ព័ត៍មានទាន់​ហេតុការណ៏
Search

ពាក់ព័ន្ធ​​​ករណី​មេ​ប៉ុស្តិ៍​​ក្បាល​រមាស​ជំរិត​ទារ​លុយ​៤​លាន,​ សូម​​​អធិការកិច្ច​ក្រសួង​ចុះ​ស្រាវជ្រាវ​ផង​ទាន

ស្ទឹងត្រែង ​៖ ​ដើម្បី​ឲ្យ​ដឹង​ពី​ភាព​បរិសុទ្ធ​ ឬ​មិន​បរិសុទ្ធ ​របស់​លោក​មេ​ប៉ុស្តិ៍​ក្បាល​រមាស​​​ ​​លោក​អនុសេនីយ៍ឯក​ឡត​ម៉ា​រ៉​ន​រ៉​ន​ហៅ (​អ៊ុយ​)​, កម្ពុជា​ថ្មី​សូម​បំភ្លឺ​​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​ថា​ ពាក់ព័ន្ធ​ក្នុង​ករណី​ជំរិត​ទារ​លុយ​ពី​រថយន្ត​ដឹក​ទ្វារ​បង្អួច​ចំនួន​៤​លាន​រៀល​នោះ​ សូម​ឱ្យ​អធិការកិច្ច​ក្រសួង​ចុះ​ស្រាវជ្រាវ​រឿង​នេះ ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តីថ្លៃថ្នូរ​របស់​នគរបាល​ជាតិ ដូច​សម្ដេច​តេ​ជោ​លើកឡើងថា ​សាច់​មួយ​ដុំ​ដែល​ស្អុយ​គួរតែ​កាត់ចោល មិនថាតែ​ត្រឹម​មេ​ប៉ុស្តិ៍​នោះទេ​ សូម្បីតែ​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​នាក់​ ក៏​ត្រូវ​បាន​ដក​ចេញពី​តំណែង​ដែរ។

ម្ចាស់​រថយន្ត​ដឹក​ទ្វារ​បង្អួច​ បាន​និយាយ​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​កក្កដា ​ឆ្នាំ​២០១៩​ នៅ​ផ្លូវ​ចេញពី​ទំនប់​វារីអគ្គិសនី​សេសា​ន​ក្រោម​២​ គាត់ ​បាន​ដឹក​ទ្វារ​បង្អួច​កែច្នៃ​ដើម្បី​ចែកចាយ​ក្នុងស្រុក​ ក៏បាន​ជួប​លោក​មេ​ប៉ុស្តិ៍​និង​បក្ខពួក​២​នាក់​ទៀត​ ​ដោយ​ពួកគេ​បាន​​​ឃាត់​រថយន្ត​របស់​គាត់​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​​ ព្រមទាំង​ប្រើ​ហិង្សា​វាយ​ទៅលើ​​​ខ្លួន(ម្ចាស់​រថយន្ត)​មួយ​ដៃ​ចំ​កណ្ដាល​មុខ​ផង​ដែរ។

ដើម្បី​បំភ្លឺ​ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង និង​មហាជន​កុំ​ឲ្យ​យល់​ច្រឡំ​នៅ​ក្នុង​ករណី​ឃាត់​រថយន្ត​នោះ​ ម្ចាស់​រថយន្ត​បញ្ជាក់​ថា​ លោក​មិនបាន​រត់​ចូល​ព្រៃ​នោះ​ទេ​ គឺ​បាន​បើក​រថយន្ដ​ទៅដល់​ស្នាក់ការ​ប៉េអឹម​ច្រប់​ ​ហើយ​កូនចៅ​មេ​ប៉ុស្តិ៍ ​បាន​វាយ​គាត់​មួយ​ដៃ​ចំ​កណ្ដាល​មុខ ​​គាត់​ក៏​ចុះ​ពី​ឡាន​ កូនចៅ​មេ​ប៉ុស្តិ៍​ក៏​បើកឡាន​ទៅកាន់​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្បាល​រមាស​ស្រែគរ។

បន្ទាប់ពី​ទៅ​ដល់​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ លោក​មេ​ប៉ុស្តិ៍​ពិតជា​មិនបាន​​ជំរិត​ទារ​លុយ​ដោយ​ផ្ទាល់​នោះ​ទេ ​ដោយ​ប្រើ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជា​អ្នក​ទារ​ឲ្យ​ជំនួស​ខ្លួន​ក្នុង​តម្លៃ​១៣០០ ​ហើយ​បាន​តថ្លៃ​នៅសល់​ត្រឹមតែ​៤​លាន​រៀល។

លោក​នាយរង​សង្កាត់​ក្បាល​រមាស​ស្រែគរ​បាន​និយាយ​ថា ​លុយ ចំនួន​៤​លាន​នេះ​ គាត់​បាន​ប្រាប់​ថា​គាត់​មិនបាន​យក​ខ្លួនឯង​នោះ​ទេ គឺ​ខាង​ប៉ុស្តិ៍​ជា​អ្នក​ឲ្យ​គាត់​យក​ទៅ​ឱ្យ​គេ​ ដើម្បី​យក​រថយន្ត​នោះ​ចេញ​វិញ។

ប្រភព​ពី​មន្ត្រីរាជការ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ ក៏បាន​ធ្លាប់​និយាយ​ថា​ លោក​ឡត ម៉ា​រ៉​ន មេ​ប៉ុស្តិ៍​នេះ ​ត្រូវបាន​ឯកឧត្ដម​ឡូយ​សុផាត​ អតីត​អភិបាលខេត្ត​ដាក់​រហស្សនាម​ថា​ ជា​មេ​ប៉ុស្តិ៍​ត្រកួត​អណ្ដើក​ និង​ក៏​ជា​ឈ្មួញ​រកស៊ី​ឈើ​ផង​ដែរ។

សូម​បញ្ជាក់​ថា ​បើ​ចង់​ឲ្យ​កម្ពុ​ជាថ្មី​បំភ្លឺ​កាន់តែ​ច្បាស់​នោះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​ក៏ដូចជា​អធិការកិច្ច​ក្រសួង​លោក​ អាច​ចុះ​មក​ស្រាវជ្រាវ​ នឹង​ដឹង​ច្បាស់​ក្នុង​ករណី​នេះ​ហើយ។ មហាជន​ បាន​លើក​ឡើង​ថា ​បើសិនជា​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏​ដូច​អធិការកិច្ច​ក្រសួង​រក​ឃើញ​ថា​បុគ្គល​នោះ​ពិតជា​ពាក់ព័ន្ធ​ក្នុង​ករណី​ខាង​លើ​នេះ​ មែន​នោះ​ តើ​ត្រូវ​ចាត់វិធានការ​បែប​ណា​ ព្រោះ​កន្លងមក​អ្នកកាសែត​ត្រូវ​បាន​គេ​ចោទ​ថា ​បាន​ជាប់ចោទ​ពី​បទ​(​កំហែង​យក​)​ជំរិត​ទារ​លុយ​តិចតួច ​ត្រូវ​បាន​គេ​ឃាត់ខ្លួន​ និង​បញ្ជូន​ទៅ​កាន់​តុលាការ​ដាក់គុក​ផង​ដែរ។ ចំណែក​រូប​មេ​ប៉ុស្តិ៍​នេះ​ បើសិនជា​ពាក់ព័ន្ធ​ក្នុង​ករណី​បែបនេះ តើ​ថ្នាក់ដឹកនាំ​ត្រូវ​ចាត់វិធានការ​ដូចម្ដេច​ដែរ?។

ទាក់ទិន​នឹង​ករណី​ខាង​លើ​នេះ អ្នក​ព័ត៌មាន​ បាន​សុំ​ការ​បំភ្លឺ​​​ពី​លោក​ឡត ​ម៉ា​រ៉​ន មេ​ប៉ុស្តិ៍​ក្បាល​រមាស​លោក​បាន​ប្រាប់​ថា ​ការ​ឃាត់​ឡាន​ទ្វារ​បង្អួច​នេះ លោក​មិនបាន​លុយ​ទេ​ បាន​ធ្វើ​លិខិត​ផ្ទេរ​ប្រគល់​ឲ្យ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ទាំង​យប់៕

ដោយ ៖ ងិន​លីម​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114