ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​នគរបាល​ចរាចរណ៍ ​ដែល​ខិតខំ​បំពេញការងារ​ជូន​ពលរដ្ឋ​

​ភ្នំពេញ ៖ លោក​ចេង មុនី​រ៉ា​ អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ ​កាលពី​រសៀល​ថ្ងៃទី​១៨​កក្កដា​នេះ ​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​នគរបាល​សណ្ដាប់ធ្នាប់ ​និង​ចរាចរណ៍​ខណ្ឌ ​រួមទាំង​លោកនាយ​ប៉ុស្តិ៍​ទាំង​៨​។​

​លោក​ចេង មុនី​រ៉ា បាន​មានប្រសាសន៍ថា ​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ ​លោក​សង្កេតឃើញ​កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌ​ និង​បណ្ដា​ប៉ុស្តិ៍​ទាំង​៨​ បាន​ខិតខំ​បំពេញការងារ​ចុះ​រៀបចំ​សម្រួល​ចរាចរណ៍​តាម​ដង​ផ្លូវ​ ដែល​កំពុង​កកស្ទះ​ចរាចរណ៍​។​ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍​ គឺ​ ដោយសារ​នៅ​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់​កំពុង​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រោម​ដី​ដោយ​ខាង​ក្រុមហ៊ុន​ បាន​បិទ​ផ្លូវ​មួយចំណែក ​ឆ្ពោះ​ទៅ​កាន់​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។​

​លោក​ចេង មុនី​រ៉ា បានបញ្ជាក់​ជូន​មន្ត្រី​នគរបាល​ចរាចរណ៍​ខណ្ឌ​ថា​ ដើម្បី​សម្រួល​ការ​ធ្វើ​ចរាចរណ៍ ​គឺ​លោក​បានដាក់​កម្លាំង​ប្រជា​ការពារ​សាលាខណ្ឌ​ និង​សាលាសង្កាត់ ​ដោយមាន​ការចូលរួម​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ចុះ​សម្រួល​ចរាចរណ៍​តាម​ដងផ្លូវ ​ធ្វើយ៉ាងណា​ឲ្យ​ការ​ធ្វើ​ចរាចរណ៍​បាន​ដោយ​រលូន​។​ ប៉ុន្តែ​ទោះជា​យ៉ាងណា ​ក៏​ពុំ​អាច​ធ្វើ​ដំណើរ​បាន​ទៅតាម​ការ​ចង់បាន​របស់​អ្នក​ដំណើរ​ដែរ​ ព្រោះ​រថយន្ត​ និង​ម៉ូតូ​ បាន​ទៅ​កកស្ទះ​នៅ​ចំណុច​រង្វង់​មូល​ក្បាលថ្នល់​ទៅ​ហើយ​។​

​លោក​អភិបាលខណ្ឌ​ ក៏បាន​ធ្វើការ​កោតសរសើរ​ដល់​កម្លាំង​នគរបាល​សណ្ដាប់ធ្នាប់​ខណ្ឌ​ច្បារអំពៅ ​គឺ​បាន​ដាក់​កម្លាំង​នៅតាម​ដងផ្លូវ​ ពិសេស​នៅ​ចំណុច​ភ្លើងស្តុប​ដើម្បី​ទប់ស្កាត់​រាល់​អ្នក​ប្រព្រឹត្តិ​បទ​ល្មើស​ចរាចរណ៍​ដែល​បើ​តាម​របាយការណ៍​ប្រចាំថ្ងៃ​ គឺជា​រៀងរាល់ថ្ងៃ​ គឺ​នគរបាល​យើង​បាន​ចាប់​ផាក​ពិន័យ ​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ​និង​មិន​ដាក់​កញ្ចក់​មើល​ក្រោយ​មិន​ក្រោម​៥០​គ្រឿង ក្នុង​មួយ​ថ្ងៃៗ​។​

​ក្នុង​ពិធី​សំណេះសំណាល​នេះដែរ​ លោក​ ចេង មុនី​រ៉ា អភិបាល ​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​នាំយក​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក​ផ្តល់​ដល់​កម្លាំង​នគរបាល​សណ្ដាប់ធ្នាប់​ខណ្ឌ​ និង​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​៨ ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ ​ដោយ​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​១០០,០០០​រៀល​ទៀត​ផង​៕

ដោយ ៖ ​ន​រា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114