ព័ត៍មានទាន់​ហេតុការណ៏
Search

ឡាន​ក្រឡុក​ស៊ីម៉ងត៍ ​បើក​បុក​ស្ត្រី​អ្នក​ជិះ​កង់​ដាច់​ខ្លួន​ជា​ពីរ​កំណាត់ ហើយ​ឡាន​ស្ដា​រ៉ិច​ជនជាតិ​ចិន​បើក​មក​កិន​សព​បន្ថែម​ទៀត​

ភ្នំពេញ ​៖​ ស្ត្រី​ជា​អ្នក​ជិះ​កង់​ម្នាក់​ ខណៈ​ជិះ​កង់​ត្រឡប់​មកពី​ទិញ​ម្ហូប​នៅ​ផ្សារ​វិញ ត្រូវ​បាន​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ​បើក​មក​បុក​ កិន​ទាំង​កំរោល ​បណ្ដាល​ឲ្យ​ដាច់​ខ្លួន​ជា​ពីរ​កំណាត់ ហើយ​ភ្លាមៗនោះ​ក៏ត្រូវ​រថយន្ដ​ម៉ាក​ស្ដា​រ៉ិច ​បើកបរ​ដោយ​ជនជាតិ​ចិន​មក​កិន​សព​បន្ថែមទៀត។ ចំណែក​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​គេចខ្លួន ​តែ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់​បាន កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ភ្លើងស្តុប​២០០៤ កែង​ផ្លូវ​សហព័ន្ធ​រុស្សី ភូមិ​តា​ងួន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

ស្ត្រី​រងគ្រោះ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ ស្លៀកខោ​ក្រណាត់​ផ្កា​ជើងវែង ពាក់អាវ​ដៃ​វែង ពណ៌​ប្រផេះ ជិះ​កង់​ពណ៌​ខៀវ មាន​ថង់ ម្ហូប​អាហារ។ ចំណែក​រថយន្ត​បង្ក ម៉ាក CHENGLONG ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 5A-2386 ប្រភេទ​ដឹក​បេតុង អ្នកបើកបរ រត់​គេច​ខ្លួន​បាត់ បន្សល់ទុក​រថយន្ត​ចោល​ពី​កន្លែង​កើតហេតុ ប្រហែល​៥០០​ម៉ែត្រ។​

តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ស្ត្រី​រងគ្រោះ បាន​ជិះ​កង់​ចេញពី​ផ្សារ​សិន​ជូ​រី មាន​ថង់​ត្រី សាច់ ម្ហូបអាហារ ធ្វើដំណើរ​ពី​កើ​តទៅ​លិច លុះ​ដល់​ចំណុច​ភ្លើងស្តុប​ខាងលើ ស្រាប់​តែមាន​ឡាន​ដឹក​បេតុង បើក​ពី​ត្បូង​ទៅ​ជើង ជ្រុល​មក​បុក​ស្ត្រី​រងគ្រោះ កំពុង​ជិះ​កង់ បណ្តាល​ឲ្យ​ស្លាប់ ដាច់​ខ្លួន​ជា​២​កំណាត់ ហើយ​បើក​ទៅ​ហួស​ផុត​សព​បាន​បន្ដិច ត្រូវ​បាន​រថយន្ត ម៉ាក​ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​លេខ ភ្នំពេញ 2AM-6234 បើកបរ​ដោយ​ជនជាតិ​ចិន ដែល​បើក​ស្រប​ទិស​គ្នា តាម​ពីក្រោយ​ជាន់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​មក​កិន​សព​បន្ថែម​ទៀត ហើយ​អ្នកបើកបរ​ចុះ​រត់​គេច​ខ្លួន​បាត់​ដែរ។

រថយន្ត​បង្ក​ដឹក​ល្បាយ​បេតុង ទោះជា​ព្យាយាម​បើក​រត់​យ៉ាងណាក្តី ត្រូវបាន​សមត្ថកិច្ច ដេញតាម​ឃាត់ បាន​រថយន្ត តែ​អ្នកបើកបរ លោត​រត់គេចខ្លួន​ទៅ​បាត់ ចំណែក​រថយន្ត​ទី​២ ស្តា​រិច ត្រូវ​បាន​សមត្ថកិច្ច ឃាត់​នាំទៅ​ផ្នែក​ជំនាញ​ជា​បណ្ដោះអាសន្ន​សិន។​

ក្រោយ​កើតហេតុ សាកសព​ ត្រូវបាន​សមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​បន្ត​ស្រាវ​ជ្រាវ​ស្វែងរក​សាច់ញាតិ ​រីឯ​រថយន្ត​ដឹក​បេតុង ​និង​រថយន្ត​ស្តា​រិច ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​ក្រុងភ្នំពេញ ដើម្បី​កសាង​សំណុំ​ដោះស្រាយ​តាម​នីតិវិធី៕

ដោយ ៖ ​វិទូ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114