ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Putin និយាយថា នឹង​ធ្វើការ​ ដើម្បី​ស្តារ​ទំនាក់ទំនង​ជាមួយ​អ៊ុយ​ក្រែ​ន​ឡើងវិញ

លោក​ប្រធានាធិបតី Vladimir Putin កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា ប្រទេស​រុស្ស៊ី​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើការ​ជាមួយ​គណបក្សនយោបាយ​ណាមួយ​ដើម្បី​ស្តារ​ទំនាក់ទំនង​ជាមួយ​ទីក្រុង​គៀវ​ឡើងវិញ​នៅពេល​លោក​ជួប​ជាមួយ​អ្នកនយោបាយ​គាំទ្រ​វិមាន​ក្រឹម​ឡាំង​ម្នាក់​មុន​ការបោះឆ្នោត​សភា​អ៊ុយ​ក្រែ​ន​។​

​មេដឹកនាំ​រុស្ស៊ី​រូបនេះ​បានរៀបចំ​កិច្ចពិភាក្សា​នៅ​ទីក្រុង Saint Petersburg ជាមួយ​លោក Viktor Medvedchuk ដែលជា​អ្នកនយោបាយ​អ៊ុយ​ក្រែ​ន​គាំទ្រ​ទីក្រុង​មូ​ស្គូ​និង​ជា​អ្នកជំនួញ​ម្នាក់​ដែល​បាន​អះអាងថា លោក Putin គឺជា​ឪពុកធម៌​របស់​កូនស្រី​គាត់​។​

​លោក Putin បាន​ប្រា​ប់លោក Medvedchuk ថា “​បញ្ហា​នៃ​ការបន្ត​ឡើងវិញ​នៃ​ទំនាក់ទំនង​រុស្ស៊ី – អ៊ុយ​ក្រែ​ន​គឺមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​យើង​ហើយ​យើង​នឹង​សហការ​ជាមួយ​គណបក្សនយោបាយ​ណាមួយ​រួមទាំង​គណបក្សនយោបាយ​របស់​អ្នក​ផងដែរ​ដើម្បី​បន្ត​ទំនាក់ទំនង​យ៉ាង​ពេញទំហឹង​”​។​

​ប្រទេស​អ៊ុយ​ក្រែ​ន​នឹង​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​នេះ​ដើម្បី​ជ្រើសរើស​សភា​ថ្មី​។​

​គណបក្ស​គាំទ្រ​ក្រុង​មូ​ស្គូ Opposition Platform របស់លោក Medvedchuk គឺ​ស្ថិតនៅ​លំដាប់​ទី​ពីរ​ក្នុងការ​ស្ទាបស្ទង់​មតិ​ដោយមាន​អ្នកគាំទ្រ​រហូតដល់​ទៅ​១៤​ភាគរយ​។​

​ទំនាក់ទំនង​រវាង​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​បាន​ល្អក់កករ​បន្ទាប់ពី​ការបះបោរ​បង្ហូរឈាម​បាន​បណ្តេញ​របប​គាំទ្រ​ដោយ​វិមាន​ក្រឹម​ឡាំង​ក្នុង​ទីក្រុង​គៀវ​កាលពី​ឆ្នាំ​២០១៤​ដែលជា​ហេតុ​ជំរុញ​ឲ្យ​ទីក្រុង​មូ​ស្គូ​កាត់​យក​ឧបទ្វីប Crimea និង​គាំទ្រ​ក្រុម​បះបោរ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​នៅក្នុង​ជម្លោះ​មួយ​ដែល​បានសម្លាប់​មនុស្ស​ប្រហែល​១៣,០០០​នាក់​។​

​ទីក្រុង​គៀវ​និង​ប្រទេស​លោកខាងលិច​បាន​ចោទប្រកាន់ថា វិមាន​ក្រឹម​ឡាំង​បានដាក់​ពង្រាយ​អាវុធ​និង​ទាហាន​នៅ​ទូទាំង​ព្រំដែន​ដើម្បី​គាំទ្រ​ក្រុម​បះបោរ​។​

​ប្រទេស​រុស្ស៊ី​បាន​ប្រឈមមុខ​នឹង​ការដាក់ទណ្ឌកម្ម​ជាច្រើន​ពី​ប្រទេស​លោកខាងលិច​ប៉ុន្តែ​តែងតែ​បដិសេធ​ពី​ការផ្តល់​ការគាំទ្រ​ផ្នែក​យោធា​ដល់​ពួក​បះបោរ​បើទោះបី​ជាមាន​ភ័ស្តុតាង​ផ្ទុយគ្នា​ក៏ដោយ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114