ព័ត៍មានទាន់​ហេតុការណ៏
Search

ភាព​តានតឹង​ក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​ កើន​ឡើង​នៅ​ពេល​អាមេរិក​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់

ភាព​តានតឹង​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក្ស​បាន​កើន​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅពេលដែល​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និយាយ​ថា នាវា​កងទ័ពជើងទឹក​អាមេរិក​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់​មួយ​គ្រឿង​ ដែល​គំរាម​នាវា​នៅ​ពេល​វា​ចូល​ក្នុង​ច្រក​សមុទ្រ Hormuz។

​លោក Trump បានប្រកាសថា នាវាចម្បាំង USS Boxer បាន​ចាត់វិធានការ​ការពារ​ប្រឆាំងនឹង​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់​នៅពេល​វា​កំពុង​គំរាមកំហែង​ដល់​សុវត្ថិភាព​របស់​នាវា​និង​នាវិក​។​

​លោក Trump បាន​និយាយថា យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​ត្រូវបាន​កម្ទេច​ភ្លាមៗ​បន្ទាប់ពី​វា​ចូលក្នុងរង្វង់​៩១៤​ម៉ែត្រ​នៃ​នាវា Boxer​។​

​លោក​បន្តថា “​នេះ​គឺជា​សកម្មភាព​នៃ​ការបង្ក​ហេតុ​និង​ប្រទូសរ៉ាយ​ចុងក្រោយបង្អស់​របស់​អ៊ីរ៉ង់​ប្រឆាំងនឹង​នាវា​ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​ដែនទឹក​អន្ដរជាតិ​។ សហរដ្ឋអាមេរិក​សូម​រក្សា​សិទ្ធិ​ក្នុងការ​ការពារ​បុគ្គលិក ទីតាំង​និង​ផលប្រយោជន៍​របស់​យើង​ហើយ​សូម​អំពាវនាវ​ដល់​ប្រទេស​ទាំងអស់​ឲ្យ​ថ្កោលទោស​ចំពោះ​ការប៉ុនប៉ង​របស់​អ៊ីរ៉ង់​ដើម្បី​រំខាន​ដល់​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​និង​ពាណិជ្ជកម្ម​ជាស​កល​”​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកការទូត​ជាន់ខ្ពស់​របស់​ទីក្រុង​តេ​អេ​រ៉ង​លោក Mohammad Javad Zarif បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា លោក​មិន​ទទួលបាន​ព័ត៌មាន​អំពី​ការបាត់​យន្តហោះ​គ្មាន​មនុស្ស​បើក​ទេ​។​

​ការបាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​បាន​កើតឡើង​បន្ទាប់ពី​មានការ​វាយប្រហារ​ជា​បន្តបន្ទាប់​ក្នុង​តំបន់​ដែល​គេ​ស្តីបន្ទោស​លើ​កងកម្លាំង​របស់​ទីក្រុង​តេ​អេ​រ៉ង់​ដោយ​រួមទាំង​ការដាក់​គ្រាប់មីន​លើក​ប៉ាល់​ដឹក​ប្រេង​ជាច្រើន​គ្រឿង​និង​សកម្មភាព​របស់​អ៊ីរ៉ង់​នៅក្នុង​ប្រទេស​ស៊ី​រី​និង​យេ​មែន​ផងដែរ​។​

​កាលពី​ខែឧសភា មន្ទីរ​បញ្ច​កោណ​បានប្រកាស​អំពី​ការដាក់​ពង្រាយ​ក្រុម​នាវា​ផ្ទុក​យន្តហោះ​មួយ​និង​កងកម្លាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅកាន់​ដែនទឹក​ក្បែរ​ប្រទេស​អ៊ីរ៉ង់​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​ដោយ​កងកម្លាំង​របស់រ​បប​អ៊ីរ៉ង់​។

ទីក្រុង​តេ​អេ​រ៉ង់​ បាន​បាញ់​ទម្លាក់​យន្តហោះ​ចារកម្ម​ គ្មាន​មនុស្ស​បើក​របស់​អាមេរិក​កាលពី​ខែមិថុនា​ដែលជា​ហេតុ​ជំរុញ​ឲ្យ​លោក Trump បញ្ជាការ​វាយប្រហារ​អា​កាស​ប្រឆាំង​អ៊ីរ៉ង់។ ប៉ុន្តែ​គាត់​បាន​បញ្ឈប់​វិញ​នៅ​នាទីចុងក្រោយ​ដោយនិយាយ​ថា ផែនការ​នេះ​មិនមាន​លក្ខណៈ​សម​ហេតុ​សម​ផល​ទេ​ហើយ​ជនរងគ្រោះ​នឹងមាន​ច្រើន​៕ AFP

ដោយ​ ៖ ​វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114