ព័ត៍មានទាន់​ហេតុការណ៏
Search

បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ស្ដីពី ​“​កិច្ច​បង្ការ​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​”

ភ្នំពេញ​ ៖ ​គ្រូ​បង្គោល​ និង​បុគ្គលិក​សំខាន់ៗ​ចំនួន​៣៦​នាក់​មកពី​អង្គការ​ចំនួន​១៤ ដែល​ជា​សមាជិក​គម្រោង​ថែទាំ​កុមារ​ក្នុង​គ្រួសារ​ជា​អាទិភាព​ចម្បង (FCF) និង​ស្ថាប័ន​ដៃគូ​នានា បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ស្តី​អំពី “​កិច្ច​បង្ការ​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​អ៊ីនធឺណិត​” កាលពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩​នៅ​មជ្ឈមណ្ឌល CJCC រាជធានី​ភ្នំពេញ។

វគ្គ​បណ្តុះបណ្តាល​នេះ​ រៀបចំ​ដោយ​អង្គការ​សកម្មភាព​ដើម្បី​កុមារ (APLE) ក្រោម​ការឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) និង អង្គការ Save the Children ហុងកុង តាមរយៈ​គម្រោង​ថែទាំ​កុមារ​ក្នុង​គ្រួសារ​ជា​អាទិភាព​ចម្បង​FCF និង REACT។

​មន្ត្រី​អង្គការ​សកម្មភាព​ដើម្បី​កុមារ​(APLE)​បានបញ្ជាក់​ឲ្យ​ដឹងថា គោលបំណង​សំខាន់​នៃ​វគ្គ​នេះ​គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ពង្រឹងសមត្ថភាព​របស់​បុគ្គលិក​នៃ​បណ្តាញ​ការពារ​កុមារ​ក្នុងការ​ការពារ តាមដាន និង​រាយការណ៍​ពី​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ អ្នកចូលរួម​បាន​សំដែង​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ចែករំលែក​ចំណេះដឹង​ដែល​បានទទួល​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​ទៅដល់​សមាជិកគ្រួសារ សហការី និង​អ្នកដទៃ​ផ្សេងៗ​ទៀត ដើម្បី​ធានា​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​។​

គួររំលឹកថា​កំណើន​នៃ​ការប្រើប្រាស់​អ៊ីនធឺណិត​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​កម្ពុជា​។ អ្នកប្រើប្រាស់​អ៊ីនធឺណិត​មាន​ប្រមាណ​៤.១​លាន​នាក់ ឬ​២៥% នៃ​ចំនួន​ប្រជាជន​សរុប និង​តំណរ​ភ្ជាប់​ទូរស័ព្ទដៃ​មាន​២៥.៨​លាន​នាក់ ឬ​១៦៥% នៃ​ប្រជាជន​សរុប​។ បើទោះបីជា​ប្រទេស​កម្ពុជា​ទទួលបាន​ប្រយោជន៍​ជាច្រើន​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ក៏មាន​សកម្មភាព​ល្មើស​មួយចំនួន​ដែល​បាន និង​កំពុង​កើតឡើង​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ប្រព័ន្ធ​បច្ចេកវិទ្យា ជាពិសេស​គឺ​ការចូល​ទៅកាន់ និង​ការ​ចែកចាយ​រូបភាព និង​សម្ភារៈ​អាសអាភាស​។ ក​តា្ត​នេះ​បាន​ជំរុញ​ឲ្យ​មានការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។

ដើម្បី​ឆ្លើយតប​នឹង​ការ​ព្រួយ​បារម្ភ​​ពាក់ព័ន្ធ​នឹង​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត អង្គការ​សង្គ្រោះ​កុមារ​ហុងកុង (SCHK) បាន​គាំទ្រ​លើ​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​អាច​ជួយ​ឲ្យ​កម្ពុជា​ដោះស្រាយ​បញ្ហា​នេះ​។ អ្វីដែល​គួរ​ឲ្យ​បារម្ភ​​ ទិន្នន័យ​របស់ National Center for Missing and Exploited Children (NCMEC) បង្ហាញ​ពី​កំណើន​ជិត​៤​ដង​នៃ​សម្ភារៈ​អាសអាភាស​កុមារ​ក្នុង​ឆ្នាំ​២០១៨ គិត​ត្រឹម​ខែកញ្ញា បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​។ ក្នុង​ឆ្នាំ​២០១៧ ចំនួន​មាន​ត្រឹម​២៥ ៣៣២ ដោយឡែក​ត្រឹម​ ខែ​កញ្ញា ឆ្នាំ​២០១៨ ចំនួន​កើន​ឡើង​ដល់​៩៣ ៣១៨​។ ការសិក្សា​ស្រាវជ្រាវ​ដដែល​បាន​បង្ហាញថា កុមារ​ប្រើប្រាស់​អ៊ីនធឺណិត​ច្រើនជាង​ការ​រំពឹងទុក​។ ក្នុងចំណោម​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook គឺ​កំពុង​ត្រូវបាន​ប្រើប្រាស់​ច្រើន ដែល​កុមារ និង​យុវជន​វ័យ​ជំទង់​ផ្ញើ និង​ទទួល​សម្ភារៈ​អាសអាភាស​។

​ដោយ​មើលឃើញ​ពី​ហានិភ័យ និង​ភាព​ងាយ​រងគ្រោះ​ដល់​កុមារ និង​យុវជន​វ័យ​ជំទង់ និង​ដោយមាន​ការផ្តល់​ការឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) និង អង្គការ Save the Children ហុងកុង តាមរយៈ​គម្រោង​ថែទាំ​កុមារ​ក្នុង​គ្រួសារ​ជា​អាទិភាព​ចម្បង និង REACT ដល់​អង្គការ​សកម្មភាព​ដើម្បី​កុមារ (APLE) ក្នុងការ​អនុវត្ត​គម្រោង​រយៈពេល​មួយឆ្នាំ​ដើម្បី​លើកកម្ពស់​ការយល់ដឹង ក្នុងចំណោម​អ្នកចូលរួម​គោលដៅ​ដែល​បានជ្រើសរើស​តាមរយៈ​ការកសាង​ចំណេះដឹង​ដែលមាន​ការចូលរួម និង​ដើម្បី​ផ្តល់​សិទ្ធិអំណាច​ដល់​ពួកគេ​ក្នុងការ​ឆ្លើយតប​នឹង​ហានិភ័យ និង​ការតស៊ូ​មតិ​ដើម្បី​ពង្រឹង​នូវ​ការឆ្លើយតប​ដ៏​រឹងមាំ​ជាមួយ​ភ្នាក់ងារ​មាន​សមត្ថកិច្ច៕

ដោយ ៖ វ​ត្តី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114