ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី សំដែង​ការ​កោតសរសើរ​ចំពោះ​មូលនិធិ​PING AN ក្រុម​គ្រូពេទ្យ​កម្ពុជា​-​ចិន និង​មន្ទីរពេទ្យ​បេះដូង​ខេត្ត​យូ​ណាន ដែល​បាន​ជួយ​ពិនិត្យ​និង​ព្យាបាល​សុខភាព​បេះដូង​ដល់​កុមារ​កម្ពុជា

ភ្នំពេញ​ ៖ ក្រោយពេល​ចូលរួម​ពិនិត្យ​សុខភាព​ជំងឺ​បេះដូង​ជូន​ដល់​កុមារ​កម្ពុជា​នៅតាម​សាលាបឋមសិក្សា​នានា​ក្នុង​ខេត្តបាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង និង​ត្បូងឃ្មុំ នា ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក ឡ សាវ (LUO XIAO) ប្រធាន​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​មូលនិធិ​PING AN បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ជនជាតិ​ចិន ចូល​សម្តែង​ការគួរសម​ជាមួយ​លោកស្រី​ឆាយ វ៉ាន់​នឿន រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​។

នៅ​ក្នុង​ជំនួប​នេះ លោកស្រី ឆាយ វ៉ាន់​នឿន បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​កិច្ចសហការ​រវាង​មូលនិធិ​PING AN ដែល​បាន​សហការ​ល្អជា​មួយ​ក្រុម​គ្រូពេទ្យ​របស់​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន និង​មន្ទីរពេទ្យ​បេះដូង​ខេត្ត​យូ​ណាន ក្នុង​ការ​ចូលរួម​ពិនិត្យ​សុខភាព​បេះដូង​ជូន​ដល់​កុមារ​កម្ពុជា​នៅតាម​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល​១១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ ដោយបាន​រកឃើញ​កុមារ​ចំនួន​៣០​រូប​សង្ស័យថា​មាន​ជំងឺ​បេះដូង​ចំហ​។ បន្ថែម​ពីលើ​នេះ លោកស្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​មូលនិធិ​PING AN ដែល​បាន​ផ្តល់នូវ​សម្ភារៈ​បរិក្ខារ​ពេទ្យ​មួយចំនួន​ជូន​ដល់​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន​។

លោក ឡ សាវ (LUO XIAO) បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការយកចិត្តទុកដាក់​ខ្ពស់​របស់លោក​ស្រី​លើ​សុខទុក្ខ​របស់​ប្រជាជន​នៅ​មូលដ្ឋាន ជាពិសេស​នៅក្នុង​ខេត្តកំពង់ឆ្នាំង។ ជាក់​ស្តែង​កុមារី​មួយរូប​ឈ្មោះ ច័ន្ទ រតនា អាយុ​៨​ឆ្នាំ រស់​នៅ​ក្នុង​ស្រុក បរិបូរណ៍ ត្រូវបាន​បញ្ជូនទៅ​វះកាត់​នៅ​មន្ទីរពេទ្យ​បេះដូង​ខេត្ត​យូ​ណាន​នា​ខែកក្កដា ឆ្នាំ​២០១៩​នេះ ក្រោម​ការយកចិត្តទុកដាក់​និង​គាំទ្រ​យ៉ា​ពេញទំហឹង​ពី​លោកស្រី​ឆាយ វ៉ាន់​នឿន​។ លោក​នឹង​បន្ត​ជួយ​ផ្តល់នូវ​មូលនិធិ​នានា​ក្នុងការ​បណ្តុះបណ្តាល​នៅ​ប្រទេស​ចិន​ជូន​ដល់​ក្រុមគ្រូពេទ្យ​ស្ម​គ្រ​ចិត្ត​របស់​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន​។

គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ទី​១​ដែល​មូលនិធិ​PING AN របស់​ប្រទេស​ចិន​បាន​ចូលរួម​ក្នុង​ចរន្ត​នៃ​បេសកកម្ម​ការងារ​របស់​សង្គម​ស៊ីវិល​ប្រទេស​ចិន​តាមរយៈ​លោក​បណ្ឌិត ជា មុនី​ឫទ្ធិ ប្រធាន​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន​។ ឆ្នាំ​២០១៩​នេះ រយៈពេល​១​ឆមាស​ដើមឆ្នាំ​២០១៩​នេះ ក្រោម​កិច្ច​គាំទ្រ​ពី​ក្រសួងសុខាភិបាល និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន​បាន​សហការ​ជាមួយ​អង្គការ​YUNDI និង​មូលនិធិ​PING AN ក្នុងការ​បញ្ជូន​កុមារ​ចំនួន​៤០​រូប​បន្ថែមទៀត​ទៅ​វះកាត់​និង​ព្យាបាល​ជំងឺ​បេះដូង​ចំហ​ដោយ​ឥតគិតថ្លៃ​នៅក្នុង​មន្ទីរពេទ្យ​បេះដូង​FUWAI ខេត្ត​យូ​ណាន ប្រទេស​ចិន ដោយ​រាល់​ការចំណាយ​លើ​ការធ្វើ​លិខិតឆ្លងដែន ការ​ស្នាក់នៅ មធ្យោបាយ​ធ្វើដំណើរ សំបុត្រ​យន្តហោះ និង​ថ្លៃ​វះកាត់​និង​ព្យាបាល​ជា​បន្ទុក​របស់​រដ្ឋាភិបាល​ចិន​៕​
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114