ព័ត៍មានទាន់​ហេតុការណ៏
Search

សារ​របស់​អ្នកនយោបាយ​មួយ​ចំនួន ដែល​បញ្ឆេះ​កំហឹង​ពូជសាសន៍ កំហឹង​វណ្ណៈ នៅ​ក្នុង​សង្គម គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​នាំ​ឲ្យ​មាន​អំពើ​ហិង្សា កាប់សម្លាប់​នៅ​តាម​ដង​ផ្លូវ​

​ភ្នំពេញ ​៖ លោក ជិន ម៉ា​លីន អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែង​ថា​ សារ​នយោបាយ​របស់​អ្នកនយោបាយ​មាន​សារៈសំខាន់​ណាស់ ពីព្រោះ​មាន​សារ​របស់​អ្នកនយោបាយ​មួយចំនួន​មាន​ភាព​ចាក់​ដោត បញ្ឆេះ​កំហឹង​ពូជសាសន៍ បញ្ឆេះ​កំហឹង​វណ្ណៈ អ្នកក្រ អ្នកមាន ស្អប់​យួន ស្អប់​ចិន ជាដើម ដែល​អាច​បង្ក​ចលាចល​នៅ​ក្នុង​សង្គម ដូច្នេះ​សារ​ទាំងអស់នេះ ជា​លទ្ធផល​ចេញ​មក គឺ​អំពើហិង្សា​កាប់សម្លាប់​នៅតាម​ដងផ្លូវ​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន ថ្លែង​បែបនេះ នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​របាយការណ៍​ស្ដីពី “​តុលាការ​ប្រជាជន​” ការ​បង្ការ និង​ការ​ឆ្លើយតប​ទៅ​នឹង “​ការ​កាត់ទោស​ដោយ​មហា​ជន​” ដែល​បាន​រៀបចំឡើង​ដោយ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា (UNOHCHR) កាលពី​រសៀល​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ​។​

​លោក ជិន ម៉ា​លីន អះអាងថា កម្មវិធី​នេះ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ទប់ស្កាត់​ការសម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​វា​ជា​ជំងឺ​សង្គម​នៅ​កម្ពុជា​។

បើតាម​លោក ជិន ម៉ា​លីន បញ្ហា​នេះ​មិនមែន​ទើបតែ​កើតឡើង​នោះទេ គឺ​កើតឡើង​តាំងពី​យូរណាស់​មកហើយ ដូច្នេះ​វា​ជា​ជំងឺ​សង្គម​ដែល​យើង​ត្រូវតែ​រួមគ្នា​ទប់ស្កាត់​។ ដោយសារ​តែ​មូលហេតុ​នេះ​ហើយ ទើប​គណៈកម្មាធិការ​សិទ្ធិមនុស្ស​យល់ព្រម​ភ្លាម តាម​សំណើ​របស់​អង្គការសហប្រជាជាតិ ក្នុងការ​ធ្វើ​ស្ព​ត​រូបភាព​ និង​ការផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​ផ្សេងៗ ហើយ​សកម្មភាព​នេះ ស្របទៅតាម​អ្វី​ដែល​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កំពុង​ធ្វើ​។ ចំណែក​រាជរដ្ឋាភិបាល ក៏​បាននិងកំពុង​យកចិត្តទុកដាក់​ផងដែរ លើ​បញ្ហា​នេះ និង​បាន​អនុវត្ត​ការងារ​ជាច្រើន តាមរយៈ​ស្ថាប័ន​ជំនាញ​នីមួយៗ​ដូចជា ក្រសួងយុត្តិធម៌ ក្រសួង​មហាផ្ទៃ និង​ក្រសួង​ពាក់ព័ន្ធ​ដទៃទៀត ក្នុងការ​ផ្សព្វផ្សាយ ទាក់ទង​ទៅនឹង​ច្បាប់​, គោល​ការណ៍​សិទ្ធិមនុស្ស ការសម្លាប់​មនុស្ស និង​អំពើហិង្សា​តាម​ដងផ្លូវ​ជាដើម។​

​ជាមួយគ្នា​នោះ រដ្ឋាភិបាល​ ក៏បាន​ធ្វើការ​ពង្រឹង និង​អនុវត្ត​ច្បាប់​ផងដែរ ទាំង​នគរបាល​យុត្តិធម៌ និង​យន្តការ​ នៃ​ការកាត់ក្តី នៅពេល​ឡើងទៅ​ដល់​តុលាការ​ជាដើម ដោយ​ខិតខំ​យក​ជន​ដៃដល់​ទាក់ទង​នឹង​បញ្ហា​នេះ​យកមក​ផ្ដន្ទាទោស​។

លោក​អះអាងថា មានពេលខ្លះ យើង​ចាប់បាន ហើយ​ពេលខ្លះ​ក៏​ចាប់​មិនបាន ដោយសារតែ​ស្ថាន​ភាព​អំពើហិង្សា​នោះ ពេលខ្លះ​មាន​មនុស្ស​ច្រើន ទាំង​ហ្វូង ហើយ​យើង​ពិបាកធ្វើ​ការកត់សម្គាល់​អត្តសញ្ញាណ​របស់​អ្នកប្រព្រឹត្ត​ពិតប្រាកដ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ យើង​ខិតខំ​ប្រឹងប្រែង ដើម្បី​យប់​អ្នក​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​នា​ពេល​កន្លងមក​រួចហើយ​។​

​តាម​លោក ជិន ម៉ា​លីន ការងារ​នេះ យើង​បានធ្វើ​តាំងពី​យូរ​មក​ហើយ តែ​ដោយសារ​តែ​ពីមុន ប្រពន្ធ​ព័ត៌មាន​មិនសូវ​ទូលំទូលាយ អង្គការសហប្រជាជាតិ ក៏​មិនបាន​យល់ មិនបាន​ដឹង ទើប​នាំ​ឲ្យ​មានការ​យល់​ច្រឡំ​។ តែ​នៅ​រយៈពេល​ចុងក្រោយ​នេះ មាន​បណ្ដាញ​ព័ត៌មាន​សង្គម​រីកចម្រើន ហើយ​ព្រឹត្តិ​ការណ៍​នេះ ត្រូវបាន​ផ្សព្វផ្សាយ​ព្រមៗ​គ្នា ទើប​ធ្វើ​ឲ្យ​សកម្មភាព​នេះ​បាន​ផ្សព្វផ្សាយ​ដោយ​ទូលំទូ​លាយ​។​

​ជាមួយនឹង​បញ្ហា​ខាងលើនេះ លោក ជិន ម៉ា​លីន បានលើកឡើង​ពី​ករណី​មួយ ដែល​បាន​កើតឡើង​កាល​ខែមីនា ឆ្នាំ​២០១៨ ជា​ព្រឹត្តិការណ៍​មួយ​គួរ​ឲ្យ​សោកស្ដាយ ហើយ​ហេតុការណ៍​នោះបាន​កើត​ឡើង​ដោយ​ហ្វូងមនុស្ស​បាន​ព្រួត​គ្នា​វាយ​ទៅលើ​បញ្ញវន្ត​មួយរូប ដែល​មិនមាន​កំហុស​ ដោយ​គ្រាន់តែ​មានការ​សង្ស័យថា បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ប៉ុន្តែ​តាមពិត​មិនមាន​ទាល់តែសោះ ហើយ​នាំគ្នា​វាយ​អ្នកបើករថយន្ត​រហូត​ជិត​ស្លាប់​។ ក្រោយមក​សមត្ថកិច្ច​បា​ន​បាន​នាំយក​នូវ​ជនដៃដល់ ដែល​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​មក​ផ្ដន្ទាទោស​មាន​ចំនួន​៧​នាក់ ត្រូវបាន​ផ្ដន្ទាទោស​ពីបទ​បង្ក​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស ហើយ​ក្នុង​នោះ​៣​រូប កំពុង​អនុវត្ត​ទោស និង​៤​រូប​ទៀត​ កំពុងតែ​តាម​ចាប់ខ្លួន​។​

​លោក ជិន ម៉ា​លីន លើកឡើង​ទៀតថា ក្រោយពី​អំពើហិង្សា​នេះ​បាន​កើតឡើង​នៅ​មិនទាន់មាន​ឃើញ​អំពើហិង្សា​ណាមួយ​កើតឡើង​ទៀត​នោះទេ ពីព្រោះ​ជនដៃដល់ ​ត្រូវបាន​យកមក​ផ្ដន្ទាទោស​តាមច្បាប់ ហើយ​មានការ​ផ្សព្វផ្សាយ​ទូលំទូលាយ​។ ដូច្នេះ​មានន័យថា កន្លងមក​យើង​ក៏បាន​ធ្វើ​ការងារ​ច្រើន​ដែរ តែ​វា​ជា​ជំងឺ​រ៉ាំរ៉ៃ​របស់​សង្គម​។ ជាមួយគ្នា​នោះ វិធានការ​ក៏​មិនទាន់បាន​គ្រប់គ្រាន់ ដូច្នេះ​មានពេលខ្លះ​ក៏ត្រូវ​ខ្វះចន្លោះ​។

លោក​បញ្ជាក់ថា បញ្ហា​នេះ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់ ប្រសិនបើ​យើង​មិនបាន​ដោះស្រាយ​នោះទេ ហើយ​ព្រឹត្តិការណ៍​នៃ​ការសម្លាប់​មនុស្ស ព្រឹត្តិការណ៍​នៃ​អំពើហិង្សា​ក្រៅ​ប្រព័ន្ធ​តុលាការ នឹង​ក្លាយជា​ទម្លាប់​នៅក្នុង​សង្គម ហើយ​អ្នកបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ទោះ​ចង់ ឬ​មិន​ចង់ គឺ​ត្រូវ​រត់​គេច​សិន បើ​ចង់​ចុះ​ដោះស្រាយ ក៏​មិន​ហ៊ាន​ចុះ​ដែរ ត្រូវតែ​គេចខ្លួន​ទៅ​រក​ទីតាំង​សុវត្ថិភាព​សិន​។ ដូច្នេះ​ជា​ការ​ដោះស្រាយ មានតែ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង ហើយ​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួកគាត់​បានដឹងថា ករណីបែបនេះ គឺជា​បទល្មើស ដែល​ត្រូវតែ​ចូលរួម​ទាំងអស់គ្នា​។​

​ចំណុច​មួយទៀត គឺ​ការចូលរួម​ពី​អ្នកនយោបាយ។ តាម ​លោក ជិន ម៉ា​លីន សារ​នយោបាយ​របស់​អ្នកនយោបាយ មាន​សារសំខាន់​ណាស់ ដែល​អាច​បញ្ឆេះ​កំហឹង​ពូជសាសន៍ កំហឹង​វណ្ណៈ​នៅ​ក្នុង​សង្គម ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ប្រើ​អំពើ​ហិង្សា ដោយសារ​នយោបាយ​មួយចំនួន​មាន​លក្ខណៈ​ចាក់​ដោត ធ្វើ​យ៉ាងម៉េច​ឲ្យ​មាន​កំហឹង​ជាតិ សាសន៍ កំហឹង​វណ្ណៈ បង្ក​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​សង្គម បង្ក​បាតុ​កម្ម ឲ្យ​ខ្មែរ​ស្អប់​យួន ស្អប់​ចិន អ្នកស្រែ​ស្អប់​អ្នក​ទីក្រុង អ្នកក្រ​ស្អប់​អ្នកមាន​ជាដើម​។ ដែល​សារ​ទាំង​អស់ បាន​ផល​ចេញមក គឺ​អំពើហិង្សា​កាប់សម្លាប់​នៅតាម​ដងផ្លូវ​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូបនោះ បាន​លើក​ជា​ឧទាហរណ៍ លើ​ករណី​ លោក​បណ្ឌិត ស៊ុយ សារ៉េត សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​កម្ពុជា​ជាដើម ដែល​នៅពេលនោះ មាន​អ្នក​ស្រែក​ថា​ គាត់​ជា​ចិន (​ឃើញ​ស​ភ្នែក​តឹង​) ហើយក៏​ព្រួត​គ្នា​វាយ​គាត់​រហូត​ជិត​ស្លាប់​។ មិនតែប៉ុណ្ណោះ អ្នក​ស្រែក​ថា ជា​យួន ក៏​គេ​វាយ​ឲ្យ​សម្លាប់​ដែរ ដូច្នេះ​ការ​បញ្ឆេះ​កំហឹង​ពូជសាសន៍​ ហើយ​ស្អប់ខ្ពើម​ពូជសាសន៍​របស់​អ្នក​នយោបាយ​មួយចំនួន​ចេញ​លទ្ធផល​មក​ គឺ​បែបនេះ​។ ការ​បញ្ឆេះ​កំហឹង​រូប​ រវាង​ វណ្ណៈ​អ្នកមាន ​និង​អ្នកក្រ រវាង​អ្នកមាន​ឡាន​ទំនើប ជាមួយ​ម៉ូតូ​ជាដើម ជាបឋម​ គឺ​គេ​ដាក់បន្ទុក​ឲ្យ​អ្នក​ដែលមាន​រថយន្ត​ទំនើប ​ប៉ុន្តែ​មិនបាន​ពិចារណា​ថា អ្នកណា​ជា​អ្នកប្រព្រឹត្ត​បទល្មើស ​ដូច្នេះ​កំហឹង​វណ្ណៈ កំហឹង​ជាតិ​សាសន៍​នេះ ឈាន​ទៅ​ឲ្យ​បែកបាក់​នៅក្នុង​សង្គម ហើយ​ផលរប​ស់វា គឺ​អំពើហិង្សា​ការសម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​។​

​សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា (UNOHCHR) បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​របាយការណ៍​ស្តីពី “​តុលាការ​ប្រជាជន​” ការ​បង្ការ និង​ការឆ្លើយតប​ទៅ​នឹង “​ការកាត់ទោស​ដោយ​មហា​ជន​” នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ ដែល​ពិធី​នេះ​មានការ​ចូលរួម​ពី​អ្នកពាក់ព័ន្ធ​យ៉ាងច្រើន​។​

​បើតាម UNOHCHR របាយការណ៍​នេះ​រៀបរៀងឡើង​ដោយ​ផ្អែកលើ​ភាព​ជាក់ស្តែង គឺ​ចុះ​ដល់ទី​កន្លែង ចាប់ពី​ខែមករា ឆ្នាំ​២០១៧ ដល់​ខែធ្នូ ​ឆ្នាំ​២០១៨ ហើយ​ផ្អែកលើ​ព័ត៌មាន​ដែល​ប្រមូលបាន ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​ចុះបញ្ជី​នៃ​ករណី​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៨ សរុប​ទាំងអស់​មាន​ចំនួន​៧៣​ករណី​។ ក្នុងចំណោម​៥៧​ករណី​មាន​២២​ករណី ត្រូវបាន​សម្លាប់ បន្ទាប់ពី​មានការ​ចោទប្រកាន់​ពី​ការប្រព្រឹត្ត​មិនល្អ​នៅក្នុង​សង្គម លួច ឬ​បទល្មើស​ដទៃទៀត រួមទាំង​គ្រោះថ្នាក់​ចរាចរណ៍​ផង និង​មាន​៣៥​ករណី ត្រូវបាន​សម្លាប់ បន្ទាប់ពី​មានការ​ចោទប្រកាន់​ពី​អំពើ​អាប​ធ្មប់​។ ១៦​ករណី​ទៀត ត្រូវបាន​រងរបួស ដោយ​ការ​យាយី​៕

ដោយ ៖ កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114