ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល​កម្ពុជា​ចាប់​ផ្តើម​ពិភាក្សា​ការដំឡើង​ប្រាក់​ឈ្នួល​ សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ឆ្នាំ​២០២០

ភ្នំពេញ ៖​ រាជរដ្ឋាភិបាល​កម្ពុជា​បានចាប់ផ្តើម​ពិភាក្សា​ស្តីពី​ការដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ​និង​ ស្បែកជើង​ឆ្នាំ​២០២០ ​ដើម្បី​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​ក​ម្មករ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា​ រាជរដ្ឋាភិបាល​បានកំណត់​យក​ខែកក្កដា​ រហូតដល់​ខែតុលា ​ឆ្នាំ​២០១៩ ​សម្រាប់​ធ្វើ​ការពិភាក្សា​និង​សម្រេច​ក្នុង​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​និយោជិក​ក្នុង​វិស័យ​កាត់ដេរ​សំលៀកបំពាក់​ និង ​ផលិតផល​ស្បែកជើង​សម្រាប់ ​ឆ្នាំ​២០២០​ខាងមុខនេះ​។

នៅក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​កម្ពុ​ជាថ្មី​ទើបតែ​ទទួលបាន ​កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ​ឲ្យ​ដឹង​ថា ​ការពិភាក្សា​ប្រាក់​ឈ្នួល​នេះ​ ត្រូវ​បែងចែក​ជា​បី​ដំណាក់កាល ​គឺ​ដំណាក់កាល​ទី​១ នៅក្នុង​ខែកក្កដា​ភាគី​នីមួយៗ​ ត្រូវ​ធ្វើ​ការពិភាក្សា​ជា​លក្ខណៈ​ផ្ទៃក្នុង​រៀង​ៗ​ខ្លួន ដំណាក់កាល​ទី​២​នៅ​ខែ​សីហា ប្រជុំ​លក្ខណៈ​ត្រីភាគី​និង​ដំណាក់កាល​ទី​៣​នៅ​ខែតុលា ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០២០​តែម្តង ​ហើយ​កម្មករ​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​ថ្មី​នេះ​ ចាប់ពី​ថ្ងៃទី​០១​ខែមករា​ ឆ្នាំ​២០២០​ខាងមុខនេះ​តទៅ​។

លោក រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា ​គ្រប់​ភាគី​ទាំងអស់ ​ដែល​មាន​ភាគី​រាជរដ្ឋាភិបាល ភាគី​សហជីព​និង​ភាគី​និយោជក​ត្រូវ​ប្រើ​លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម​រួមមាន​ ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការ​ចំណាយ​ក្នុង​ការ​រស់នៅ និង​លក្ខណៈ​វិនិច្ឆ័យ​បែប​សេដ្ឋកិច្ច​ដែល​ផ្អែកលើ​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស​ស្ថានភាព​ទីផ្សារការងារ ​និង ​កម្រិត​ចំណេញ​របស់​វិស័យ​ក៏ដូចជា​បន្ទាត់​ភាព​ក្រីក្រ​សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា​។ ​ពិសេស​ត្រូវ​ផ្តោត​លើ​ទិន្នន័យ​និង​ការស្រាវជ្រាវ​តាមបែប​វិទ្យាសាស្ត្រ ដោយ​យោងតាម​លក្ខណៈ​វិនិច្ឆ័យ​ទាំង​៧ ដូចដែល​បាន​កំណត់​ក្នុង​មាត្រា​៥ នៃ​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុងការ​សម្រប​ស​ម្រួ ល​ផ្ទៃក្នុង​និង​ប្រកាន់​គោលជំហរ​រួម​មួយ​។

លោក អាត់ ធន ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​១៩ ​ខែកក្កដា​ឲ្យ​ដឹងថា ​ភាគី​សហជីព​គ្រោង​នឹង​កោះ​ប្រជុំ​គ្នា​នៅ​ចុងខែ​កក្កដា​ ឬ​ ដើមខែ​សីហា​ឆ្នាំ​២០១៩​ខាងមុខនេះ​ដើម្បី​ធ្វើការ​ពិភាក្សា​លើ​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០២០​ ហើយ​លោក​នឹង​ស្នើ​ដាក់​តួលេខ​ថ្មី​ពី​២០​ទៅ​២៥​ដុល្លារ​ បន្ថែម​ពីលើ​ប្រាក់​ឈ្នួល​ចាស់​ ដើម្បី​ឲ្យ​សមាជិក​អង្គប្រជុំ​សម្រេច​។

លោក​បាន​បន្ត​ថា ​បន្ទាប់​មក​ទៀត​ភាគី​សហជីព​នឹង​បន្ត​ធ្វើ​ការពិភាក្សា​ជា​លក្ខណៈ​ទ្វា​ភាគី​ជាមួយ​ភាគី​និយោជក​មុននឹង​ទៅ​ធ្វើ​ការពិភាក្សា​ជា​លក្ខណៈ​ត្រីភាគី​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ខែសីហា​ខាងមុខ​។

គួរ​បញ្ជាក់​ថា ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិក​ក្នុង​ឆ្នាំ​២០១៩​នេះ បាន​កើន​ដល់​១៨២​ដុល្លារ​ក្នុង​មួយ​ខែ ​ហើយ​ឆ្នាំ​២០២០​ខាងមុខនេះ​អាច​នឹង​កើន​ឡើង​ថែមទៀត​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​កម្មករ​និយោជិក​អាច​រស់នៅ​ដោយ​សមរម្យ​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114