ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​ បញ្ជូន​កីឡា​តេ​ក្វាន់​ដូ​ITF ១៧​នាក់​ ទៅ​ចូលរួម​ការប្រកួត​ជើងឯក​ពិភពលោក​នៅ​ប៊ុលហ្គារី​

លោក កៅ មករា អគ្គលេខាធិការ​រង​ នៃ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ITF​កម្ពុជា​បាន​ឲ្យ​ដឹងថា សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ITF​កម្ពុជា​(International Taekwondo Federation) នឹង​បញ្ជូន​កីឡាករ​-​កីឡាការិនី​ចំនួន​១៧​រូប​ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក ដែល​រៀបចំ​ការប្រកួត​នៅក្នុង​ប្រទេស​ប៊ុលហ្គារី។​

​ជាមួយនឹង​កីឡាករ​-​កីឡាការិនី​ចំនួន​១៧​រូប ​ក៏​នៅមាន​មន្ត្រី​ដឹកនាំ និង​គ្រូបង្វឹក​ទៀតផង។ បើតាម​ការ​ឲ្យ​ដឹង​ពី​លោក កៅ មករា ឲ្យ​ដឹង​បន្ថែម​នោះ​។

​ការប្រកួត​ខាងលើនេះ​ប្រព្រឹត្តទៅ​ពី ថ្ងៃទី​២៤ រហូតដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩។​ កីឡាករ​-​កីឡា​ការិនី​ភាគច្រើន​ជា​កីឡា​ថ្នាល​វ័យក្មេង។ លោក​កែវ រ៉េមី ដែល​ជា​ប្រធាន​សហព័ន្ធ​នឹង​ដឹក​នាំទៅ​ចូលរួម​ការប្រកួត​ផ្ទាល់​តែម្ដង។​

​លោក​អគ្គលេខាធិការ​រង​បន្តថា ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ITF ​ជ្រើសរើស​ជើងឯក​កម្រិត​ពិភពលោក​សម្រាប់​កីឡាករ​-​កីឡា​ការិនី​ថ្នាល ​គឺជា​ការប្រកួត​លើក​ទី​១៤ ​ចំណែក​កីឡាករ​កីឡា​ការិនី​ក្រុម​ជម្រើស​ជាតិ​ គឺជា​ការប្រកួត​លើក​ទី​២១​។ សម្រាប់​កម្ពុជា ​ការ​ចេញ​ទៅ​ប្រកួត​លើក​នេះ ​គឺ ​បញ្ជូន​កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ​ទៅ​ចូលរួម​ចំនួន​៩​នាក់ ​និង កីឡាករ​-​កីឡាការិនី​ថ្នាល​ចំនួន​៨​រូប។​

​សម្រាប់​ការប្រកួត​ជើងឯក​ពិភពលោក​នេះ ​កម្ពុជា​ក៏​ធ្លាប់​ដណ្ដើមបាន​មេដាយ​ដែរ​ តែ​ជាការ​ប្រកួត​សម្រាប់​កម្រិត​ជម្រើសជាតិ។​ កីឡា​តេ​ក្វាន់​ដូ​ITF ជា​ប្រភេទ​កីឡា​ប្រយុទ្ធ​មាន​ដើមកំណើត​នៅ​ប្រទេស​កូរ៉េ​ខាងជើង​ ហើយ​វា​មិនមែនជា​ប្រភេទ​កីឡា​អូឡាំពិក​នៅឡើយ​ទេ។​

​លោក​កែវ រ៉េមី ក្នុង​ឋានៈ​ជា​ប្រធាន​សហព័ន្ធ​សម្រាប់​តំបន់​អាស៊ាន​នោះ កំពុងតែ​ខ្នះខ្នែង​ក្នុង​ការ​ដាក់​បញ្ចូល​ប្រភេទ​កីឡា​នេះ ឲ្យ​មាននៅ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ​ពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ៕

​ដោយ ៖ វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114