ព័ត៍មានទាន់​ហេតុការណ៏
Search

គូ​សត្រូវ​លោក Duterte ផ្ទុះ​កំហឹង ​ខណៈ​ដែល​ប៉ូលិស​ហ្វីលីពីន​ប្តឹង​ចោទប្រកាន់​ពី​បទ​បង្ក​ការបះបោរ

គូប្រជែង​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បានបង្ហាញ​ពី​ភាព​តក់ស្លុត​និង​កំហឹង​កាលពី​ថ្ងៃ​សុក្រ​នៅពេលដែល​ប៉ូលិស​ធ្វើការ​ចោទប្រកាន់​មនុស្ស​រាប់សិប​នាក់​ពីបទ​បង្ក​ចលាចល​។​

​បុគ្គល​ប្រឆាំង​ចំនួន​៣៦​នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​បង្ខូចកេរ្តិ៍​ឈ្មោះ​និង​បង្ក​ការបះបោរ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ដោយសារ​ការបង្កើត​វីដេអូ​តាម​អន​ឡាញ​មួយចំនួន​មុន​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​កាលពី​ខែឧសភា​។​

​វីដេអូ​ទាំងនេះ​បង្ហាញ​ពី​បុរស​ម្នាក់​ដែល​និយាយថា លោក Duterte និង​សមាជិកគ្រួសារ​របស់គាត់​គឺមាន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។​

​ក្រោយមក បុរស​ម្នាក់​នោះបាន​ប្រគល់​ខ្លួន​និង​បង្ហាញខ្លួន​ជាមួយ​ប៉ូលិស​តាម​កញ្ចក់​ទូរទស្សន៍​ដោយនិយាយ​ថា ការអះអាង​របស់គាត់​គឺ​មិន​ពិត​ទេ​ហើយ​ថា គាត់​ត្រូវបាន​បញ្ចុះបញ្ចូល​ឲ្យ​បង្កើត​វីដេអូ​នេះ​ដោយ​សមាជិក​គណបក្សប្រឆាំង​។ បុរស​រូបនេះ​បាន​និយាយថា អ្នក​ទាំងនោះ​រួមមាន​អនុ​ប្រធានាធិបតី មេធាវី អាចារ្យ​កាតូលិក អតីត​អគ្គ​រដ្ឋអាជ្ញា​ព្រមទាំង​អតីត​តំណាងរាស្ត្រ​និង​សមាជិកសភា​នាពេល​បច្ចុប្បន្ន​។​

​ក្រសួងយុត្តិធម៌​កំពុង​ពិនិត្យមើល​ពាក្យបណ្តឹង​នេះ​ដែលជា​វិធានការ​ចុងក្រោយ​បំផុត​ប្រឆាំងនឹង​អ្នក​រិះគន់ លោក Duterte​។ ក្រុម​អ្នក​រិះគន់​បាន​និយាយថា គោលបំណង​នេះ​គឺ​បង្កើត​អំណាច​ផ្តាច់មុខ​សម្រាប់​ប្រធានាធិបតី​ដែល​ទទួលបាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា​និង​អត្រា​គាំទ្រ​សាធារណៈ​ប្រហែល​៨០​ភាគរយ​រួចទៅហើយ​។​

​លោក Duterte បាន​អះអាងថា លោក​ស្វាគមន៍​ជានិច្ច​ចំពោះ​ការជំទាស់​នានា​ប៉ុន្តែ​មិនបាន​បង្ហាញ​ការភ័យខ្លាច​អំពី​ការ​គំរាម​ពី​អ្នក​រិះគន់​ទេ​ខណៈដែល​លោក​បាន​និយាយ​កាលពី​ខែ​មុន​ថា លោក​នឹង​ដាក់គុក​ពួកគេ​ប្រសិនបើ​ពួកគេ​ព្យាយាម​ចោទប្រកាន់​លោក​។​

​អ្នកនាំពាក្យ​ប្រធានាធិបតី​លោក Salvador Panelo បាន​និយាយថា លោក Duterte មិន​ពាក់ព័ន្ធ​នឹង​ការប្ដឹង​ពីបទ​បង្ក​ការបះបោរ​របស់​ក្រុមប៉ូលិស​នោះទេ​។​

​លោក​បាន​ប្រាប់​ទូរទស្សន៍ ANC ថា “​យើង​មិនមាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​រឿងនេះ​ទេ​។ សូម​ឲ្យ​តុលា​ការធ្វើការងារ​របស់​ខ្លួន”។

ទន្ទឹម​នោះ លោក Antonio Trillanes ដែលជា​អតីត​សមាជិក​ព្រឹទ្ធសភា​និង​ជា​អ្នក​រិះគន់​ខ្លាំង​បំផុត​លើ​លោក Duterte បានចាត់ទុក​ពាក្យបណ្តឹង​នេះ​ថា​ជា “​ការ​ធ្វើទុក្ខបុកម្នេញ​និង​ការយាយី​ផ្នែក​នយោបាយ​” ជាមួយ​គោលបំណង​រារាំង​ការប្រឆាំង​៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114