ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​ ​ក្ដៅក្រហាយ​រាល់ថ្ងៃ​ ចំពោះ​រថយន្ត​ដឹក​ដី​ចេញពី​រណ្ដៅ​ភូមិ​ឃ្លាំង​សម្បត្តិ​, សូម​ក្រសួង​រ៉ែ​និង​ថាមពល​ជួយ​មើល​ផង

តាកែវ ​៖​ ប្រជាពលរដ្ឋ​ ដែល​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​០២ នៅ​ចំណុច​ជាប់​ព្រំប្រទល់​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ​និង​ស្រុក​បាទី​ខេត្ត​តាកែវ បាន​រិះគន់​យ៉ាង​ចាស់​ដៃដល់ ​ចំពោះ​រថយន្ត​ដឹក​ដី​ធំៗ និង​ក្រុម​ឈ្មួញ​កំពុង​ដឹក​ដី​យ៉ាង​អនាធិបតេយ្យ​ មិន​គ្រប ​បើកបរ​ក្នុង​ល្បឿន​លឿន ហុយ ធ្លាក់​ដី ពេញ​ផ្លូវ​ធ្វើ​ឲ្យ​ពួកគាត់​ពិបាកធ្វើ​ដំណើរ ប៉ះពាល់​សុខភាព និង​ងាយ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជាយថាហេតុ។ ទីតាំង​នោះ ​ស្ថិតនៅ​ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​សរ ស្រុក​បាទី ខេត្ត តាកែវ។

ប្រភព​ពី​ពលរដ្ឋ​ ដែល​មាន​ដីស្រែ​នៅ​ជិត​រណ្ដៅ​នោះ​ បាន​លួច​បង្ហើប​ឲ្យ​ដឹង​ថា ​៖​ ក្រុម​ឈ្មួញ​ដឹក​ដី​ដោយ​ជីក​រណ្ដៅ​បាន​យ៉ាង​ជ្រៅ រថយន្ត​ដឹកជញ្ជូន​វិញ​សុទ្ធតែ​ប្រភេទ​ធុន​ធំ​ ហើយ​មិន​គ្រប​ទេ ​ធ្លាក់​មក​លើ​ដីស្រែ​ដែល​ពួកគាត់​កំពុង​ធ្វើ​ស្រូវ ទោះបី​ពួកគាត់​ខំ​ដាក់​ជី​យ៉ាងណា​ ក៏​ស្រូវ​មិនល្អ​ដែរ​ ព្រោះ​អាចម៍ដី​ដែល​ធ្លាក់​នោះ ​ជា​ប្រភេទ​ដី​បាត​រណ្ដៅ​យ៉ាង​ជ្រៅ ជាពិសេស​រណ្ដៅ​ដី​ដែល​ពួក​ក្រុម​ឈ្មួញ​កំពុង​ជីក ​មិន​ធ្វើ​របង​ទេ ​ពួកគាត់​ភ័យខ្លាច​តែ​ធ្លាក់​គោក្របី​ជ្រូក​ ឬ​កូន​តូចៗ​របស់​ពួកគាត់​ ​ចូល ​គឺ​មិន​រស់​ទេ។

ពួកគាត់​បានលើកឡើង​ទៀតថា ៖​ ទង្វើ​​ទាំងអស់​របស់​ក្រុម​ឈ្មួញ​រកស៊ី​ជីករណ្ដៅ​យក​អាចម៍ដី​ខាងលើ ​ធ្វើ​ឲ្យ​ពួកគាត់​មានការ​ព្រួយ​បារម្ភ ​ហើយ​បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​លោក​ភួ​ន ឈី​ម អភិបាលស្រុក​បាទី ដែល​គ្មាន​ចំណាត់ការ​សោះ​ពិសេស​លោក​មេឃុំ​ពត់​សរ​ មិនដែល​អើពើ​ទៅលើ​បញ្ហា​បទដ្ឋាន​ជីក​កកាយ​ និង​ដឹកជញ្ជូន​ខុស​បច្ចេកទេស​(​មិន​គ្រប់​)​ ប្រហែលជា​បាន​លាភ​សក្ការៈ​យ៉ាង​ត្រជាក់​ថ្លើម​ហើយ​មើល​ទៅ​…?​ បានជា​មិន​យក​ឈើចាក់ធ្មេញ​ទល់​ភ្នែក ​មើល​រាស្ត្រ​មានទុក្ខ​យ៉ាងនេះ​សោះ ទុក​ឲ្យ​មេ​ឈ្មួញ​ធ្វើបាន​យ៉ាង​អនាធិបតេយ្យ​យក​លុយ​ដាក់​ហោប៉ៅ អាង​ខ្លួន​ជា​អ្នកធំ​មាន​លុយ​មានអំណាច​ធ្វើ​តាមតែ​អំពើ​ចិត្ត​យ៉ាង​នេះ។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ដែរ​ លោក ភួ​ន ឈី​ម ​អភិបាលស្រុក​បាទី ធ្លាប់​បាន​ប្រាប់​កាសែត​ក្នុងស្រុក​ឱ្យដឹងថា លោក​គ្រាន់តែ​ស៊ីញេ​បញ្ជាក់​ទីតាំង​ប៉ុណ្ណោះ​ រឿង​ទំហំ​លោក​មិន​ដឹង​ទេ​គឺ​នៅ​លើ​មន្ទីរ​រ៉ែ និង​ថាមពល​ជា​អ្នក​កំណត់​ ហើយ​រឿង​ទំហំ​យ៉ាងណា​ក៏​លោក​មិន​ដឹង​ដែរ​ គ្រាន់តែ​ដឹង​ថា​ ទំហំ​ប៉ុណ្ណា​សុំ​ត្រឹម​សាលា​ខេត្ត ហើយ​ទំហំ​ប៉ុណ្ណា​សុំ​ដល់​ក្រសួង​រ៉ែ ហើយ​គេ​អ្នកចាត់ចែង​រឿង​ស៊ុយសារ និង​ពិសេស ជម្រៅ​ក៏​ដូចគ្នា​ទៅ​នឹង​ការដឹកជញ្ជូន។

​លោក សូ វ៉ាត ប្រធាន​ការិយាល័យ​រ៉ែ​ស្រុក​បាទី បាន​ឲ្យ​អ្នកយកព័ត៌មាន​ដឹងថា គាត់​បាន​ចុះ​ត្រួតពិនិត្យ​ ​និង​អប់រំ​លើ​បញ្ហា​នេះ​ច្រើនដង​មក​ហើយ​ដែរ តែ​សិទ្ធិ​ប្រហែល​គាត់​គេមិនស្ដាប់។

ប្រជាពលរដ្ឋ​ សុំ​សំណូមពរ​ដល់​មន្ទីរ​រ៉ែ​ថាមពល​ និង​ក្រសួង​រ៉ែ​ មេត្តា​ចុះ​ត្រួតពិនិត្យ ​និង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ផង៕

ដោយ ៖ ឌី​រៀ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114