ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់ រឹប​អូស​គ្រឿងញៀន​១​កញ្ចប់​ធំ និង​មួយ​កញ្ចប់​តូច ក្នុង​សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន

​​ប៉ៃលិន​ ៖ ជនសង្ស័យ​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​សហការ​គ្នា ចុះ​ឃាត់​ខ្លួន​ជាក់ស្តែង ពាក់​ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ដោយ​រឹប​អូស​វត្ថុតាង​ថ្នាំញៀន​ពីរ​កញ្ចប់ ធំ​មួយ តូច​មួយ កាលពី​វេលា​ម៉ោង​១៥​និង​២០​នាទី រសៀល​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩ តាម​ដង​ផ្លូវ​ជាតិ​លេខ​៥៧ ត្រង់​ចំណុច​ផ្លូវបំបែក​ចូល​ភ្នំ​ជ្រូក ស្ថិត​ក្នុង​ភូមិ​ដីក្រហម សង្កាត់​អូ​តាវៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។​

​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល ដែល​ចុះបង្ក្រាប​ករណី​ខាងលើ បាន​ឲ្យ​អ្នកយកព័ត៌មាន​ដឹងថា​ បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​បណ្ដាញ​សំងាត់​ថា ​មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ខាង​លើ សមត្ថកិច្ច​នគរបាល​ខេត្ត​មាន ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ,​កម្លាំង​អធិការ​នគរបាល​ក្រុងប៉ៃលិន និង​ កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​អូរ​តាវៅ បាន​សហការ​គ្នា ស្ទាក់​ចាប់​បាន​ជនសង្ស័យ​ចំនួន​០៣​នាក់ ក្នុង​នោះបាន​រត់គេច​ខ្លួន​ម្នាក់​ផងដែរ។

​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា​ ជនសង្ស័យ​ទី​១​.ឈ្មោះ​ នាក់ និ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​មុខរបរ​ធ្វើ​ចម្ការ រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ​ក្រុងប៉ៃលិន​,​ទី​២.​ឈ្មោះ កា សុខា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ រស់នៅ​ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន និង​ ទី​៣.​ឈ្មោះ វីន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ( រត់គេចខ្លួន​រួច ) ។ ក្នុង​ការ​បង្ក្រាប​សមត្ថ​កិច្ច​រឹប​អូស​វត្ថុតាង​ដកហូត​បានរួម​មាន ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​ ស៊េរី​២០១៤ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ប៉ៃលិន​1B-1785 ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ​សង្ស័យថា​ជា​សារធាតុ​ញៀន១​កញ្ចប់​ធំ និង ១​កញ្ចប់​តូច ព្រមទាំង​ចង់​សម្រាប់​វេច​ខ្ចប់​១​ដំ​តូច។​

បច្ចុប្បន្ន​ ជនសង្ស័យ ​រួម​នឹង​វត្ថុតាង ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ប្រគល់​ជូន​សមត្ថកិច្ច​នគរបាល​ក្រុងប៉ៃលិន ដើម្បី​ទទួល​យក​ទៅ​ចាត់ការ ព្រមទាំង​ស្រាវជ្រាវ រកមុខ​សញ្ញា​មេខ្លោង​បន្ត​ទៀត​៕

​ដោយ ៖ សេង សុវណ្ណារិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114