ព័ត៍មានទាន់​ហេតុការណ៏
Search

ដំណាំ​ស្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ចុងកាល់ ​ជួប​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​​៨៨០​ហិកតា​

ឧត្ដរមានជ័យ​ ៖ រដ្ឋបាល​ខេត្ត​ឧត្ដរមានជ័យ នៅ​ថ្ងៃទី​១៩​កក្កដា​នេះ បាន​ប្រកាស​ថា ដោយ​មើល​ឃើញ​ពី​ផល​លំបាក​របស់​ប្រជាកសិករ ដែល​កំពុង​ខ្វះខាត​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ លោក ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ និង លោក ស៊ី ប្រា​សិទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អម​ដំណើរ លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ដំណាំ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ ចំនួន​៨៨០​ហិតា ដែល​រង​នូវ​ការខ្វះខាត​ដោយ​គ្រោះរាំងស្ងួត នៅ​ក្នុង​ឃុំ​ជើងទៀន ឃុំ​ចុងកាល់ និង​ឃុំ​ពង្រ ស្ថិត​ក្នុង​ស្រុក​ចុង​កាល់ ខេត្ត​ឧត្ដរមានជ័យ ​ ដោយបាន​ដាក់​ម៉ាស៊ីនបូមទឹក ដើម្បី​ជួយសង្គ្រោះ​ដំណាំ​ស្រូវ​ប្រជាក​សិករ នៅ​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៩។​

ក្នុងនោះ ​លោក​ទេសរដ្ឋមន្ត្រី គន់ គីម បាន​លើកឡើងថា ដោយសារតែ​រយៈពេល​កន្លងមក​នេះ បញ្ហា​គ្រោះរាំងស្ងួត បានធ្វើ​ឲ្យ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ ចំនួន​៣​ឃុំ ក្នុងស្រុក​ចុងកាល់ គឺ ​ប្រឈម​ទៅ​នឹង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់ ដូចនេះ ថ្នាក់​ដឹង​នាំ​ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន កំពុងតែ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ ដើម្បី​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការ​ដាក់​ម៉ាស៊ីន​បូម​ពី​អាង​ស្តុក​ទឹកស្ទឹង​ស្រែង​ទី​១ និង​អាង​ស្ទឹង​ស្រែង​ទី​២ ព្រមទាំង​កាយ​ប្រឡាយ​បង្ហូរទឹក ក្នុងការ​ជួយ​សង្គ្រោះ និង​ត្រូវការ​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​ឲ្យ​ទាន់ពេលវេលា​។​

នាឱកាស​ចុះ​ពិនិត្យមើល​ម៉ាស៊ីន​បូមទឹក និង​ដំណាំ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ លោក គន់ គីម បាន​ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​មន្ទីរ​ធនធាន​ទឹក ធ្វើយ៉ាងណា​ត្រូវ​រក​វិធី​ដើម្បី​ជួយសង្គ្រោះ​ដំណាំ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ​ពី​ភាពខ្វះខាត​ទឹក ដោយ​រិះរក​គ្រប់​មធ្យោបាយ​តាម​ដែល​អាចធ្វើ​ទៅបាន​។ ជាមួយគ្នា​នោះ លោក​អភិបាលខេត្ត បាន​បញ្ជា​ឲ្យ​ក្រុមការងារ​យក​ម៉ាស៊ីន​បូមទឹក​ចំនួន​៥​គ្រឿង ដើម្បី​បូមទឹក​ជួយសង្គ្រោះ​ស្រូវ​បងប្អូន​ប្រជាកសិករ ដែល​កំពុងតែ​ត្រូវការ​ទឹក​សម្រាប់​ស្រោច​ស្រព​ដំណាំ​ស្រូវ​របស់​ពួកគាត់​ផង​ដែរ៕

​ដោយ ​៖​ ចាន់ ធី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114