ព័ត៍មានទាន់​ហេតុការណ៏
Search

Instagram លាក់​ចំនួន Like លែង​បង្ហាញ​លើ​វេទិកា​របស់ខ្លួន​ទៀតហើយ

បណ្ដាញ​សង្គម Instagram បានចាប់ផ្តើម​លាក់​ចំនួន Likes នៅលើ​វេទិកា​របស់ខ្លួន​ក្នុងប្រទេស​អូស្ត្រាលី ប្រេ​ស៊ី​ល និង​បណ្ដា​ប្រទេស​ជាទី​ផ្សារ​ធំៗ ជាច្រើន​ទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​និយាយថា​ខ្លួន​ចង់​បន្ធូរ​សម្ពាធ​លើ​អ្នកប្រើប្រាស់ បន្ទាប់ពី​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​ផលប៉ះពាល់​របស់​វា​ទៅលើ​សុខភាព​ផ្លូវចិត្ត​។​

​នាយក​គោលនយោបាយ​ក្រុមហ៊ុន Facebook ប្រចាំ​នៅ​ប្រទេស​អូស្ត្រាលី​និង​នូ​វែ​ល​ហ្សេ​ឡង់ លោក Mia Garlick បានឱ្យដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា “​យើង​ចង់ឱ្យ Instagram ជា​កន្លែង​មួយ​ដែល​មនុស្ស​គ្រប់គ្នា​មាន​អារម្មណ៍​ថា​មាន​ផាសុកភាព​ក្នុងការ​បង្ហាញ​ពី​ខ្លួន​របស់​ពួកគេ​។​”

“​យើង​សង្ឃឹមថា​ការសាកល្បង​នេះ​នឹង​អាច​ដក​សម្ពាធ​រឿង​បាន Like ប៉ុន្មាន​ពេល​ផុស​ម្ដងៗ​នោះ​ចេញ ហេតុនេះហើយ​អ្នកនឹង​អាច​ផ្ដោតលើ​អ្វីដែល​អ្នក​ចង់​ចែករំលែក​បាន​យ៉ាង​ស្រួល​ចិត្ត​។​”

​មាន​ប្រទេស​មួយចំនួន​ដែល​ត្រូវ​ជាប់​ការសាកល្បង​ថ្មី​នេះ ដូចជា អូស្ត្រាលី អ៊ីតាលី អៀរ​ឡង់ ជប៉ុន ប្រេ​ស៊ី​ល និង​នូ​វែ​ល​ហ្សេ​ឡង់ ដែលជា​ការសាកល្បង​បន្ត​ពី​ប្រទេស​កាណាដា​ដែល​បាន​សាកល្បង​ដំបូង​គេ​នៅ​ខែឧសភា​។​

​ទោះបី​បណ្ដាញ​សង្គម​មួយ​នេះ​បាន​បញ្ជាក់ថា​ការ​លាក់​ចំនួន Like សម្រាប់​អ្នកប្រើប្រាស់​នេះ​គឺជា​ការសាកល្បង​ក្ដី តែ​កាលបរិច្ឆេទ​នៃ​ការបញ្ចប់​ការសាកល្បង​មិនត្រូវ​បានបង្ហាញ​ឱ្យដឹង​ឡើយ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114