ព័ត៍មានទាន់​ហេតុការណ៏
Search

តួឯក​ល្ខោន​បាសាក់​ ហៀបនឹង​ឡើង​សម្ដែង​លើ​ឆាក​ទៅ​ហើយ​ បែរជា​ត្រូវ​ចោរលួច​ម៉ូតូ​បាត់

​ភ្នំពេញ ៖ តួឯក​ល្ខោន​បាសាក់​វ័យ​២០​ឆ្នាំ​ ក្នុង​រឿង​សូរិយា​អស្ដង្គត ដែល​បានមក​សម្ដែង​រៃអង្គាស​រក​ថវិកា ​ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​វង់​ល្ខោនបាសាក់​របស់​ខ្លួន ខណៈ​កំពុង​រៀបចំ​សម្ដែង​ហើយ​នោះ​ ស្រាប់​តែ​មានការ​ភ្ញាក់ផ្អើល​ឆោឡោឡើង​ថា​ មាន​ចោរលួច​ម៉ូតូ​ចំ​របស់​តួឯកល្ខោន​បាសាក់​ ទើប​តួឯក​នោះ​ផ្អាក​ការសម្ដែង​សិន ​ព្រោះ​បែក​អារម្មណ៍​ខ្ទេចខ្ទី​អស់​ហើយ ​និង​បាន​ចុះ​ដើរ​ម៉ូតូ​របស់ខ្លួន តែ​រក​មិន​ឃើញ​បាន​ធ្វើ​ដំណើរ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​ចោមចៅ​២​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍។​

ហេតុការណ៍​នេះ ​មានការ​ភ្ញាក់ផ្អើល​ឡើង ​កាលពី​យប់ ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ជនរងគ្រោះ​មានឈ្មោះ ជី​ម សុធា​រី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​សិល្បករ​ល្ខោនបាសាក់ មាន​ស្រុកកំណើត​នៅ ភូមិ​ស្វាយ​អាត់​លើ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។​

តួឯក​ល្ខោន​បាសាក់​ដែល​រងគ្រោះ​ ត្រូវ​ចោរលួច​យក​ម៉ូតូ​បាន​ប្រកាស​ផ្សព្វផ្សាយ​ថា ម៉ូតូ​ដែល​បាត់​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CZ-8857។​

ជនរងគ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា គាត់​បានមក​សម្ដែង​ល្ខោនបាសាក់​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើនេះ បាន​មួយ​សប្ដាហ៍​មក​ហើយ ដើម្បី​រៃអង្គាស​ថវិកា​ផ្គត់ផ្គង់​ក្រុម​ល្ខោន​ដែល​កំពុង​ខ្វះខាត ។ គាត់​បន្តថា រឿង​ដែល​ត្រូវ​សម្តែង​ជូន​អ្នកទស្សនា គឺ​រឿង «​សូរិយា​អស្ដង្គត​» ។​

នៅ​យប់កើតហេតុ​នេះ​ ខណៈ​គាត់​កំពុង​តុបតែង​ខ្លួន​ដើម្បី​សម្ដែង​បន្ដទៀត ស្រាប់តែ​គេ​មក​ប្រាប់​ថា​ម៉ូតូ​ត្រូវ​ចោរលួច​បាត់​ហើយ ទើប​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង​នាំគ្នា​ដើរ​រក​នៅក្នុង​បរិវេណ​ក្បែរៗ​នោះ ​តែ​រក​មិនឃើញ ទើប​គាត់​សម្រេចចិត្ត​មកកាន់​ប៉ុស្តិ៍​នគរបាល​ ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ក្រែង​អាច​រក​ឃើញ​វិញ។​

ទោះជា​យ៉ាង​ណា ​តួឯកល្ខោន​បាសាក់​ថា​ គាត់​គ្មាន​អារម្មណ៍​សម្ដែង​បន្ដទៀត​ទេ ព្រោះ​ចោរលួច​បាត់​ម៉ូតូ​១​គ្រឿង​ទៅហើយ​ បើទោះជា​ឡើងទៅ​សម្ដែង​វិញ ​ក៏​មិន​ចូល​តួ​បាន​ល្អ​ដែរ ព្រោះ​ពេលនេះ​បែក​អារម្មណ៍​ខ្ទេចខ្ទី​ដូច​មាន់​ជាន់​ខ្ទឹម​ទៅ​ហើយ៕

ដោយ ៖ វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114