ព័ត៍មានទាន់​ហេតុការណ៏
Search

ម្ចាស់​ម៉ូតូ​សង់​កូរ៉េ ជិះ​បុក​គេ​ ​របួសធ្ងន់​ហើយ មិន​ទទួលខុសត្រូវ​ ព្យាយាម​រត់គេចខ្លួន​បាត់​

រតនគិរី ៖ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ពី​លិច​ទៅ​កើត ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​រង​របួស​ធ្ងន់ រីឯ​ជន​បង្ក​រត់​គេច​ខ្លួន​បាត់​ស្រមោល។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី​យប់ ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩ កន្លងទៅ នៅត្រង់ចំណុច​លើ​លូ​មុខ​ដីចម្ការ​ ឈ្មោះ ហោ សៅ​ឈុន លើ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ ស្ថិតនៅ​ក្នុង​ភូមិ​ដី​ឡូត៍ ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់។

មន្ត្រីនគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹងថា ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ពី​កើ​តទៅ​លិច​ ដល់​ត្រង់ចំណុច​កើតហេតុ​ បាន​បុក​ម៉ូតូ​វ៉េវ​អេស ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់ ហើយ​ជន​បង្ក​មិនមាន​របួសស្នាម​នោះ​ទេ ក្រោក​ឡើង​ដឹងខ្លួន​ខុស​បាន​ដាក់​មេប្រ៉ូច​បាត់​ មិនបាន​ស្គាល់​អត្ត​សញ្ញាណ​ឡើយ​។​

ចំណែក​ម៉ូតូ​ម៉ាកវ៉េវ​អេស​ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ពី​លិច​ទៅ​កើត​ដោយ​ ឈ្មោះ សៀន ខឿន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ បាន​រង​របួស​ធ្ងន់​បាក់​ឆ្អឹងថ្គាម​ខាងឆ្វេង​។

ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ជំនាញ​អធិការ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ឃុំ​ជ័យ​ឧ​ត្ត​ម ​បាន​ចុះមក​អន្តរាគមន៍​ទំនាក់ទំនង​ទៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​ស្នងការ​នគរបាល​ខេត្ត​ បាន​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ​ដើម្បី​ព្យាបាល​របួស​។​

បន្ទាប់ពី​គ្រោះថ្នាក់​ចរាចរណ៍​រួចមក ​កម្លាំង​សមត្ថកិច្ច​ជំនាញ​អធិការ​ បាន​រឹបអូស​យក​មធ្យោបាយ​ទាំង​២​គ្រឿង​មក​រក្សាទុក ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ម៉ូតូ​បង្ក​មក​ទទួលខុសត្រូវ​ចេញថ្លៃ​ថ្នាំ​ព្យាបាល​របួស​ និង​បញ្ចប់​រឿង​៕

ដោយ ៖ វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114