ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​កូរ៉េខាងត្បូង​ម្នាក់​សម្លាប់ខ្លួន ​ស្របពេល​ជម្លោះ​ជាមួយ​ជប៉ុន​កាន់តែ​ក្តៅគគុក

បុរស​ជនជាតិ​កូរ៉េខាងត្បូង​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​សុក្រ​បន្ទាប់ពី​ដុត​ខ្លួនឯង​នៅ​ខាងក្រៅ​ស្ថានទូត​ជប៉ុន​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​ខណៈ​ជម្លោះ​ការទូត​ជុំវិញ​សំណង​ពលកម្ម​ដោយ​បង្ខំ​សម័យ​សង្គ្រាម​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​។​

​ជម្លោះ​នេះ​បានធ្វើ​ឲ្យ​ទីក្រុង​តូ​ក្យូ​រឹតត្បិត​ការនាំចេញ​សារធាតុ​គីមី​សំខាន់​ទៅ​ឲ្យ​ឧស្សាហកម្ម​បន្ទះ​ឈី​ប​និង​ស្មា​ត​ហ្វូ​ន​ឈានមុខ​របស់​ទីក្រុង​សេ​អ៊ូ​ល​។​

​អាជ្ញាធរ​និយាយថា បុរស​ម្នាក់​ក្នុង​វ័យ​៧០​ឆ្នាំ​បាន​ដុត​ខ្លួនឯង​នៅ​ខាងក្នុង​រថយន្ត​របស់​គាត់​ដែល​ចត​នៅមុខ​អគារស្ថាន​ទូត​ហើយ​ក្រោយមក​បាន​ស្លាប់​បន្ទាប់ពី​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​។ អាជ្ញាធរ​បន្ថែមថា ហ្គាស​ចំនួន​២០​កំប៉ុង​ក៏ត្រូវ​បាន​គេ​រកឃើញ​នៅក្នុង​រថយន្ត​នេះ​ផងដែរ​។​

​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​បាន​និយាយថា ឪពុកក្មេក​រប​ស់បុរ​ស​រងគ្រោះ​គឺជា​ជនរងគ្រោះ​នៃ​ពលកម្ម​ដោយ​បង្ខំ​សម័យ​សង្គ្រាម​នៅ​ប្រទេស​ជប៉ុន​។​

​ការធ្វើអត្តឃាត​របស់​គាត់​បាន​កើតឡើង​ចំពេល​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ក្នុង​ទីក្រុង​តូ​ក្យូ​អំពី​ជម្លោះ​នេះ​ដែល​ក្រុមអ្នកវិភាគ​និយាយថា អាច​ប៉ះពាល់​ដល់ទី​ផ្សារ​បច្ចេក​វិទ្យា​សកលលោក​។​

​លោក Taro Kono បាន​ជំរុញ​ឲ្យ​ទីក្រុង​សេ​អ៊ូ​ល​ចាត់វិធានការ​កែតម្រូវ​ភ្លាមៗ​បន្ទាប់ពី​តុលាការ​ជាន់ខ្ពស់​កូរ៉េខាងត្បូង​ចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ដែល​ប្រើប្រាស់​ពលកម្ម​ដោយ​បង្ខំ​ឲ្យ​ទូទាត់​សំណង​ដល់​ជនរងគ្រោះ​។​

​ប្រទេស​ជប៉ុន​និយាយថា បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​រួចទៅហើយ​នៅក្រោម​កិច្ចព្រមព្រៀង​មួយ​ដែល​បាន​ចុះហត្ថលេខា​បន្ទាប់ពី​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​មាន​លក្ខណៈ​ធម្មតា​ឡើងវិញ​។​

​ក្រសួងការបរទេស​ក៏បាន​ព្រមាន​ផងដែរ​ថា ខ្លួន​នឹង​ចាត់វិធានការ​ចាំបាច់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​

​ស្របពេល​ជាមួយគ្នា​នោះ ក្រុង​តូ​ក្យូ​បាន​ស្នើសុំ​ឲ្យ​កូរ៉េខាងត្បូង​រៀបចំ​កិច្ចប្រជុំ​អាជ្ញាកណ្តាល​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្តីពី​បញ្ហា​នេះ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114