ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាំពាក្យ​ក្រសួង​អប់រំ​អះអាងថា​ ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​ មិន​មាន​មន្ត្រី​ACU​ចូលរួម​សង្កេត​ការណ៍​ទេ​

​ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន​ និង​កីឡា ​បាន​អះអាងថា ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយ​ភូមិ ​ឬ​បាក់​ឌុប​នៅ​ឆ្នាំ​២០១៩​នេះ​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៩-២០ ខែ​សីហា ឆ្នាំ​២០១៩​ខាងមុខ​នេះ នឹង​មិនមាន​វត្តមាន​មន្ត្រី​សង្កេតការណ៍​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU​ចូលរួម​នោះទេ​។​

​លោក​រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹងថា ​ការមិន​ចូលរួម​សង្កេត​ការណ៍​រ​បស់ ACU​នៅ​ឆ្នាំនេះ នឹងមិន​មាន​ផល​ប៉ះពាល់​ដល់​គុណភាព នៃ​ការប្រឡង​នោះទេ ពោល​គុណភាព​ នៃ​ការប្រឡង គឺ​នៅតែ​រក្សា​ទៅតាម​ស្តង់ដារ​ខ្ពស់​ដដែល​។​

​លោក​បាន​ឲ្យ​ដឹង​ទៀតថា ​បើទោះបីជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនបាន​ចូលរួម​សង្កេតការណ៍​នៅក្នុងពេល​ប្រឡង​ក៏ដោយ ​ក៏​ក្រសួង​អប់រំ យុវជន និង​កីឡា នៅតែ​សហការ​ជាមួយ​អង្គភាព​នេះ​ដដែល​នៅពេលដែល​កើតមាន​ករណី សូកប៉ាន់​លុយកាក់​នៅពេល​ប្រឡង និង​អំពើពុករលួយ​ផ្សេងៗ​មួយចំនួនទៀត នៅក្នុង​អំឡុងពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ។​

​លោក​បាន​បន្តថា​ លើសពីនេះ​ទៀត ​ក្រសួង​អប់រំ​ កំពុង​ស្វែងរក​កិច្ចសហការ​ពី​ក្រសួងមហាផ្ទៃ​, ,​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​, ព្រមទាំង​លោកគ្រូ​អ្នកគ្រូ និង ​សិស្ស​និស្សិត​ជាដើម​ដើម្បី​ចូលរួម​សង្កេតការណ៍​សម័យ​សម្រាប់ ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ខាងមុខនេះ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ​។​

​អ្នកនាំពាក្យ​រូបនេះ បាន​អះអាង​ទៀតថា ដើម្បី​ឆ្លើយតប​ទៅនឹង​កង្វល់​អំពី​ការ​មិន​ចូលរួម​សង្កេត​ការណ៍​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​រៀបចំ​ការប្រឡង ឲ្យ​ប្រព្រឹត្ត​ទៅដោយ​តម្លាភាព និង​យុត្តិធម៌ ហើយ​ក្រសួង​ក៏​នឹង​ពង្រឹងសមត្ថភាព​លើ​ការ​ត្រួតពិនិត្យ ដោយ​ខ្លួនឯង​ផងដែរ ពោល​ក្រសួង​បង្កើន​ចំនួន និង​សមត្ថភាព​របស់​អប្បមាទ (​អ្នកឃ្លាំមើល​ការ​ប្រឡង​) ព្រមទាំង​ជំនួយការ​អប្បមាទ​។​

​លោក រស់ សុ​វាចា បាន​បញ្ជាក់ថា សម្រាប់​ការ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំនេះ ក្រសួង​អប់រំ យុវជន និង​កីឡា នៅតែ​ប្រកាន់​ខ្ចប់​នូវ​គោលការណ៍​៤​រួមមាន គោលការណ៍​ច្បាប់ , យុត្តិធម៌ ,​តម្លា​ភាព និង លទ្ធផល​ទទួលយកបាន ដើម្បី​សម្រេច​គុណភាព​នៅក្នុង​ការប្រឡង ឆ្លើយតប​ទៅ​នឹង​ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង និង​លើកកម្ពស់​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស សម្រាប់​ការ​រីកចម្រើន​វិស័យសេដ្ឋកិច្ច​ឆ្នាំ​២០៣០ និង​២០៥០​ខាងមុខនេះ​។​

ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ណែនាំ​ដល់​អគ្គស្នងការ​នគរ​បាល​ជាតិ អភិបាល​រាជធានី ខេត្ត និង​ស្នងការ​នគរបាល​រាជធានី ខេត្ត​ទាំង​អស់​ចូលរួម​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្អ​ប្រសើរ ធ្វើយ៉ាងណា​ឲ្យ​ការ​ប្រលង​មធ្យម​សិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១៩-២០ ខែ​សីហា ឆ្នាំ​២០១៩ ខាងមុខនេះ ទទួល​បាន​លទ្ធផល​ល្អប្រសើរ​។​

​គួរ​បញ្ជាក់​ថា ​បេក្ខជន​ចូលរួម​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​មាន​ចំនួន​១១៩,២១៧​នាក់ នារី​ជាង​៦​ម៉ឺន​នាក់​, បេក្ខជន​មាន​ពិការភាព​មាន​ចំនួន​៥​នាក់​កើនឡើង​ចំនួន​៥៨៥២​នាក់ និង​មណ្ឌល​ប្រឡង​វិញ​មាន​ចំនួន​២០២​មណ្ឌល កើន​ឡើង​៦​មណ្ឌល បើ​ធៀប​ឆ្នាំ​២០១៨៕

ដោយ ៖ សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114