ព័ត៍មានទាន់​ហេតុការណ៏
Search

សិង្ហ​បុរី​ប្រគល់​លុយរាប់​លាន​ដុល្លារ​ដែល​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ទៅ​ឲ្យ​ម៉ាឡេស៊ី​វិញ

ប៉ូលិស​និយាយថា ប្រទេស​សិង្ហ​បុរី​ បាន​ប្រគល់​ទៅ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​វិញ​នូវ​ទឹកប្រាក់​ជិត​៤០​លាន​ដុល្លារ​ដែល​ត្រូវ​រឹបអូស​បានជា​ប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ដែល​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ផ្តួលរំលំ​រដ្ឋាភិបាល​ញាំញី​ដោយ​អំពើពុករលួយ​របស់លោក Najib Razak។

សិង្ហ​បុរី​គឺជា​ប្រទេសមួយ​ក្នុងចំណោម​បណ្តា​ប្រទេស​ជាច្រើន​ដែល​បើក​ការស៊ើបអង្កេត​ចូលទៅក្នុង​ការចោទប្រកាន់​ថា លុយរាប់​ពាន់​លាន​ដុល្លារ​ត្រូវបាន​គេ​លួច​យក​ចេញពី​មូលនិធិ 1MDB របស់​ម៉ាឡេស៊ី​នៅក្នុង​រឿងអាស្រូវ​មួយ​ដែល​លាតសន្ធឹង​ពី​អាស៊ី​ដល់​សហរដ្ឋអាមេរិក​។​

​ប៉ូលិស​សិង្ហ​បុរី​បាន​និយាយថា នាយកដ្ឋាន​ពាណិជ្ជកម្ម​របស់​ពួកគេ​បានដាក់​ពាក្យស្នើសុំ​ប្រគល់​ទឹកប្រាក់​ប្រហែល​៥០.៣​លាន​ដុល្លារ​សិង្ហ​បុរី (៣៧​លាន​ដុល្លារ​) ដែល​រឹបអូស​បាន​ទាក់ទង​នឹង​មូលនិធិ 1MDB ទៅ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​វិញ​ហើយ​តុលាការ​បានផ្តល់​ការយល់ព្រម​។​

ពួកគេ​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា “​ផ្នែក​មួយ​នៃ​ប្រាក់​នេះ​ត្រូវបាន​ផ្ទេរ​ទៅ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​រួចទៅហើយ​ខណៈដែល​ប្រា​ក់នៅ​សេសសល់​កំពុងដំណើរកា​រ​ដោយ​ធនាគារ​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ ប៉ូលិស​មិនបាន​និយាយ​ទេ​ថា​តើ​ប្រាក់​នេះ​ត្រូវបាន​រឹបអូស​ពី​កន្លែង​ណា​។​

​ការស៊ើបអង្កេត​របស់​សិង្ហ​បុរី​ទៅលើ​មូលនិធិ 1MDB បាន​ផ្តោតទៅលើ​ការចោទប្រកាន់ថា ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់ខ្លួន​ត្រូវបាន​ប្រើប្រាស់​ដើម្បី​លាង​លុយ​មួយចំនួន​ដែល​លួចបាន​ពី​មូលនិធិ​នេះ​។​

មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយ​នេះ​បាន​ដាក់គុក​ធនាគារិក​សញ្ជាតិ​ស្វី​សម្នាក់​និង​ធនាគារិក​ឯកជន​សិង្ហបូរី​បីនាក់​សម្រាប់​តួនាទី​របស់​ពួកគេ​នៅក្នុង​រឿងនេះ​។​

សិង្ហ​បុរី​ក៏បាន​បិទ​សាខា​ក្នុងស្រុក​នៃ​ធនាគារ​ស្វី​ស​ចំនួន​ពីរ​ផង​ដែរ​ ដែល​ត្រូវ​បាន​គេ​ចោទ​ថា ​បាន​ប្រើ​ដើម្បី​ផ្ទេរ​មូលនិធិ​ខុសច្បាប់​សម្រាប់​អ្វី​ ដែល​និយ័ត​ករ​ហៅថា​ជាការ​ចន្លោះប្រហោង​ដ៏​ធំ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114