ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​ជំនួយការ​នាយកដ្ឋាន​អង្គរក្ស​ម្នាក់​ ពាក់ព័ន្ធ​លួច​លុយ​ជាង​២​លាន​ដុល្លារ​

ភ្នំពេញ ​៖​ កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​៥​ព្រឹក​ ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ​ បាន​ចាប់ខ្លួន​មន្ត្រី​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​កង​អង្គរក្ស​ម្នាក់​ចោទប្រកាន់​ពី​បទ​លួច​លុយ​ ដែល​គេ​បាន​រក​ឃើញ​ជាក់ស្ដែង​ចំនួន​២៥​ម៉ឺន​ដុល្លារ​អាមេរិក​នៅផ្ទះ​របស់​ជន​សង្ស័យ​ មាន​ទីតាំងនៅ​ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ក្នុង​ចំណោម​លុយ​ដែល​បាន​បាត់​ជាង​២​លាន​ដុល្លារ។

ជន​ ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ខាង​លើ​នោះ​ តាមរយៈ​ឯកសារ​​ ឈ្មោះ អៀម​ សំអន ភេទ​ប្រុស ​កើត​នៅ​ឆ្នាំ​១៩៨២ មុខរបរ​យោធា បម្រើ​ការ​ងារ​នៅ​នាយដ្ឋាន​កង​អង្គរក្ស​មាន​ឋានៈ​អនុសេនីយ៍ឯក មុខងារ​ជា​មន្ត្រី​ជំនួយការ​ស្រាវជ្រាវ​សន្តិសុខ​មាន​ទីលំនៅ​ផ្ទះ​សង់​ថ្មី ភូមិ​បាយ៉ាប សង្កាត់​ភ្នំពេញ​ថ្មី​(​ចំណុច​ផ្ទះ​កើតហេតុ​ខាង​លើ)។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ បាន​ឲ្យ​​ដឹង​ថា ការ​ចាប់​ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ ​ធ្វើឡើង​តាម​បណ្តឹង​ជនរងគ្រោះ ​ដែល​ប្តឹង​ទៅ​ក្រសួងមហាផ្ទៃ​ថា បាន​បាត់​លុយ​២​លាន​៤០​ម៉ឺន​ដុល្លារ ប៉ុន្តែ​ម្សិលមិញ​បាន​ចាប់ខ្លួន​បក្ខពួក​របស់​គេ​ម្នា​ក់​នៅ​ខណ្ឌ​ចំការមន​រក​ឃើញ​លុយ​ជាង​១០​ម៉ឺន​ដុល្លារ​ និង​បន្ត​ស្រាវជ្រាវ​មក​ចាប់ខ្លួន​ជន​ម្នាក់​នេះ​ទៀត​(​អៀម សំអន​) រក​ឃើញ​លុយ​២៥​ម៉ឺន​ដុល្លារ​សុទ្ធតែ​ ក្រដាសប្រាក់​១០០​ដុល្លារ​ សុទ្ធ​ចំនួន​២៥​ដុំ ដែល​គេ​ទុក​នៅ​ក្នុង​ផ្ទះ​ និង​ដកហូត​អាវុធ​ខ្លី​១​ដើម​ ម៉ាក​kimBer លេខ​សម្គាល់​ 1765 មាន​គ្រាប់​ចំនួន​៨​នៅ​ក្នុង​បង់​ និង​វិទ្យុ​ទាក់ទង​១​គ្រឿង​ផង​ រួមទាំង​ឯកសារ​ផ្ទាល់ខ្លួន​ពាក់ព័ន្ធ​អង្គភាព​បម្រើ​ការ​ងារ​នៅ​នាយកដ្ឋាន​អង្គរក្ស​។​

ប៉ូលិស​កំពុងតែ​បន្តធ្វើ​ការស្រាវជ្រាវ​បន្ថែម​ទៀត​ ដើម្បី​តាម​ចាប់​បក្ខពួក​របស់​គេ​ និង​រកលុយ​ដែល​បាន​បាត់​រាប់​លាន​ដុល្លារ​នោះ​បន្ថែម​ទៀត​ផងដែរ​។​

ប្រភព​ខ្លះ​ថា ជា​អំពើ​ប្លន់ ​ខ្លះ​ថា​ជា​ការ​លួច​ដោយ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ទ្រង់ទ្រាយ​ធំ ព្រោះ​បើ​ពេល​កំពុង​ធ្វើ​សកម្មភាព​មាន​គេ​ដឹង​ត្រូវតែ​បាញ់សម្លាប់​បំបាត់ភស្តុតាង ​ឬក៏​បាត់​តបត​ជាមួយ​សមត្ថកិច្ច​ដើម្បី​រំដោះ​រត់​គេច​ខ្លួន៕

ដោយ ៖ សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114