ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស​ជប៉ុន​តក់ស្លុត​បន្ទាប់ពី​ការ​លួច​ដុត​សម្លាប់​មនុស្ស​៣៣​នាក់

ប៉ូលិស​ជប៉ុន​នៅ​ថ្ងៃ​សុក្រ​បាន​បើក​ការស៊ើបអង្កេត​ចូល​ទៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ការ​លួច​ដុត​មួយ​ដែល​បានសម្លាប់​មនុស្ស​ចំនួន​៣៣​នាក់​នៅ​ក្នុង​អ្វី ​ដែល​នឹង​ក្លាយ​ជា​ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស​ច្រើន​បំផុត​មួយ​របស់​ប្រទេស​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​ខណៈ​មូលហេតុ​នៃ​អគ្គិភ័យ​នៅតែ​មិនទាន់​ដឹង​ច្បាស់។

អគ្គិភ័យ​ដ៏​គួរ​ឲ្យ​រន្ធត់​នៅក្នុង​ទីក្រុង​ក្យូ​តូ​នេះ​បាន​បំផ្លាញ​អគារ​មួយ​ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ផលិតភាព​យន្ត​គំនូរជីវចល Kyoto Animation​។

សោកនាដកម្ម​នេះ​បានធ្វើ​ឲ្យ​ប្រទេស​ជប៉ុន​មានការ​តក់ស្លុត​យ៉ាងខ្លាំង​ដោយសារតែ​ឧក្រិដ្ឋកម្ម​ហិង្សា​កម្រ​កើតមាន​ណាស់​នៅក្នុង​ប្រទេស​នេះហើយ​មាន​ចម្ងល់​ជាច្រើន​អំពី​ថា​តើ​មនុស្ស​ជាច្រើន​អាច​ស្លាប់​ដោយ​របៀប​ណា​ទៅ​នៅក្នុង​ប្រទេសមួយ​ដែល​សុវត្ថិភាព​អគ្គិភ័យ​ត្រូវបាន​គេ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​។​

​ការស៊ើបអង្កេត​ចូលទៅក្នុង​គ្រោះ​អគ្គិភ័យ​នេះ​គឺមាន​ភាពស្មុគស្មាញ​យ៉ាងខ្លាំង​ដោយសារតែ​ជនសង្ស័យ អាយុ​៤១​ឆ្នាំ​ដែល​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​គឺ​បាន​រង​ការ​រលាក​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​អគ្គិភ័យ​នេះហើយ​កំពុងស្ថិត​នៅក្នុង​មន្ទីរពេទ្យ​។​

​របាយការណ៍មួយចំនួន​នៅ​ថ្ងៃ​សុក្រ​បាន​និយាយថា បុរស​ម្នាក់​នោះ​សន្លប់​ហើយ​រហូតមក​ដល់ពេលនេះ ប៉ូលិស​មិនអាច​សួរចម្លើយ​គាត់​បានទេ​។​

​មានតែ​ព័ត៌មាន​ត្រួសៗ​ប៉ុណ្ណោះ​ដែល​បង្ហាញថា បុរស​ម្នាក់នេះ​បាន​ស្រោច​សារធាតុ​ងាយ​ឆាបឆេះ​ទៅលើ​អគារ​ហើយ​បាន​ស្រែកថា “​ស្លាប់ទៅ​” មុនពេល​ដុត​ភ្លើង​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា គាត់​ហាក់ដូចជា​មិនមាន​ទំនាក់ទំនង​ណាមួយ​ជាមួយ​ក្រុមហ៊ុន Kyoto Animation ទេ​។​គាត់​ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​កាន់​កាំបិត​និង​ញញួរ​ចូល​អគារ​ផងដែរ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធាន​ក្រុមហ៊ុន Kyoto Animation លោក Hideaki Hatta បាន​និយាយថា ក្រុមហ៊ុន​នេះ​បាន​រង​ការគំរាមកំហែង​។

​លោក​បាន​ប្រាប់​ក្រុមអ្នកកាសែត​ដោយ​មិន​លម្អិត​ថា “​មាន​អ៊ីមែល​គំរាម​សម្លាប់​”​។​

ប៉ូលិស​មូលដ្ឋាន​បាន​និយាយថា បុរស​ចំនួន​១២​នាក់​និង​ស្ត្រី​២០​នាក់​គឺ​ស្ថិតក្នុង​ចំណោម​អ្នកស្លាប់​ខណៈ​ជនរងគ្រោះ​ម្នាក់​មិនទាន់​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​នៅឡើយ​។ ជនរងគ្រោះ​ភាគច្រើន​ត្រូវបាន​គេ​ជឿថា​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​នេះ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114