ព័ត៍មានទាន់​ហេតុការណ៏
Search

អូស្ត្រាលី​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ឃុំ​ឃាំង​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ចិន

រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា​កាលពី​ថ្ងៃ​សុក្រ​បាន​និយាយ​ថា ខ្លួន​មានការ​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការ​ឃុំឃាំង​ព្រហ្មទណ្ឌ​របស់​អ្នកនិពន្ធ​កូនកាត់​ចិន​-​អូស្ត្រាលី​ម្នាក់​នៅក្នុង​ប្រទេស​ចិន​ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដោះលែង​គាត់​វិញ​ប្រសិនបើ​គាត់​ត្រូវបាន​ឃុំឃាំង​ដោយសារតែ​ទស្សនៈ​នយោបាយ​របស់គាត់។

​លោកស្រី Marise Payne រដ្ឋមន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី​បាន​និយាយថា ប្រទេស​របស់លោក​ស្រី​បានទទួល​ការបញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា លោក Yang Henjun ដែល​ត្រូវបាន​អាជ្ញាធរ​ចិន​ឃុំឃាំង​ចាប់តាំងពី​ខែមករា​មក​នោះ​គឺ​ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​ឃុំឃាំង​ព្រហ្មទណ្ឌ​ដោយសារ​បញ្ហា​សន្តិសុខ​ជាតិ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ប្រើពាក្យ​ធ្ងន់ៗ លោកស្រី Payne បាន​និយាយថា រដ្ឋាភិបាល​បានលើកឡើង​អំពី​ករណី​របស់លោក Yang ម្តង​ហើយ​ម្តងទៀត​ជាមួយ​ទីក្រុង​ប៉េកាំង​នៅ​កម្រិត​ខ្ពស់​ហើយ​បាន​សរសេរ​ពីរដង​ហើយ​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​ចិន​ដោយ​ស្នើសុំ​ឲ្យ​មាន​ដំណោះស្រាយ​យុត្តិធម៌​និង​តម្លាភាព​ក៏ដូចជា​ការទទួលបាន​មេធាវី​របស់គាត់​ផងដែរ​ប៉ុន្តែ​រឿងនេះ​មិនទាន់​កើតឡើង​ទេ​។​

​លោកស្រី​បាន​បន្ថែមថា “​រដ្ឋាភិបាល​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​សុខុមាលភាព​របស់លោក Yang និង​លក្ខខណ្ឌ​ដែល​គាត់​ត្រូវបាន​គេ​ឃុំឃាំង​”​។​

​លោកស្រី Payne បាន​និយាយថា លោកស្រី​នៅតែ​មិនទាន់​ទទួលបាន​ការបំភ្លឺ​ណាមួយ​នៅឡើយ​ទេ​អំពី​មូលហេតុ​ដែល​លោក Yang ត្រូវបាន​គេ​ឃុំឃាំង​។ លោកស្រី​បន្តថា “​ប្រសិនបើ​គាត់​ត្រូវបាន​ឃុំខ្លួន​ដោយសារតែ​ទស្សនៈ​នយោបាយ​របស់គាត់​នោះ គាត់​គួរតែ​ត្រូវបាន​ដោះលែង​វិញ​”​។​

​គួរ​បញ្ជាក់ថា អ្នកនិពន្ធ​និង​ជា​អ្នកតស៊ូ​មតិ​លទ្ធិប្រជាធិបតេយ្យ​រូបនេះ​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ទីតាំង​សម្ងាត់​មួយ​ចាប់តាំងពី​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ខែមករា​, ក្នុង​រយៈពេល​ខ្លី​បន្ទាប់ពី​វិលត្រឡប់​មកកាន់​ប្រទេស​ចិន​វិញ​ពី​កន្លែង​ស្នាក់នៅ​បច្ចុប្បន្ន​របស់គាត់​នៅក្នុង​សហរដ្ឋអាមេរិក​។​

ក្រសួងការបរទេស​ក្នុង​ទីក្រុង​ប៉េកាំង ​បាន​និយាយ​នៅ​ពេល​នោះ​ថា គាត់​ត្រូវ​បាន​គេ​សង្ស័យ​ថា ​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​របស់​ប្រទេស​ចិន​ដែល​ពាក្យ​នេះ​ជារឿយៗ​គឺជា​ការ​បង្កប់​ន័យ​នៃ​ការចោទប្រកាន់​ពី​បទ​ចារកម្ម​៕ AFP

ដោយ ​៖ ​វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114