ព័ត៍មានទាន់​ហេតុការណ៏
Search

ឯម ឡេង​លី សងសឹក កង ថៃ​លេន ខណៈ​ធន់ ចាន់​តាក់ ជួប ផេ​ត សិ​ង្ហា នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​

​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ឯម ឡេង​លី ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្តល់​ឱកាស​ឲ្យ​ជួប​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ កង ថៃ​លេន​(Kong Thailen) នា​យប់​ថ្ងៃអាទិត្យ​ ទី​២១​ ខែ​កក្កដា​ ឆ្នាំ​២០១៩​នេះ នៅក្នុង​លើស​ង្វៀន​ទូរទស្សន៍​បាយ័ន​ស្ទឹងមានជ័យ។ ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម។​

​កង ថៃ​លេន ជា​អ្នក​ប្រដាល់​ថៃ​ចាស់ ដែល​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ប៉ុន្មាន​លើក​ហើយ​កន្លងមក។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​សមត្ថភាព​ខ្លាំង​គួរសម​ដែរ​។ ​មិនធម្មតា​ទេ ដែល​កង ថៃ​លេន អាច​យក​ឈ្នះ​លើ​ឯម ឡេង​លី (១៦​មិថុនា​២០១៩)​បាន​នោះ គឺ​បញ្ជាក់​បាន​ថា ​កង ថៃ​លេន គេ​ខ្លាំង​ហើយ​។ ចាំ​មើល តើ​ឯម​ឡេង​លី អាច​សងសឹក​យកឈ្នះ​កង ថៃ​លេន បានសម្រេច​ ឬ​អត់​ក្នុង​ជំនួប​លើក​ទី​២​នេះ?។

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​១២១​លើក ឈ្នះ​១០៨​លើក ចាញ់​១២​លើក និង​ស្មើ​០១​លើក។ គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ចុងក្រោយ​នេះ គឺ​វាយ​ឈ្នះ​ឯម ឡេង​លី ដោយ​ពិន្ទុ។ ​នេះ​បើតាម​ប្រវត្តិ​ប្រកួត​របស់​កង ថៃ​លេន។

​ឯម ឡេង​លី មាន​កំណត់​ត្រា​ប្រកួត​តែ​៥១​លើក ឈ្នះ​៤១​លើក ចាញ់​០៧​លើក ស្មើ​០៣​លើក។​ យ៉ាង​ណាក៏ដោយ ក៏​មិនទាន់​ប្រាកដថា ឡេង​លី ​គេ​ចាញ់​កង ថៃ​លេន ទៀត​នោះឡើយ ព្រោះថា​ឡេង ​លី​ឥឡូវ គេ​មាន​យល់ដឹង​ច្រើន​អំពី​តិចនិក​ប្រកួត​ និង​កម្លាំង​កាយសម្បទា​ខ្លាំង​ជាង​មុន។​

​ទោះជា​យ៉ាងណា ឯម​ឡេង​លី មិនអាច​ធ្វេសប្រហែស ​ឬ​មើលងាយ​កង ថៃ​លេន បានឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ខ្សោយ​ដូច​អ្នកផ្សេង​ដែល​ខ្លួន​ធ្លាប់​ផ្ដួល​យកឈ្នះ​បាន​ស្រួលៗ​នោះទេ។ នេះ​ បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង​នោះ​។ ហើយ​យ៉ាងណា កង ថៃ​លេន ​ក៏​មិនទាន់​ប្រាកដថា អាច​ឈ្នះ ឯម ឡេង​លី បាន​ទៀត​ដែរ ព្រោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា​រូបនេះ មិន​សាមញ្ញ​នោះ​ទេ ព្រោះ​ក្រោយពី​ចាញ់​កង ថៃ​លេន​មក​នោះ ឯម ឡេង​លី គេ​បាន​វាយ​ឈ្នះ​ជើង​ខ្លាំង​របស់​ថៃ​ចំនួន​ពីររូប​ជាប់ៗ​គ្នា​នៅលើ​សង្វៀន​ស្ទឹងមានជ័យ​នេះ។​

​ចាំមើល ឯម ឡេង​លី អាច​យកឈ្នះ កង ថៃ​លេន បាន​ឬ​អត់ នៅក្នុង​ជំនួប​សងសឹក​នេះ?។ ឯម ឡេង​លី គេ​ប្រកួត​ជាមួយ​ថៃ​ចុងក្រោយ​នេះ បាន​វាយ​ឈ្នះ អ្នក​ប្រដាល់​ថៃ​ផេ​ត ម៉ូ​រ៉ូ​គ​ត ដោយ​ពិន្ទុ។​

​ចំពោះ ធន់ ចាន់​តាក់ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ ដែល​ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ថៃ ផេ​ត សិ​ង្ហា អា​យ៉ុង​ជី​ម (Petchsingha Ahyong Gym) ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥ ០០​គ​.​ក្រ។

​ចាន់​តាក់ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ប្រមាណ​ជិត​៣០​នាក់​ហើយ​ទាំង​លើក​នេះ។ កាលពី​ជួប​ប្រកួត​ជាមួយ​ថៃ​លើក​ចុង​ក្រោយ​នៅ​សង្វៀន​ស្ទឹងមានជ័យ​នេះ (២៨​មិថុនា​២០១៩) គេ​បាន​វាយ​ចាញ់​ថៃ​ហ្វា​នី​មិត្ត ដោយ​ពិន្ទុ។​

ធន់ ចាន់​តាក់ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៣​លើក ក្នុងនោះ​វាយ​ឈ្នះ​៦០ ចាញ់​១១​លើក មិនដែល​ស្មើ។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ដែលមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា ចាន់​តាក់​អាច​យកឈ្នះ​ផេ​ត សិ​ង្ហា បាន​ឬក៏​អត់​នោះទេ​?។​

​ផេ​ត សិ​ង្ហា អា​យ៉ុង​ជី​ម ជា​ជើង​ខ្លាំង​ដែលមាន​ស្នៀត​ទាត់ និង​កណ្តាប់ដៃ​ល្អ។ ដូច្នេះ​ធន់ ចាន់​តាក់​ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការលំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៦​លើក ឈ្នះ​៦៣​លើក​ចាញ់​១២​លើក​និង ស្មើ​០១​លើក។ ចាំមើល រវាង​ធន់ ចាន់​តាក់ និង ផេ​ត សិ​ង្ហា អា​យ៉ុង​ជី​ម តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​នេះ? ។​

​ចំពោះ​ការប្រកួត​មិត្តភាព​រវាង​ខ្មែរ​និង​ខ្មែរ​វិញ សោម វិឆ័យ អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។​

យ៉ាងណា សោម វិឆ័យ ប្រហែលជា​យ៉ាប់​ជាមួយ​វ៉ែន ហុង​ជី​វ៉ុ​ង​ហើយ ត្បិត​អ្នក​ប្រដាល់​ហុង​ជី​វ៉ុ​ង​នេះ គេ​ល្អ​និង​ខ្លាំង ហើយ​មួយទៀត សោម វិឆ័យ ឥឡូវ​គេ​ក៏​មិន​ខ្លាំង​ដូច​ពីមុន​ដែរ។ ​ប៉ុន្តែ​ពិនិត្យ ពីរ​ប្រកួត​ចុងក្រោយ​នេះ សោម វិឆ័យ គេ​មានការ​រីកចម្រើន​ជាង​មុន​ដោយ​វាយ​ឈ្នះ​ទាំងពីរ​ប្រកួត​នេះ។​

បាង កា​ណុន អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ នឹង​ជួប​ប្រកួត​ជាមួយ នួន ដេវីត អ្នក​ប្រដាល់​ក្លិប​កុមារ​ទេព​មាន​រិ​ទ្ធ ដោយ​ប្រកួត​លក្ខណៈ​ប្រដាល់​សាកល​អាជីព​ក្នុង​ទម្ងន់​៥៦​គីឡូក្រាម៕

ដោយ ៖ វិសិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114