ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​ប៉ា​ពួ​ញូ​ហ្គី​ណេ ​ចង់បាន​ថ្ងៃ​កំណត់​សម្រាប់​ការ​បោសសម្អាត​ជំរំ​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​អូស្ត្រាលី

នាយករដ្ឋមន្ត្រី​ប៉ា​ពួ​ញូ​ហ្គី​ណេ​លោក James Marape នៅ​ថ្ងៃ​សុក្រ​ បាន​អំពាវនាវ​ដល់​ប្រទេស​អូស្ត្រាលី​ឲ្យ​ដាក់​ពេលវេលា​កំណត់​សម្រាប់​ការ​ផ្លាស់ប្តូរ​ទីតាំង​របស់​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​រាប់​រយ​នាក់​ដែល​ជាប់​នៅ​លើ​កោះ Manus របស់​ប្រទេស​ប៉ា​ពួ​ញូ​ហ្គី​ណេ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

​លោក Marape ដែល​នឹងត្រូវ​ជួប​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison ក្នុង​ទីក្រុង​កង់​បេ​រ៉ា​នៅ​សប្តាហ៍​ក្រោយ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ABC ថា លោក​ចង់​ដាក់​ពេលវេលា​កំណត់​មួយ​សម្រាប់​ការតាំង​ទីលំនៅ​ថ្មី​របស់​អ្នក​ដែល​នៅតែ​កំពុង​ជាប់ឃុំ​លើ​កោះ Manus​។​

​លោក​និយាយថា “​ពួកគេ​គឺជា​មនុស្ស យើង​មិនអាច​មិន​ពិចារណា​អំពី​អនាគត​របស់​ពួកគេ​បានទេ​”​។​

​លោក Marape ដែល​ទើប​ចូលកាន់​តំណែង​មិនទាន់បាន​ពីរ​ខែ​ស្រួលបួល​ផង​នោះបាន​និយាយថា លោក​បាន​ពិភាក្សា​អំពី​បញ្ហា​នេះ​រួចហើយ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អូស្ត្រាលី​លោក Peter Dutton​។​

​កាលពី​៦​ឆ្នាំមុន ប្រទេស​អូស្ត្រាលី​បានចាប់ផ្តើម​គោលនយោបាយ​តឹងរ៉ឹង​របស់ខ្លួន​ក្នុងការ​បញ្ជូន​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ទាំងអស់​ដែល​ព្យាយាម​ចូលក្នុង​ប្រទេស​នេះ​តាម​សមុទ្រ​ឲ្យ​ទៅកាន់​មណ្ឌល​ឈូង​សមុទ្រ​លើ​កោះ Manus និង​កោះ​ប៉ាស៊ីហ្វិក Nauru​។​

​ជនភៀសខ្លួន​រាប់ពាន់នាក់​ត្រូវបាន​គេ​ដាក់​នៅក្នុង​ជំរំ​ដែល​អង្គការសហប្រជាជាតិ​និង​ក្រុម​សិទ្ធិមនុស្ស​ថ្កោលទោស​ថា​មាន​លក្ខខណ្ឌ​អាក្រក់​។​

​ថ្វីបើ​មនុស្ស​ជាច្រើន​ត្រូវបាន​តាំងទី​លំនៅ​ថ្មី​ក៏ដោយ បុរស​ជាង​៤៥០​នាក់​នៅតែ​ស្ថិតនៅលើ​កោះ Manus ដែលជា​កន្លែង​មានការ​ប៉ុនប៉ង​ធ្វើអត្តឃាត​កាន់តែ​ច្រើនឡើង​ក្នុង​រយៈពេល​សប្តាហ៍​ថ្មីៗ​នេះ​។​

​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ចំនួន​៣៥០​នាក់​ផ្សេងទៀត​នៅតែ​ស្ថិតនៅលើ​កោះ Nauru៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114