ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ​អង​ រី​ ព្រះរាជអាជ្ញា​រង​ខេត្ត​កោះកុង​ ត្រូវ​ប្រពន្ធ​តាម​ទាន់​ពេល​យក​ស្រី​មក​ដេក​ផ្ទះសំណាក់​ស្រែ​នាង ​ផ្អើល​ទាំង​យប់

ភ្នំពេញ ​៖ ​ស្ត្រី​ជា​ប្រពន្ធ​ដើម​តាម​ទាន់​ប្តី​របស់ខ្លួន​មាន​តួនាទី​ជា​ព្រះរាជអាជ្ញា​រង​ខេត្ត​កោះកុង​ ដែល​បាន​នាំយក​ស្រី​ស្នេហ៍​មក​ដេក​ផ្ទះសំណាក់​ស្រែ​នាង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ភូមិ​ទាំង​កណ្តាល​អធ្រាត្រ ​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់ ​ថ្ងៃទី​១៨ ​ខែកក្កដា ​ឆ្នាំ​២០១៩​ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ​ ខណ្ឌ​ចំការមន​ ដោយ​ឈឺ​ចិត្តនឹង​ទង្វើ​ប្តី​ ស្ត្រី​ជា​ប្រពន្ធ​បោះ​ពាក្យ​សម្ដី​ ថា​អា​ក្របី​ឲ្យ​ពាក់​មកុដ​ពាក់​មិនកើត​ទេ ​ព្រោះ​ទើស​ស្នែង​។​

ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ​កល​ ចាន់​កញ្ញា​ អាយុ​៣១​ឆ្នាំ​ មុខរបរ​អាជីវករ ​រស់នៅ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ មានកូន​ស្រី​ម្នាក់​ជា​ចំណងដៃ​ ជាមួយ​ប្ដី​របស់គាត់​ឈ្មោះ​អង ​រី​ អាយុ​៣៦​ឆ្នាំ​ ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​ព្រះរាជអាជ្ញា​រង​ នៃ​សាលាដំបូង​ខេត្ត​កោះកុង​។​

តាម​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់ថា ​កន្លងមក​ កាលពី​៤​ឆ្នាំមុន ​គាត់​បាន​តាមដាន​ទាន់​ប្ដី​មាន​ស្ត្រី​រួច​ម្ដង​ហើយ ​តែ​នាង​ថា​មិន​ចង់​មានរឿង​វែងឆ្ងាយ​ នាំ​ឲ្យ​បែកបាក់​គ្រួសារ ​ទើប​ចេះតែ​អប់រំ ​ណែនាំ​ និង​លើក​លែង​ មិន​ប្រកាន់ទោស​អូស​ដំណើរ​អី​ទេ​។ ​តែ​ក្រោយមក​ បុរស​ជា​ប្ដី​ បាន​ដាក់​ពាក្យសុំ​លែងលះ​​​នាង​ជា​ប្រពន្ធ​ ក្រោម​ហេតុផល​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ តែ​ចាប់តាំងពី​ការ​ដាក់​ពាក្យសុំ​លែងលះ​នោះ​មក​មិនទាន់​លែងលះ​ដាច់ស្រេច​នៅឡើយ​ទេ​។​

ដោយសារ​តែ​នាង​មិន​អស់ចិត្ត​នឹង​ទង្វើ​របស់​ប្ដី​ ហើយ​ម្យ៉ាងទៀត​ដោយសារ​មាន​សារ​បែប​អនាមិក​បាន​ផ្ញើ​សារ​ចូលមក​គាត់​ តែង​ប្រាប់​នាង​ថា ​ប្ដី​នាង​មាន​គូ​ដណ្ដឹង​ថ្មី​ហើយ ​ទើប​នាង​តាមដាន​បន្ដ​ទៀត​ហើយក៏​តាម​ទាន់​ឃើញ​គាត់​មក​ដេក​ផ្ទះសំណាក់​ស្រែ​នាង​ប្រាកដ​មែន ​តែ​នាង​បាន​បញ្ជាក់ថា ​ប្ដី​របស់​នាង​ជំនាញ​ណាស់​ខាង​ជម្លៀស​មនុស្ស​ កុំ​ឲ្យ​គេ​ចាប់​ភស្ដុតាង​បាន​បែបនេះ​ តែ​នាង​នៅតែ​ជឿជាក់​ថា​ គាត់​នាំ​ស្រី​មក​ដេក​មិនមែន​មក​ដេក​ជាមួយ​មនុស្ស​ប្រុស​ទេ​។ ​នៅពេល​ប្រពន្ធ​តាម​ទាន់​បែបនេះ ​គេ​ឃើញ​លោក​អង​ រី​ ខំ​បើកឡាន​ម៉ាក​ព្រូស​ចេញពីផ្ទះ​សំណាក់​យ៉ាង​លឿន​ថយ​ប៉ះ​ឡាន​គេ​មួយ​គ្រឿង​ទៀត ​រួច​ទុក​ឡាន​នោះ​ចោល ​ក៏​រត់ចេញ​ទៅ​ដោយ​ថ្មើរ​ជើង​គេច​ចេញពី​កន្លែង​កើតហេតុ​នោះ​តែម្ដង​។​

នាង​ជា​ប្រពន្ធ​បាន​និយាយ​ត្មះតិះដៀល​សព្វបែបយ៉ាង​ដល់​លោក​អង ​រី​ ដោយ​ពោល​ពាក្យ​ថា ​អា​ក្របី​ឲ្យ​ពាក់​មកុដ​ពាក់​មិនកើត​ទេ​ ព្រោះ​ទើស​ស្នែង ​ដោយ​នាង​ចង់​ប្រៀបធៀប​ និង​បកស្រាយ​ថា​ នាង​បាន​ធ្វើ​ឲ្យ​លោក​អង ​រី ​មានមុខ​ មាន​មាត់​ ដោយសារ​ក្រុមគ្រួសារ​របស់​នាង​ជា​អ្នក​ផ្ចុងផ្ដើម​ និង​ទំនុក​បម្រុង​ដល់​គាត់​មានមុខ​ មាន​មាត់ ​ក្នុង​សង្គម​ បែរជា​រុះ​ស្ពាន​ចោល​ចោល​ទៅវិញ​។​

ក្នុងពេល​នោះដែរ ​ស្ត្រី​ជា​ប្រពន្ធ​ បាន​លើ​ដៃ​សំពះ​ស្នើ​សុំ ​សម្ដេច​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រើ​អភិក្រម​ទី​៥ ចំពោះ​ទង្វើ​ផិត​ក្បត់​របស់​ប្តី​របស់​នាង​ផង ​ព្រោះ​កន្លងមក​សម្ដេច​ធ្លាប់​មាន​ប្រសាសន៍​ថា មន្ត្រី​ណា​មាន​ប្រពន្ធ​ពីរ​បី​ ត្រូវ​ដកចេញ​ពី​តំណែង ដូច្នេះ​ហើយ​ទើប​នាង​ដង្ហោយ​ឲ្យ​ សម្ដេច ​ជួយ​អន្តរាគមន៍​ក្នុង​ករណី​លោក​ព្រះរាជអាជ្ញា​រង​ខេត្ត​កោះកុង​រូបនេះ​។​

ក្នុង​រយៈពេល​ចុងក្រោយ​នេះ ​គេ​សង្កេតឃើញ​ក្រុមមន្ដ្រី​មួយចំនួន​មិន​ចំពោះ​ផ្នែក​ណា​នោះ​ទេ ​កើត​មាន​នូវ​អំពើ​ផិត​ក្បត់​ជា​ហូរហែ​ ទាំង​មន្ត្រី​នៅ​ក្នុង​ក្រសួង​មន្ទីរ​ជា​អភិបាលខេត្ត​ និង​ជា​មន្ត្រី​តុលាការ​ផង​ដែរ ​មកដល់​លើក​នេះ ​បែរជា​ប្រពន្ធ​តាម​ទាន់​លោក​ព្រះរាជអាជ្ញា​រង​ខេត្ត​កោះកុង​ម្នាក់​ទៀតហើយ​មហាជន​ចាំមើល​ថា​ តើ​លោក​អង ​រី​មាម​ វាសនា​ដូច​លោក​សួន ​បរ​វ ​ឬ​លោក​ថៃ​ នរៈ​សត្យា​ដែរ​ឬទេ​?។

ពាក់ព័ន្ធ​ក្នុងករណី​ប្រពន្ធ​តាម​ទាន់​ថា​ប្ដី​នាំ​ស្រី​មក​ដេក​ផ្ទះសំណាក់​នេះ ​ភ្នាក់ងារ​អង្គភាព​គេហទំព័រ​យើងខ្ញុំ​មិនទាន់​អាច​សុំ​ការ​បកស្រាយ​ពី​ភាគី​ខាង​ប្ដី​របស់​នាង​ កល ច័ន្ធ​កញ្ញា​នេះ​បានទេ​ អង្គភាព​យើង​ខ្ញុំ​រង់ចាំ​ទទួល​នូវ​ការបកស្រាយ​ជានិច្ច​៕

ដោយ ៖ ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114