ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Ghosn ប្ដឹង​ក្រុមហ៊ុន Nissan និង Mitsubishi ពីបទ​រំលោភ​កិច្ចសន្យា

យោងតាម​ការចុះផ្សាយ​ពី​កាសែត​Le Figaro របស់​បារាំង​កាលពី​ថ្ងៃ​ពុធ​នេះ​ថា អតីត​មេដឹកនាំ​ក្រុមហ៊ុន​ផលិត​រថយន្ត​យក្ស លោក Carlos Ghosn ដែល​បច្ចុប្បន្ន​កំពុងស្ថិត​ក្នុងការ​ឃុំខ្លួន​នៅក្នុង​ផ្ទះ​នឹងដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន Nissan និង Mitsubishi នៅឯ​តុលាការ​ហូ​ឡង់​ពីបទ​បញ្ចប់​កុងត្រា​របស់លោក​ដោយ​មិន​ត្រឹមត្រូវ​។

​លោក​Ghosn នឹង​ចោទប្រកាន់​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ជ​ប៉ុន​មួយ​នេះ​ពីបទ​បំពាន​កុងត្រា​របស់លោក​ក្នុងនាម​ជា​បុគ្គលិក​ក្រុមហ៊ុន NMBV ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​រួម​របស់​ក្រុមហ៊ុន Nissan​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហូ​ឡង់ ហើយ​និង​ទាមទារ​សំណង​ដល់​ទៅ​១៥​លាន​អឺរ៉ូ (១៦,៨​លាន​ដុល្លារ​)​។ យោងតាម​អ្វីដែល​បាន​ចុះផ្សាយ​ក្នុង​កាសែត​ខាងលើ​។​

​អតីត​មេដឹកនាំ​ក្រុមហ៊ុន Renault និង​ជា​ដៃគូ​ក្រុមហ៊ុន​ជប៉ុន Nissan​រូបនេះ កំពុង​រង់ចាំ​ការកាត់ទោស​នៅ​ប្រទេស​ជប៉ុន​ពីបទ​ប្រព្រឹត្ត​កំហុស​ផ្នែក​ហិរញ្ញវត្ថុ​។​

​លោក​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​អស់​រយៈពេល​ជាង​១០០ ថ្ងៃ មុនពេល​ត្រូវបាន​ធានា​ឱ្យនៅ​ក្រៅ​ឃុំ និង​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ជា​ថ្នាក់​គ្រប់គ្រង​របស់លោក​។​

​លោក Ghosn ត្រូវបាន​ចោទប្រកាន់​ពីបទ​រាយការណ៍​ប្រាក់ចំណូល​រាប់លាន​ដុល្លារ​របស់​ក្រុមហ៊ុន Nissan មិន​គ្រប់​ចំនួន និង​ពីបទ​ប្រើប្រាស់​ថវិកា​របស់​ក្រុមហ៊ុន​សម្រាប់​ចំណាយ​ផ្ទាល់ខ្លួន​។ ទោះជា​យ៉ាងណា លោក​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ទាំងនេះ​។​

​មេធាវី​របស់លោក​បាន​តវ៉ា​ថា ពេលដែល​លោក Ghosn បានដាក់​ពាក្យ​លាឈប់​ពី​ក្រុមហ៊ុន​Renault-Nissan BV (RNBV) នោះ លោក​មិន​បានធ្វើ​បែប​នោះ​ពី​ក្រុមហ៊ុន NMBV​ឡើយ ហើយ​ការបំពាន​លើ​កុងត្រា​គឺជា​រឿង​ដែល​មិន​ត្រឹមត្រូវ​ឡើយ​។​

​យោងតាម​សារព័ត៌មាន​ប្រចាំថ្ងៃ​បានឱ្យដឹងថា ក្រុមហ៊ុន Nissan និង​Mitsubishi បាន​អះអាងថា កិច្ចសន្យា​របស់លោក Ghosn​បាន​អស់​សុពលភាព​ហើយ ដោយសារតែ​វា​មិនត្រូវ​បានដាក់​បញ្ជូនទៅ​ដល់​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន NMBV ។​

​គួរ​បញ្ជាក់ថា អតីត​មេដឹកនាំ​ក្រុមហ៊ុន​ល្បីឈ្មោះ​វ័យ​៦៥​ឆ្នាំ​រូបនេះ​ត្រូវបាន​ចាប់ខ្លួន​នៅឯ​ប្រទេស​ជប៉ុន​ក្នុង​ខែវិច្ឆិកា ខណៈពេលដែល​លោក​ចុះ​ពី​យន្តហោះ​ផ្ទាល់ខ្លួន​របស់លោក​នៅ​ព្រលានយន្តហោះ​ក្រុង​តូ​ក្យូ​៕AFP

ដោយ ៖ តរុណី


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114