ព័ត៍មានទាន់​ហេតុការណ៏
Search

អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម សម្ដែង​ការគាំទ្រ​ចំពោះ​ប្រតិកម្ម​តប​របស់​កម្ពុជា ទាក់ទង​ការ​អនុម័ត​ច្បាប់ Cambodia Democracy Act of 2019 របស់​អាមេរិក​

​ភ្នំពេញ​ ៖ ការគាំទ្រ​របស់ លោក ង្វៀន គួ​ក​យុង (Nguyen Quoc Dung) អនុរដ្ឋមន្ត្រី​ការបរទេស​វៀត​ណាម​នេះ បាន​ធ្វើ​ឡើង ខណៈ​លោក​បាន​ចូល​ជួប​សម្តែង​ការគួរសម​ជាមួយ ​ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បន្ទាប់ពី​ដឹក​នាំ​គណៈប្រតិភូ​មក​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​៦ កាលពី​រសៀល​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩​។​

​លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​ជំនួប​នោះ​ថា នៅក្នុង​ជំនួប​នោះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សំដែង​នូវ​ការស្វាគមន៍ និង​អបអរសាទរ​នូវ​លទ្ធផល​ជា​ផ្លែផ្កា នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​៦ ដែល​ភាគី​ទាំង​២ បាន​ពិភាក្សាគ្នា​កាលពី​ព្រឹក​ថ្ងៃទី​១៨​កក្កដា លើ​ទិដ្ឋភាព​ជាច្រើន ដែល​ក្នុង​នោះ​មានដូចជា កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បញ្ហា​តំបន់ និង​បញ្ហា​អន្តរជាតិ ដែល​បញ្ហា​ទាំងនេះ បាន​ជួយ​ដល់​កិច្ចទំនាក់ទំនង​មិត្តភាព​យូរអង្វែង ជា​ប្រពៃណី រវាង​ប្រទេស​ទាំងពីរ ហើយ​កិច្ចប្រជុំ​នេះ​ផងដែរ ជា​កិច្ចប្រជុំ​ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម ដែល​គ្រោង​ធ្វើ​នៅ​ខែសីហា​ខាងមុខ​។

ទន្ទឹមនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​សំដែង​ក្តី​រីករាយ ដែល​បាន​កត់សម្គាល់​ឃើញ​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ (​កម្ពុជា​-​វៀតណាម​) មានការ​ពង្រឹង​ពង្រីក ជាពិសេស​ទំនាក់ទំនង​ដ៏​ល្អ​ប្រណិត រវាង​ថ្នាក់ដឹកនាំ​កំពូល នៃ​ប្រទេស​ទាំងពីរ​។​

​ជាការ​ឆ្លើយតប លោក ង្វៀន គួ​ក​យុង (Nguyen Quoc Dung) អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ដែល​បាន​អនុញ្ញាត​ឲ្យ​រូបលោក ក៏ដូចជា​គណៈប្រតិភូ​បាន​ចូលជួប​សម្ដែង​ការ​គួរសម​នាពេលនេះ ហើយ​លោក​បាន​សំដែង​នូវ​ការរីករាយ​ដោយ​អះអាង​ថា កិច្ចពិភាក្សា​នេះ បានទទួល​ជោគជ័យ ដោយ​បាន​ធ្វើការ​ផ្លាស់ប្ដូ​រ​យោបល់​គ្នា​លើ​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី ក៏ដូចជា​ផ្លាស់ប្ដូរ​បទពិសោធន៍​លើ​ទំនាក់ទំនង​របស់​ប្រទេស​នីមួយ​រៀងៗ​ខ្លួន​, ទំនាក់​ទំនង​ជាមួយ​ប្រទេស​ខាងក្រៅ​, ប្រទេស​នៅក្នុង​តំបន់ ក៏ដូចជា​បណ្ដា​ប្រទេស​មហាអំណាច​ដទៃទៀត ហើយ​លោក​អនុរដ្ឋមន្ត្រី​បាន​អះអាងថា ជា​ការពិត​ប្រទេស​យើង​មាន​លក្ខណៈ​ដោយឡែក​គ្នា​, មាន​បញ្ហា​ស្មុគស្មាញ​រៀងខ្លួន​, ខិតខំ​ធ្វើការ​រៀងខ្លួន​ដើម្បី​ផលប្រយោជន៍​ នៃ​ប្រជាជន​រៀងខ្លួន ក៏​ដូចជា​កិច្ចសហប្រតិបត្តិការ នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន​។

​ទន្ទឹមនឹងនេះ​លោក Nguyen Quoc Dung បាន​អះអាងថា នឹង​បន្ត​ជំរុញ​ការសម្របសម្រួល​ជាមួយគ្នា​ឲ្យ​កាន់តែ​ល្អ​។ ពីព្រោះ​នៅ​ឆ្នាំ​២០២០ ខាងមុខនេះ វៀតណាម នឹង​ទទួល​ធ្វើជា​ប្រធាន​អាស៊ាន ហើយ​វៀតណាម ក៏​នឹង​ក្លាយជា​សមាជិក​មិន​អចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ឆ្នាំ​២០២២០-២០២១ ចំណែក​កម្ពុជា ក៏​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប នៅ​ឆ្នាំ​២០២០​នេះ​ផងដែរ​។​

​តាម​លោក កេ​ត សោ​ផាន់ នៅក្នុង​ជំនួប​ពិភាក្សា​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​លើកឡើង​ពី​ទិដ្ឋភាព​ចំនួន​២​ផងដែរ គឺជា​មួយ​មហាអំណាច សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប EU​។ លើ​បញ្ហា​ទំនាក់ទំនង​ជាមួយ​អាមេរិក ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាប​ជូន​ភ្ញៀវ​លើ​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ជនភៀសខ្លួន​កម្ពុជា ក្រោយ​ឆ្នាំ​១១៩៩៤ គឺ​បើទោះបីជា​នៅពេលនេះ​ប្រទេស​កម្ពុជា បាន​បន្ត​កម្មវិធី​នេះ​ឡើងវិញ ទទួលយក​ជនភៀសខ្លួន​ឡើងវិញ​ក្តី ប៉ុន្តែ​អាមេរិក នៅតែ​បន្ត​រិត​ត្បិត​ទិដ្ឋាការ​សម្រាប់​មន្ត្រីជាន់ខ្ពស់​ការបរទេស ដែល​បញ្ហា​នេះ​តម្រូវ​ឲ្យ​កម្ពុជា​ធ្វើ​ការងារ​បន្ថែម​ទៀត​។ ចំណែក​បញ្ហា​ទី​១ គឺ​ការ​គំរាម​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​ការ​គំរាម​នេះ កម្ពុជា​បាន​ខិតខំ​ធ្វើ​ការងារ​យ៉ាងច្រើន តែ​ទោះជា​យ៉ាងណាក៏ដោយ​ការខិតខំ​នេះ នៅ​មាន​បន្ទាត់​ក្រហម គឺ​កម្ពុជា​មិនអាច​ឆ្លង​បន្ទាត់​ក្រហម​នេះ​បានទេ​។​

​ជាការ​ឆ្លើយតប​វិញ លោក ង្វៀន គួ​ក​យុង បាន​អះអាងថា វៀតណាម​បាន​តាមដាន​យ៉ាង​យកចិត្តទុក​ដាក់​នូវ​ការវិវឌ្ឍន៍​ផ្សេងៗ រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ក៏ដូចជា អី​យូ ជាពិសេស​ការវិវត្តន៍​ចុង​ក្រោយ​នេះ ដែល​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក បាន​អនុម័ត​ច្បាប់​មួយ ដែល​មាន​ឈ្មោះថា “​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ​២០១៩ – Cambodia Democracy Act of 2019” គឺ​វៀតណាម​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​ប្រតិកម្ម​តប​របស់​កម្ពុជា ដោយ​បាន​បញ្ជាក់​ថា នេះ​ គឺជា​ការ​ឆ្លើយតប​មួយ​យ៉ាង​សមស្រប​៕

ដោយ ៖ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114