាំ​យក​ម៉ាស៊ីន​បូម​ទឹក​ជួយសង្គ្រោះ​ស្រូវ​កសិករ​ជាង​២០០​ហិកតា

បន្ទាយមានជ័យ​ ៖ ​ដោយ​ទទួល​បាន​ការណែនាំ​ចង្អុលបង្ហាញ​ពី​ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ កែ គឹម​យ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ, ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ​កាលពី​ថ្ងៃ​ទី​១៨​ ខែ​កក្កដា ឆ្នាំ​២០១៩ រួម​នឹង​ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាល ​នៃ​គណៈ​អភិបាលក្រុង រួម​នឹង​ លោក ជាម សុខ ប្រធាន​ក្រុមប្រឹក្សា​ក្រុង មន្ត្រី​ក្រោម​ឱវាទ បាន​ចុះ​ពិនិត្យមើល​ស្រូវប្រាំង​របស់​ប្រជាកសិករ​ដែល​ទទួលរ​ង​នូវ​ការខ្វះខាត​ទឹក នៅ​ចំណុច​សំណង់​មុខ​៤ ភូមិ​ព្រហូត សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ដែលមាន​ប្រមាណ​ជាង២០០​ហិកតា ដែល​កំពុងតែ​ត្រូវការ​ទឹក​សម្រាប់​ស្រោចស្រព។

​ក្នុងនោះ ​លោក​អភិបាលក្រុង ក៏បាន​នាំយក​ម៉ាស៊ីនបូមទឹក​ចំនួន ២​គ្រឿង ដើម្បី​ជួយ​បូមទឹក​សម្រាប់​ស្រោចស្រព​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ​នៅក្នុង​មូលដ្ឋាន​ខាង​លើ ធ្វើយ៉ាងណា​ដើម្បី​ជួយ​សង្គ្រោះ​បាន​ទាន់ពេលវេលា ហើយ​លោក​នឹង​ខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​ជួយសង្គ្រោះ​ស្រូវប្រាំង​ឲ្យ​បាន។

ជាមួយគ្នា​នោះ​ ប្រជាកសិករ​ បាន​សម្ដែង​នូវ​ក្តី​សប្បាយរីករាយ​ជាខ្លាំង​នៅពេលដែល​ក្រុមការងារ អាជ្ញាធរ​ក្រុង​សិរីសោភ័ណ បាន​ចុះជួយ​ដោះស្រាយ​បញ្ហា​ទឹក​ជួយ​ពួកគាត់ និង​បាន​នាំយក​ម៉ាស៊ីន​បូម​ទឹក បូម​ពី​ស្ទឹង​ទម្លាក់​ទៅតាម​ប្រឡាយ ដើម្បី​ពួកគាត់​បាន​បូម​បន្ត​ស្រោចស្រព​ដំណាំ​ស្រូវប្រាំង​របស់​ពួកគាត់​ដែល​កំពុងតែ​ក្រៀម​ស្វិត។​

​លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​ នេសាទ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា លោក​មិនទាន់​ទទួលបាន​របាយការណ៍​ពី​បណ្តា​ស្រុក​/ក្រុង ដែល​ទទួលរង​ផល​ប៉ះពាល់​ខ្វះខាត​ទឹក​ប៉ុន្មាន​ហិកតា​នោះទេ តែ​លោក​បាន​ចុះទៅពិនិត្យ​ជាក់ស្តែង គឺ​ដើម​ស្រូវ​នៅ​រឹងមាំ​ល្អ បើ​គិត​ជា​ភាគរយ ​នៃ​ការប៉ះពាល់ ​គឺ​ ប្រហែល​១០%​តែប៉ុណ្ណោះ ហើយ​បើ​នៅ​សប្ដាហ៍​នេះ ​យើង​ទទួល​បាន​ទឹកភ្លៀង ស្រូវ​នឹង​មាន​ការលូតលាស់​ឡើង​វិញ។​

​សូមបញ្ជាក់ថា យោងតាម​របាយការណ៍​របស់​សង្កាត់​អូរ​អំបិល ស្រូវប្រាំង​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ប្រមាណ​ជាង​២០០​ហិកតា កំពុងតែ​រង​នូវ​ការ​ខូចខាត​ទឹក​ស្រោចស្រព បើ​អាកាសធាតុ​នៅតែ​បន្ត​អូស​បន្លាយ​ទៀត​ ស្រូវ​ប្រជាពលរដ្ឋ​ទាំងអស់​ នឹង​អាច​ខូច​ទាំងស្រុង។ ​​ប្រជាពលរដ្ឋ​ ក៏បាន​សំណូម​ពរ​ឲ្យ​បើកទឹក​ពី​ខាង​ទំនប់​ព្រៃ​ខ្ពស់ និង​មិន​ឲ្យ​អ្នក​នៅ​ខាងលើ​បិទ​ទឹក​ទប់​ទៀត​ទេ បើ​មិន​ដូច្នោះ​ពួកគាត់​គ្មាន​ទឹក​សម្រាប់​ស្រោចស្រព​ស្រូវប្រាំង​ឡើយ៕

ដោយ ៖ អ.ពៅ

​​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114