ព័ត៍មានទាន់​ហេតុការណ៏
Search

សមាជិកសភា​ដើមកំណើត​សូ​ម៉ាលី​ហៅ​លោក Trump ថា​ជា “​អ្នក​កាន់​លទ្ធិ​ហ្វា​ស៊ី​ស​” បន្ទាប់ពី​ការស្រែក​ចំអក​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត

កាលពី​ថ្ងៃ​ព្រហស្បតិ៍ សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Ilhan Omar បានចាត់ទុក​លោក Donald Trump ថា​ជា “​អ្នក​កាន់​លទ្ធិ​ហ្វា​ស៊ី​ស​” ខណៈ​លោក​ប្រធានាធិបតី​បាន​ព្យាយាម​ដកខ្លួន​ចេញពី​ការស្រែក​ចំអក​ថា “​បញ្ជូន​នាង​ត្រឡប់​ទៅវិញ​!” ដោយ​អ្នកគាំទ្រ​របស់លោក​ដែល​សំដៅ​ទៅលើ​សមាជិកសភា​ដើមកំណើត​សូ​ម៉ាលី​។​

​អ្នកស្រី Omar ដែលជា​ស្ត្រី​មូស្លីម​មួយរូប​ក្នុងចំណោម​ពីររូប​នៅក្នុង​សភា​បាន​និយាយថា “​យើង​សូម​និយាយថា ប្រធានាធិបតី​រូបនេះ​គឺជា​អ្នក​កាន់​លទ្ធិ​ហ្វា​ស៊ី​ស​។ យើង​សូម​ថ្កោលទោស​ចំពោះ​សម្តី​ប្រកាន់​ជាតិ​សាសន៍​របស់គាត់​”​។​

​ការ​ស្រែកថា “​បញ្ជូន​នាង​ត្រឡប់​ទៅវិញ​!” បាន​ផ្ទុះឡើង​នៅឯ​ការជួបជុំ “Make America Great Again” របស់លោក Trump ក្នុង​ទីក្រុង Greenville នៃ​រដ្ឋ North Carolina កាលពី​យប់​ថ្ងៃ​ពុធ​នៅពេល​លោក​បាន​វាយប្រហារ​អ្នកស្រី Omar និង​សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​ជនជាតិភាគតិច​បីនាក់​ផ្សេងទៀត​។​

​លោក Trump បាន​អះអាង​ទៅ​អ្នកសារព័ត៌មាន​ក្នុង​ការិយាល័យ​ពងក្រពើ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មាន​ថាមពល​ដ៏​អស្ចារ្យ​នៅក្នុង​ការជួបជុំ​នេះ​ប៉ុន្តែ​លោក​មិន​ពេញចិត្ត​ចំពោះ​ការស្រែក​បែបនេះ​ទេ​។​

​លោក​និយាយថា​“​ខ្ញុំ​មិន​សប្បាយចិត្ត​ទេ​នៅពេល​ខ្ញុំ​ឮ​ការស្រែក​នេះ​។​ខ្ញុំ​មិន​ចូលចិត្ត​អ្វីដែល​ពួកគេ​ធ្វើ​ទេ​”​។​

​ទោះបីជា​យ៉ាងណាក៏ដោយ វីដេអូ​ទូរទស្សន៍​បាន​បង្ហាញថា លោក Trump បានអនុញ្ញាត​ឲ្យ​ការស្រែក​នេះ​បន្ត​រយៈពេល​ជាង​១០​វិនាទី​មុនពេល​គាត់​និយាយ​បន្ត​។​

​លោក Trump ត្រូវ​រង​ការរិះគន់​ពី​សភាតំណាងរាស្ត្រ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​អង្គារ​សម្រាប់​ពាក្យសម្តី​បែប​រើសអើង​ពូជសាសន៍​ដោយ​ការ​និយាយថា ស្ត្រី​ទាំង​បួន​គួរ​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​បើ​ពួកគេ​មិន​សប្បាយចិត្ត​នៅ​សហរដ្ឋអាមេរិក​។​

​ប៉ុន្តែ​លោក​បានបញ្ជាក់​យ៉ាងច្បាស់​នៅក្នុង​ការជួបជុំ​នោះ​ថា ខណៈពេល​មិនទាន់មាន​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ឲ្យ​លោក​ផ្តោតលើ​នៅឡើយ​នោះ លោក​គ្រោង​នឹងធ្វើ​ការវាយប្រហារ​លើ​អ្នកស្រី Omar និង​មិត្ត​៣​នាក់​របស់​អ្នកស្រី​ដើម្បី​ធ្វើជា​ចំណុច​សំខាន់​នៃ​យុទ្ធសាស្ត្រ​បោះឆ្នោត​ឆ្នាំ​២០២០៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114