ព័ត៍មានទាន់​ហេតុការណ៏
Search

សូត្រ ប៊ុន​ធី ​ជួប​ថៃ​ចំណូល​ថ្មី​ ហ្វា​ណាំ​ឆ័យ ,​វ៉ាន់ វឿន ជួប លូ លី នៅ​សង្វៀន​SEATV

​អ្នក​ប្រដាល់​ដៃ​វែង​ជើងវែង​កម្ពុជា សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី ហ្វា ណាំ​ឆៃ (Far Namchhai)​ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម នៅលើ​សង្វៀន ​Wurkz​ របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃអាទិត្យ​ ទី​២១ ខែ​កក្កដា​ ឆ្នាំ​២០១៩ នេះ។​

​នេះ​ជា​លើកដំបូង​ហើយ ដែល​អ្នក​ប្រដាល់​ថៃ​រូបនេះ ឆ្លងដែន​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ។ ហ្វា ណាំ​ឆៃ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៣​លើក ឈ្នះ​៦០​លើក ចាញ់​១២​លើក និង​ស្មើ​ពិន្ទុ​១​លើក។ ចំពោះ​សូត្រ ប៊ុន​ធី​វិញ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០៦​លើក ឈ្នះ​៨០​លើក ចាញ់​២២​លើក​និង​ស្មើ​ពិន្ទុ​៤​លើក។

​សូត្រ ប៊ុន​ធី គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្ត​ប្រដាល់​មិនសូវ​ធំ​នោះទេ បើ​គេ​ខ្លាំង​ជាង​នោះគេ​មិនសូវ​វាងវៃ​រក​កលល្បិច​ផ្សេង ដើម្បី​វាយ​គូប្រកួត​ឡើយ​តែ​ចិត្ត​គេ ធ្លាក់ចុះ​តូច​តែម្ដង។ គេ​ជា​អ្នក​ប្រដាល់​ដែល​ពូកែ​ជង្គង់ និង កែង​។ ជង្គង់ និង កែង របស់គេ​វាយ​ចេញ​បានល្អ​ និង​រហ័ស​ណាស់។ ​ចំពោះ​ហ្វា​ណាំ​ឆៃ​ មិន​មាន​នរណា​ដឹង​ថា គេ​មាន​របៀប​ប្រកួត​យ៉ាងណា​នោះ​ឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ ទើប​តែ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​លើក​ទី​១​ប៉ុណ្ណោះ។​

​​វ៉ាន់ វឿន អ្នក​ប្រដាល់​ក្លិប​ឃ្លាំ​មឿង​កីឡា​ខេត្ត​ពោធិ៍សាត់ និង​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម​ លើក​ទី​២៩ ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ឆ្នាំ​២០១៧ ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ លូ ឡេ​(Lou Le) ដោយ​ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។ នេះ​ក៏​ជា​លើកដំបូង​ដែរ ដែល​អ្នក​ប្រដាល់​ថៃ​រូបនេះ ឆ្លងដែន​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ។

លោក​ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ​អ្នក​ប្រដាល់​ថៃ​មក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​បាន​ឲ្យ​ដឹងថា សម្រាប់​ទម្ងន់​៥៧​គីឡូក្រាម​លូ ឡេ គឺជា​ខ្លា​ក្នុងចំណោម​ខ្លា។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៧​លើក ឈ្នះ​៦៦​លើក និង​ចាញ់​១១​លើក។ ចំណែក​វ៉ាន់ វឿន​វិញ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៩​លើក ឈ្នះ​៦៤​លើក ចាញ់​១៣​លើក និង​ស្មើ​ពិន្ទុ​២​លើក។

​វ៉ាន់ វឿន ដែល​សព្វថ្ងៃ​ព្យាយាម​ហ្វឹកហាត់​ខ្លាំង​ក្នុង​ក្រុម​ជម្រើសជាតិ​នោះ អាច​យកឈ្នះ លូ ឡេ​បាន​ឬទេ?។ ព្រោះថា ការប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នៅលើ​សង្វៀន​អាស៊ីអាគ្នេយ៍​នេះ​(២៣​មិថុនា​២០១៩) គេ​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ឡា ហ្វា​ន ក្នុង​ទឹក​ទី​៤។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សៀវ ង៉ុ​យ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ត្រូវបាន​គេ​ផ្តល់​ឱកាស​ឲ្យ​ជួប​ប្រកួត​សងសឹក​ជាមួយ សេន កុសល អ្នក​ប្រដាល់​ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ​ខេត្ត​បាត់ដំបង ​ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។​

​សៀវ ង៉ុ​យ ថ្វីត្បិតតែ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្តី ប៉ុន្តែ​គេ​បាន​វាយ​ចាញ់​សេន កុសល ដោយ​ពិន្ទុ​ចំនួន​២​លើក​រួចមកហើយ កាលពី​កន្លងមក។ តែបើ​ពិនិត្យ​ពី​បច្ចេកទេស​ល្បិចកល គឺ​សៀវ ង៉ុ​យ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ រហ័ស រ​ហួន ព្រមទាំង​មាន​ផ្លែ​ល្អ​ទៀត​ផង ដែល​គូប្រកួត​មិនអាច​មើលស្រាល​បាន​ឡើយ ប៉ុន្តែ​ដល់ពេល​ប៉ះ​ជាមួយ សេន កុសល ដែល​ប្រកួត​តាម​ប្លង់​បច្ចេកទេស​ល្អ បែរជា​សៀវ​ង៉ុ​យ​ទៅ​មិន​រួច​ទៅវិញ។ ដូច្នេះ​សម្រាប់​ការប្រកួត​លើក​នេះ តើ សៀវ ង៉ុ​យ អាច​យកឈ្នះ​លើ​អ្នក​ប្រដាល់​ជើងចាស់​សេន កុសល បាន​ឬ​អត់​នោះ?។ ហើយ​ចាំមើល តើ​អ្នក​ប្រដាល់​សេន កុសល មាន​វិធី​សាស្ត្រ​យ៉ាងណា​ទៀត ដើម្បី​យកឈ្នះ​លើ​សៀវ ង៉ុ​យ បាន​ទៀត​នោះ?។​

ព្រឿង សុ​ចឺ​ត អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ នឹង​ជួប​សាក​កណ្ដាប់ដៃ​ជាមួយ​ថុល ថេ​ង អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ។ សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ?៕

ដោយ ៖ វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114